របៀបធ្វើបាយដំណើបស្វាយទុំ រសជាតិដើម!

ក្រៅពីយកញ៉ាំជាមួយបាយ យើងក៏អាចច្នៃស្វាយទុំទៅជាបង្អែមប្លែកមាត់បានផងដែរ! អ៊ីចឹងពេលនៅផ្ទះទំនេរៗពីការងារ​ អ្នកទាំងអស់គ្នាអាចសាកធ្វើបាយដំណើបស្វាយទុំ សម្រាប់គ្រួសារនិង​មនុស្សជាទីស្រលាញ់បាន! ជាពិសេសរសជាតិបង្អែមនេះដឹងតែឆ្ងាញ់ជាប់ចិត្តតែម្តង!

#គ្រឿងផ្សំ:

បាយដំណើប

  • អង្ករដំណើប ១គីឡូ
  • ខ្ទិះដូង​ ៨០០មល
  • ស្ករស ១៥០ក្រាម
  • អំបិល ១ស្លាបព្រាកាហ្វេ

ទឹកខ្ទិះស្រូប និងផ្លែស្វាយ

  • ខ្ទិះដូង ២០០មល
  • អំបិល ១/៣ស្លាបព្រាកាហ្វេ
  • ផ្លែស្វាយទុំ
  • សណ្តែកបាយ ១០០ក្រាម

#របៀបធ្វើ:

បាយដំណើប

១.លាងអង្ករដំណើបអោយបានស្អាតល្អ បន្ទាប់មកត្រាំអង្ករនៅក្នុងទឹកប្រហែល៦ម៉ោង។

២. ដាំអង្ករដំណើបដោយប្រើកន្ត្រកចំហុយរយៈពេលប្រហែល ១៥នាទី បន្ទាប់ពីឆ្អិនហើយយកមកទុកមួយឡែក។

៣. ដាក់ខ្ទិះដូងចូលទៅក្នុងឆ្នាំងរួចបើកភ្លើងឱ្យក្តៅល្មម បន្ទាប់មកដាក់ស្ករ និង អំបិលចូលរួចកូរឱ្យសព្វល្អ ហើយទុករហូតដល់ទឹកខ្ទិះពុះទើបពន្លត់ភ្លើងចង្រ្កាន។

៤. យកបាយដំណើបដាក់នៅក្នុងចានគោម បន្ទាប់មកដាក់ស្ករ និង ខ្ទិះដូង​ចូលម្ដងបន្តិចរួចកូរឱ្យសព្វ។ បន្ទាប់មកយកបាយដំណើបទៅគ្របទុកអោយបានល្អដើម្បីកុំឱ្យបាយទៅជាស្រួយ។

ទឹកខ្ទិះស្រូប និងផ្លែស្វាយ

១. ដាក់ទឹកខ្ទិះនៅក្នុងឆ្នាំងមួយទៀត រួចបង់អំបិលចូលហើយបើកភ្លើងតិចៗ។ នៅពេលខ្ទិះពុះ ដួសដាក់ចានដោយឡែកទុកសម្រាប់ស្រូបពីលើបង្អែម។

២. បន្ទាប់មករំលីងសណ្តែកបាយនៅក្នុងខ្ទះរយៈពេល២-៣នាទី​​រហូតដល់ប្រែជាពណ៌មាស រួចទុកមួយឡែក​។

៣. សម្រាប់ផ្លែស្វាយត្រូវចិតសំបកឱ្យស្អាតរួចហាន់ជាចំណិតៗ។

៤. ជាចុងក្រោយ យកបាយដំណើបដាក់ចានរួចដាក់ស្វាយ ខ្ទិះដូង និងរោយសណ្តែងបាយពីលើជាការស្រេច៕ 

អត្ថបទគួរតែអានបន្ទាប់