សល់ស្វាយទុំនៅផ្ទះច្រើនមែន? មកច្នៃទុកឲ្យយូរទាំងអស់គ្នា ម៉ោះ!
រដូវស្វាយទុំដូចជាមិនទាន់អស់ចំហាយទេ។ នៅផ្ទះកំពុងសល់ស្វាយច្រើន ញ៉ាំមិនទាន់រលួយមែនទេ? អញ្ចឹងហើយ ទើបបានជា FoodBuzz មកប្រាប់ពីអាហារប៉ុន្មានមុខដែលអាចច្នៃចេញពីផ្លែស្វាយទុំបាន ដែលរួមមានដូចខាងក្រោម។
#1 ផែនស្វាយ
មួយមុខនេះ ទុកបានយូរ ហើយងាយស្រួលរក្សាទុកទៀត ទោះបីជាពេលធ្វើ ត្រូវចំណាយពេលវេលា និងកម្លាំងបន្តិចក៏ដោយ។
>>>វិធីធ្វើ ៖
- ចិតសំបកស្វាយ និងគ្រាប់ចេញ ហើយចិតយកតែសាច់
- កិន ឬ ឈូស ឲ្យម៉ដ្ឋ ឬ ចំណិតតូចៗតាមដែលអាចធ្វើបាន (បើរាងខាប់ពេក អាចដាក់ទឹកថែមតិចៗ)
- ដាក់រំងាស់ឲ្យពុះ (អាចដាក់អំបិល១/២ស្លាបព្រា ឬ មិនបាច់ក៏បាន) ហើយកូរជាប្រចាំប្រហែល ២០នាទី (បើទុកចោលមិនកូរយូរបន្តិច អាចនឹងខ្លោច) រហូតដល់ឡើងជើងអង្រ្កង
- លើកដាក់ចុះពីភ្លើង ហើយទុកអោយឲ្យត្រជាក់
- វាចដាក់លើផ្ទៃមិនស្អិត (ថាស ស្លឹកចេក ឬ ថង់ប្លាស្ទិច) តាមទំហំ និងរូបរាងដែលចង់បាន ដោយវាចឲ្យមានផ្ទៃស្មើល្អ
- បកយកដាក់ហាលថ្ងៃឲ្យស្ងួត និងក្រៀមល្អ (ប្រមាណ ១ថ្ងៃ ឬ ២ថ្ងៃ ទៅតាមកម្តៅថ្ងៃ)
- យករក្សាទុកក្នុងប្រអប់ ឬ កន្លែងសមរម្យជាការស្រេច។
#2 ដំណាប់ស្វាយ
កុំច្រឡំនឹងផែនស្វាយណា៎! ដំណាប់ស្វាយភាគច្រើនមានចំណិតរឹងជាង ហើយរសជាតិម្យ៉ាងម្នាក់ពីគ្នា
>>>វិធីធ្វើ ៖ (សម្រាប់ស្វាយ 5 ផ្លែ)
- ចិតសំបកស្វាយ និងគ្រាប់ចេញ ហើយចិតយកតែសាច់ជាចំណិតវែងៗ
- ដាក់ស្ករ 400 ក្រាម ចូលលាយជាមួយស្វាយ ហើយលាយថ្នមៗ (កុំឲ្យបែកសាច់ស្វាយ) ឲ្យសព្វ រួចទុកឲ្យស្កររលាយ (ប្រហែល 1 ម៉ោង)
- រម្ងាស់លើភ្លើងតិចៗ ជាមួយនឹងអំបិល 1 ស្លាបព្រាបាយ ដោយទុកឲ្យពុះប្រហែល 15 នាទី (កូរតិចៗយូរៗម្តង ដើម្បីកុំឲ្យខ្លោច)
- លើកទុកដាក់ឲ្យត្រជាក់
- ស្រង់យកចំណិតស្វាយដាក់ហាលថ្ងៃឲ្យស្ងួត (ប្រមាណ ១ថ្ងៃ ឬ ២ថ្ងៃ ទៅតាមកម្តៅថ្ងៃ)
- អាចញ៉ាំបែបហ្នឹងតែម្តង ឬ ក៏ប្រឡាក់ជាមួយម្សៅស្ករ (កិនស្ករសឲ្យម៉ដ្ឋ ឬ ទិញស្រាប់) សិន ក៏បាន
- យករក្សាទុកក្នុងប្រអប់ ឬកន្លែងសមរម្យជាការស្រេច។
#3 បាយដំណើបខ្ទិះស្វាយទុំ
>>>គ្រឿងផ្សំ ៖
- ស្វាយទុំ 1 ផ្លែ
- បាយដំណើប
- ខ្ទិះដូង 250 មីលីក្រាម
- ស្ករស 200 ក្រាម
- អំបិល ½ ស្លាបព្រាបាយ
-ម្សៅឆា ½ ស្លាបព្រាបាយ
>>>វិធីធ្វើ ៖
- ចិតសំបក និងគ្រាប់ស្វាយចេញ ហើយចិតជាចំណិតរួចទុកមួយឡែក
- ដាក់ទឹកខ្ទិះដែលនៅសល់កូរលើភ្លើងតិចៗ ជាមួយនឹងស្ករស 200 ក្រាម អំបិល ¼ ស្លាបព្រាបាយ
- កូររហូតដល់ពុះឆ្អិនល្អ
- ចាក់ចូលច្របល់ជាមួយនឹងបាយដំណើប រួចដាក់ចំហុយ 20-30 នាទី
- ដាក់ទឹកខ្ទិះ ½ ចានចង្កឹះកូរលើភ្លើងតិចៗ ជាមួយនឹងអំបិល ¼ ស្លាបព្រាបាយ
- លាយម្សៅឆា ជាមួយនឹងទឹកបន្តិច រួចចាក់ចូល ហើយកូររហូតដល់ឡើងខាប់
- ដួសបាយដំណើបដាក់ចាន រួចស្រោចទឹកខ្ទិះធ្វើក្រោយពីលើ ហើយញ៉ាំជាមួយស្វាយទុំជាការស្រេច។
#4 ទឹកស្វាយក្រឡុក
បើក្រឡុកតែផ្លែស្វាយ ដូចជាមិនសូវទំនង ចឹងថែមគ្រឿងតែតិចតួច ក៏អាចបានភេសជ្ជៈត្រជាក់ចិត្ត 1 កែវដែរ
>>>វិធីធ្វើ ៖ (សម្រាប់ស្វាយ 2 ផ្លែ)
- ចិតសំបក និងគ្រាប់ស្វាយចេញ រួចដាក់ចូលម៉ាស៊ីនក្រឡុក
- ចាក់ទឹកដោះគោស្រស់ ½ កែវ និងទឹកដោះគោខាប់ 1-2 ស្លាបព្រាបាយ (តាមចំណូលចិត្តនៃរសជាតិផ្អែម)
- កិនចូលគ្នាឲ្យម៉ដ្ឋ រួចដាក់ទឹកកកចូល ហើយកិនឲ្យសព្វ
- ចាក់ដាក់កែវញ៉ាំជាការស្រេច។
#5 ចាហួយស្វាយ
>>>គ្រឿងផ្សំ ៖
- ស្វាយទុំ 1 ផ្លែ
- ទឹកក្រូចច្របាច់ 1-2 ស្លាបព្រាបាយ
- ម្សៅសារ៉ាយ/ចាហួយ 1 កញ្ចប់
- ទឹក 450 មីលីក្រាម
- ស្ករស 10 ស្លាបព្រាបាយ
- អំបិល (1 ចិប)
- ខ្ទិះដូង 150 មីលីក្រាម
>>>វិធីធ្វើ ៖ (សម្រាប់ស្វាយ 1 ផ្លែ)
- ចិតសំបក និងគ្រាប់ស្វាយចេញ រួចដាក់ចូលម៉ាស៊ីនក្រឡុក លាយជាមួយនឹងទឹកក្រូច
- យកឆ្នាំងដាក់ទឹក 300 មីលចូល រួចដាក់ម្សៅសារ៉ាយ/ចាហួយចូល កូរឲ្យពុះ សឹមបន្ថយភ្លើង ហើយដាក់ស្ករស 5 ស្លាបព្រា និងទឹកស្វាយក្រឡុកចូល រួចកូរចូលគ្នាឲ្យសព្វ
- ចាក់ដាក់ចូលប្រអប់ កែវ ឬ ពុម្ព (តាមចំណូលចិត្ត) ហើយទុកឲ្យត្រជាក់
- យកឆ្នាំងដាក់ទឹក 150 មីលីលីត្រ រួចដាក់ម្សៅសារ៉ាយ/ចាហួយចូល កូរឲ្យសព្វពុះ ហើយដាក់ស្ករស 5 ស្លាបព្រាបាយ អំបិល និងខ្ទិះដូងចូល
- កូរចូលគ្នាឲ្យសព្វ រួចលើកចេញ
- ចាក់ពីលើចាហួយស្វាយ ទុកឲ្យត្រជាក់ជាការស្រេច។