ចង់បានអាយុវែងដូចសរសៃមី​ សាកធ្វើតាមរូបមន្ត «មីឆាអាយុវែង» នេះ!

ធ្លាប់លឺចិនៗនិយាយពីមីឆាអាយុវែងអត់? ហេតុអីបានគេដាក់ឈ្មោះថាមីអាយុវែងចឹង? ហើយគេសែនមីអាយុវែងធ្វើ​​​អីថ្ងៃចូលឆ្នាំចិនហ្នឹង? មីឆាអាយុវែងគឺតែងតែមានវត្តមានពេលសែនចូលឆ្នាំចិន ឬ ពិធីបុណ្យផ្សេងៗទៀត ព្រោះគេជឿថាពេលយើងញ៉ាំមីឆាអាយុវែងទៅ អាយុយើងនឹងវែងដូចសរសៃមីអញ្ចឹង ថ្ងៃនេះ CookBuzz ចង់ណែនាំបងប្អូនពីរបៀបឆាមីអាយុវែង​​​​ តែនេះគ្រាន់តែជារូបមន្តប្រចាំគ្រួសារទេណា៎! 

គ្រឿងផ្សំ: 

មីអាយុវែង​ (300g)

ស្លឹកគូឆាយ (50g)

សណ្ដែកបណ្ដុះ (100g)

ទឹកស៊ីអ៊ីវ (4 ស្លាបព្រាបាយ)

ប្រេងខ្យង​ (2 ស្លាបព្រាបាយ)

ទឹកក្ដៅអ៊ុនៗ​ (1ចានចង្កិះ)

ម៉្សៅស៊ុប (កន្លះស្លាបព្រាបាយ)

ស្ករស (2ស្លាបព្រាបាយ)

ខ្ទឹមសចិញ្ច្រាំ (1ស្លាបព្រាបាយ)

ប្រេងឆា (4ស្លាបព្រាបាយ)

សាច់ជ្រូកបីជាន់ (កន្លះគីឡូ)

វិធីធ្វើ:

1. ដាក់មីអាយុវែង​ត្រាំទឹកមុនឆារយៈពេល 20 ទៅ 30 វិនាទីរួចស្រង់ចេញដួសទុកមួយឡែក។ កាត់ស្លឹកគូឆាយប្រវែង 2 ថ្នាំងដៃ ហាន់សាច់ជ្រូកបីជាន់ជាចំណិតស្ដើងៗល្មម និង ចិញ្ច្រាំខ្ទឹមសពីរទៅបីកំពិស។  

2. ដាក់​​​​​​​​​​​ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកក្ដៅអ៊ុនៗ ម៉្សៅស៊ុប ស្ករស ខ្ទឹមចិញ្ច្រាំ​​ រួចកូរចូលគ្នាអោយសប់ដាក់ទុកមួយឡែក។ 

3. ដាក់ប្រេងឆាចូលខ្ទះ ដាក់សាច់ជ្រូកបីជាន់ចូល​ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំចូលកូរអោយសប់ជាមួយសាច់រហូតចេញពណ៌​ក្រហមរាងស្រគាំៗ រួចដាក់មីអាយុវែងចូលឆាត្រឡប់ចូលគ្នា រួចចាក់ទឹកជ្រលក់ដែលលាយរួចចូល បន្ទាប់មកដាក់ស្លឹកគូឆាយនិងសណ្ដែកបណ្ដុះចូល កូរអោយចូលជាតិគ្នាសប់​ រួចដួសដាក់ចានជាការស្រេច។

ងាយស្រួលធ្វើ​ ចំណាយអស់តិច ហើយឆ្ងាញ់ទៀត​​ កុំភ្លេចសាកធ្វើនៅផ្ទះទាំងអស់គ្នាណា៎!

អត្ថបទគួរតែអានបន្ទាប់