ពេលព្រឹកជាហាងកាហ្វេ ពេលរសៀលជាភោជនីយដ្ឋានបែបបារ ងាយណាបានស្គាល់!
ហាងកាហ្វេរាប់មិនអស់ក្នុងរាជធានីភ្នំពេញ តែមានអារម្មណ៍ថាស៊ាំភ្នែកខ្លះៗហើយមែនទេ? ចុះបើ FoodBuzz មានហាងកាហ្វេមួយទើបតែបើកថ្មីចង់ណែនាំ ចាប់អារម្មណ៍ទេ? ហាងកាហ្វេបែប artistic ថ្មីមួយបានបង្ហាញខ្លួននៅតំបន់ម្ដុំវិមានឯករាជ្យដែលបើកដំណើរការពេលព្រឹកជាហាងកាហ្វេផងនិងល្ងាចភោជនីយដ្ឋានបែបបារផង។ ឡើងគួរឲ្យចាប់អារម្មណ៍! ចង់ដឹងអំពីលក្ខណៈពិសេសរបស់ហាងនេះទេ? ចឹងសុំអានបន្ត!
មុនពេលចូលទៅការច្នៃប្រឌិតនិងតុបតែងសិល្បៈរបស់ហាង យើងសូមណែនាំម្ហូបប្រចាំហាងមួយចំនួនសិន៖
ចាប់ផ្តើមជាមួយនឹងអ្វីដែលស្រាលៗដល់ក្រពះ យើងមានដំឡូងបារាំងបំពងជាមួយផ្សិតខ្មៅ ឬ Black Truffle។ មិនដូចដំឡូងបារាំងដទៃទៀតទេណា! ដំឡូងបារាំងបំពងរបស់ Light Café មានរោយផ្សិតខ្មៅនៅពីលើ ធ្វើឱ្យដំឡូងបែបតាមចិញ្ចើមថ្នល់នេះមានរសជាតិរឹតតែឆ្ងាញ់និងមើលទៅល្អប្រណិត។
ចិត្តចង់ញ៉ាំនេះតិចនោះតិចត្រូវអត់? អញ្ចឹង! Fried Platter ដឹងតែត្រូវចិត្តអ្នកម៉ាច់! សាច់មាន់ ខ្ទឹមបារាំង និងផ្សិតបំពងក្ដៅៗស្រួចៗដាក់ក្នុងចានតែមួយដែលមានរូបរាងស្អាតដូចសៀវភៅមួយក្បាល មើលទៅគួរឲ្យចង់ញ៉ាំខ្លាំង!
ចំណែកឯសាច់អាំងចម្រុះមុខវិញ ក៏ពិសេសម៉្យាង។ មិនថាអ្នកចូលចិត្តសាច់ជ្រូកអាំង សាច់គោអាំង ឬបន្លែអាំងក៏ដោយ កុម៉្មង់មួយមុខនេះដឹងតែមិនខកបំណងឡើយ។
មួយមុខទៅមួយមុខរឹតតែទាក់ទាញខ្លាំងឡើងៗ។ មកមើល ស្កេក “Grilled Chuck Blade Steak” មានសាច់គោដែលមានរសជាតិផ្អែម ផុយ មិនខ្សោះ ជាមួយដំឡូងបំពងស្រួយឆ្ងាញ់។ បើថាមកហាង Light Café ពួកយើងសូមណែនាំម្ហូបមួយមុខនេះជាពិសេសតែម្ដង។
មិនទាន់អស់ទេណា! "សាច់ទ្រូងទាជាមួយទឹកស៊ីអ៊ីវបាសម៉ា" សាច់ទា ហាន់ជាចំណិតស្ដើងៗ ស្មើគ្នាៗ គួបផ្សំជាមួយទឹកជ្រលក់បាសម៉ាផ្អែមធ្វើឱ្យសាច់ទាកាន់តែមានឱជារស។
ហើយជាការពិតណាស់ អ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តនិងបំភ្លេចមិនបានគឺ ភីហ្សា Margherita ដែលធ្វើឡើងជាមួយជីស្រស់ៗនិងឈីស!
ញ៉ាំតែអាហារអត់ភេសជ្ជៈម៉េចកើត! Light Café មានភេសជ្ជៈជាច្រើនប្រភេទដូចជា ស្រាបៀរ ស្រាក្រហម និងជាពិសេសស្រាក្រឡុក។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់ហាងកាហ្វេមួយមិនត្រឹមតែជាហាងកាហ្វេនៅពេលព្រឹក និងភោជនីយដ្ឋានបែបបារនៅពេលរសៀលនោះទេ ម្ហូបអាហារ និងភេសជ្ជៈត្រូវបានធ្វើយកគ្រឿងផ្សំដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង មកធ្វើ។
ដូចជាស្រាក្រឡុក “Rainforest” ដែលពួកយើងបានសាកនេះត្រូវបានផលិតឡើងដោយទឹកក្រូចត្រជាក់ៗអមជាមួយនឹងចំណិតផ្លែក្រូចរោលភ្លើងឆេវៗ មើលទៅប្លែក ចង់សាកដល់ហើយ។
រីឯ " Long Island Iced Tea" ជាការលាយបញ្ចូលគ្នានៃ vodka, tequila, rum, gin និងកូកាកូឡា! សុទ្ធតែពួកគ្រឿងស្រវឹងល្បីៗដាក់តែបន្តិចពេញចិត្តស្ដូក!
ចុងក្រោយក៏ដូចជា "Dreamy Summer" ជាតិអាល់កុលស្រាលជាមួយផ្លែស្វាយស្រស់ដែលផ្តល់ជូននូវការរំភើបសប្បាយរីករាយដូចរដូវក្តៅអញ្ចឹងឯង។
ពីពេលថ្ងៃរហូតដល់ល្ងាច Light Café ត្រូវបានបំភ្លឺដោយអំពូលព្រោងព្រាតធ្វើឲ្យអ្នកញ៉ាំអាហារទាំងអស់រីករាយជាមួយអាហារ។ រីឯពេលរសៀលមានពន្លឺភ្លើងរឹមៗប្រែក្លាយហាងកាហ្វេមួយនេះទៅជាបារ Bistro ដ៏ស្ងប់ស្ងាត់មួយគួរឲ្យចង់លំហែរកាយ។
កន្លែងស្រស់ស្អាត បុគ្គលិករួសរាយរាក់ទាក់ និងម្ហូបអាហារពិសេសឆ្ងាញ់ៗ មានមួយកំប្លេតែម្ដងនៅហាងកាហ្វេពន្លឺ ឬ Light Café។
តម្លៃចាប់ផ្តើម: 3 $ (សម្រាប់ភេសជ្ជៈ) និង 4 $ (សម្រាប់ម្ហូបអាហារ)
បើកម៉ោង: 8 ព្រឹក - 10 យប់
ទីតាំង: ផ្ទះលេខ 22, ផ្លូវលេខ 55 កែង 242 សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap