ចង់ញ៉ាំអាហារគ្រឿងសមុទ្របែបថៃ កុំភ្លេច Kuang Seafood នៅម្ដុំបឹងកេងកង

ស្ថិតនៅជាន់ទី 6 នៃសណ្ឋាគារប្រណីត Baitong Hotel & Resort ដែលប្រកបដោយការតុបតែងលម្អបែបទំនើប​ និងបរិយាកាសស្ងប់ស្ងាត់ធំទូលាយ​ ភោជនីយដ្ឋាន Kuang’s Seafood មានបម្រើជូននូវអាហារផ្ដោតសំខាន់លើគ្រឿងសមុទ្រមានគុណភាពដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងចម្អិនតាមបែបថៃដែលផ្ដល់នូវឱជារសប្លែកមាត់តែម្ដង!

ហាងថៃមួយនេះមានប្រវត្តិកើតដំបូងនៅតាមដងផ្លូវមួយនៃក្រុងបាងកកតាំងពីឆ្នាំ 1978 ដោយមានឈ្មោះល្បីសុះសាយខាងគ្រឿងសមុទ្រអាំងឆ្ងាញ់លើសគេ និងទឹកជ្រលក់មានជាតិស្ទើរមិនគួរឱ្យជឿ។​ ពីមួយឆ្នាំទៅមួយឆ្នាំ ភោជនីយដ្ឋានមូយនេះកាន់តែមានភាពប៉ិនប្រសប់ និងតិចនិចថ្មីៗដើម្បីធ្វើឱ្យអាហារដែលមានឱជារសឆ្ងាញ់ស្រាប់កាន់តែជាប់ចិត្តអ្នកញ៉ាំទាំងអស់។ មិនយូរប៉ុន្មាន ហាងគ្រឿងសមុទ្រមួយនៅបាងកកក៏មានឈ្មោះបោះសម្លេងរហូតដល់​ប្រទេសដទៃដូចជាប្រទេសចិន ជប៉ុន កូរ៉េ​ និងតៃវ៉ាន់។

គ្រាន់បើកដំណើរការនៅកណ្ដាលក្រុងភ្នំពេញភ្លាមភោជនីយដ្ឋាន Kuang’s Seafood ត្រូវបានគេស្គាល់ និងនិយាយតៗគ្នាដោយសាររសជាតិឆ្ងាញ់របស់អាហារដែលមិនអាចបំភ្លេចបាន។ គ្រាន់តែភ្លក្សមួយម៉ាត់ អ្នកនឹងមើលដឹងពីជំនាញយ៉ាងចំណាន តាំងពីជម្រើសគ្រឿងសមុទ្រយ៉ាងស័ក្តិសមបំផុត និងការផ្សំគ្រឿងយ៉ាងល្អឥតខ្ចោះទៅតាមមុខម្ហូបនីមួយៗ។ ក្រុមការងារ​​ FoodBuzz​ មានសំណាងបានភ្លក្សម្ហូបឆ្ងាញ់ៗដល់ទៅ 5 មុខដែលមុខម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ស្ទើរមិនអាចបរិយាយបានតែម្ដង!

ម្ហូបដំបូងនោះគឺម្ហូបឆ្ងាញ់ប្រចាំហាងតែម្ដង គឺ ក្ដាមឆាការី ដែលធ្វើពីក្ដាមថ្មស្រស់ សាច់ណែនផ្អែមល្អ  ជាមួយគ្រឿងការី និងគ្រឿងផ្សំជាច្រើនមុខទៀតដែលជួយបង្កើនគុណភាព និងរសជាតិក្ដាមឱ្យកាន់តែពិសេស មានក្លិនឈ្ងុយដែលគ្រាន់តែបានឃើញ និងហិតក្លិនក៏អាចស្រក់ទឹកមាត់បាន ដូចដែលគេហៅថាម្ហូបឆ្ងាញ់គ្រប់គ្រឿងហ្នឹង‌ឯង!

សម្រាប់ម្ហូបបន្ទាប់ យើងមាន ខាត់ណាហុងកុងទឹកប្រេងខ្យង ដែលមានបន្លែបៃតងខ្ចី ផ្អែមស្រួយពីធម្មជាតិ និងផ្សិតគ្រៀមឆាជាមួយទឹកប្រេងខ្យងបានជារសជាតិឆ្ងាញ់បែបសាមញ្ញ មានទាំងរសជាតិទាំងភាពស្រួយស្រឹបរបស់ដើមខាត់ណា!​ 

ម្ហូបដែលមានការនិយមចូលចិត្ត និងទទួលបានការគាំទ្រច្រើននៅទីនេះ នោះគឺ តុំយ៉ាំគ្រឿងសមុទ្ររួមមិត្ត​ ដែលជាម្ហូបថៃយ៉ាងពេញនិយម បើថាមកដល់ភោជនីយដ្ឋាន ​​Kuang’s Seafood ហើយមិនបានញ៉ាំមុខម្ហូបមួយមុខនេះ គឺមិនសមទាល់តែសោះតែម្ដង!  តុំយ៉ាំគ្រឿងសមុទ្ររួមមិត្ត ផ្សំឡើងពីគ្រឿងសមុទ្រចម្រុះជាច្រើនមុខ​ និងជាម្ហូបថៃដែលរួមផ្សំរសជាតិផ្អែម ប្រៃ ជូរ​ ចូលគ្នាយ៉ាងល្អមិនសរសើរមិនបាន!​ ម្ហូបមួយមុខនេះមានរសជាតិហឹរតិចៗផ្ដល់ភាពកក់ក្ដៅពេលញ៉ាំម្ដងៗ។​

ម្ហូបមួយមុខទៀតដែលមិនគួរមើលរំលងដែរនោះគឺ អយស្ទ័រក្រឡុកពងទា​ ដែលមាន 2 ជម្រើស គឺទុន និងស្រួយដាក់ក្នុងខ្ទះដែកក្ដៅៗ មានរសជាតិស្រាលឆ្ងាញ់ ងាយស្រួលញ៉ាំ ល្មមជាប់ចិត្តជាប់ថ្លើមជាមួយពងទាយ៉ាងស្រួយស្ទើរមិនគួរឱ្យជឿ!​នរ​ណាថាអយស្ទ័របានតែញ៉ាំឆៅ?​ មកសាករសជាតិអយស្ទ័រថ្មីទាំងអស់គ្នាណា៎!

ម្ហូបទាំងប៉ុន្មានខាងលើមើលទៅទំនងឆ្ងាញ់ណាស់ត្រូវអត់? តែ FoodBuzz បានទុកមុខម្ហូបឈ្ងុយឆ្ងាញ់ជាងគេដើម្បីបិទឆាក!​ មុខម្ហូបនោះគឺ គ្រុំឆាហឹរ​ ដែលស្ថិតក្នុងចំណោមមុខម្ហូបឆ្ងាញ់បំផុត ដោយសារការផ្សំគ្រឿងមានរសជាតិមុតល្អ និងសាច់ណែន ផ្អែមធំល្អរបស់គ្រុំ បូករួមជាមួយនឹងរសជាតិហឹរល្មម មិនខ្លាំងពេក​ មិនខ្សោយពេកទៀតនោះ ដឹងតែញ៉ាំមិនធុញ។​ និយាយរួមទៅ គ្រុំឆាហឹរ គឺជានិយមន័យនៃគ្រឿងសមុទ្រឆ្ងាញ់តែម្ដង!

តាំងពី ក្ដាមឆាការី រហូ​តដល់ គ្រុំឆាហឹរ​ ភោជនីយដ្ឋាន Kuang’s Seafood បានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ពីមូលហេតុដែលគេហៅហាងមួយនេះថាជាហាងគ្រឿងសមុទ្រយ៉ាងចំណាន តាមរយៈរសជាតិគ្រឿងសមុទ្រឆ្ងាញ់

ដោយសារការប្រើប្រាស់គ្រឿងផ្សំល្អៗ គ្រឿងសមុទ្រមានគុណភាពល្អស្រស់ៗ គ្រឿងទេសជាច្រើនមុខ​ ព្រមទាំងទឹកជ្រលក់ដែលអន្ទងបេះដូងអ្នកញ៉ាំឱ្យចូលចិត្ត ដកចិត្តមិនរួចតែម្ដង។​ 

ម៉ោងបើក៖

  •  ពេលថ្ងៃត្រង់៖​ 11:00​ ព្រឹក – 2:00 ល្ងាច
  •  ពេលរសៀល៖ 5:00​ រសៀល – 10:00​ យប់

លេខទូរស័ព្ទទំនាក់ទំនង៖ 023 223 838

អាស័យដ្ឋាន៖ ជាន់ទី 6 នៃ ​​​Baitong Hotel & Resort, ផ្ទះលេខ 10 ផ្លូវ 282 សង្កាត់បឹងកេងកង 1 រាជធានីភ្នំពេញ | Googlemap 

Kuang Seafood Cambodia

  • 6th floor of Baitong Hotel & Resort, #10, Street 282, Sangkat Beong Keng Kang I, Phnom Penh
  • 023 230 599

អត្ថបទគួរតែអានបន្ទាប់