ចង់ញ៉ាំម្ហូបខ្មែរតែមិនដឹងទៅណា កុំភ្លេចមកសាកនៅហាងក្រវាញ
ចូលចិត្តញ៉ាំម្ហូបខ្មែរ តែមិនងាយស្រួលទេមែនទេក្នុងការស្វែងរកភោជនីយដ្ឋានម្ហូបខ្មែររសជាតិដើម? នៅឯប៉ែកខាងកើតនៃផ្សារទួលទំពូងមានភោជនីយដ្ឋានខ្មែរមួយកន្លែងដែលនឹងធ្វើឲ្យប្រិយមិត្តជាប់ចិត្តដូចក្រុមការងារ FoodBuzz ចឹង នោះគឺភោជនីយដ្ឋានក្រវាញ។

ភោជនីយដ្ឋានក្រវាញមាន 2 សាខា ដែលសាខាដំបូងនោះបង្កើតកាលពី 2 ឆ្នាំមុននៅលើផ្លូវសុធារស។ ភោជនីយដ្ឋានក្រវាញជាភោជនីយដ្ឋានបែបខ្មែរសុទ្ធសាធ សូម្បីតែការតុបតែងក្នុង និងក្រៅហាងគឺតាមបែបខ្មែរបុរាណទាំងអស់ដែលធ្វើឲ្យមានភាពទាក់ទាញអារម្មណ៍ប្លែកភ្នែកមែនទែន។


មិនត្រឹមតែការតុបតែងនោះទេបែបខ្មែរបុរាណ សូម្បីតែអាហារក៏ជារសជាតិដើមរបស់ម្ហូបខ្មែរផងដែរ។ ម្ហូបខ្មែរល្បីៗដូចជា អាម៉ុកត្រី នំបញ្ចុក ណែមត្រី បុកល្ហុង ត្រីបំពង អាចរកបាននៅទីនេះទាំងអស់ ហើយរសជាតិក៏ម៉ាអ៊ែមដែរ ព្រោះថាបន្លែ សាច់ និងគ្រឿងផ្សំនានាសុទ្ធតែទិញពីផ្សារបន្លែស្រស់ៗ មិនតែប៉ុណ្ណោះពួកគេមានសួនបន្លែធម្មជាតិផ្ទាល់ខ្លួនទៀតផង ធ្វើឲ្យអាហារកាន់តែមានឱជារស។

FoodBuzz ធានាថាអាម៉ុកត្រីនៅទីនេះ មិនអាចរកបាននៅកន្លែងផ្សេងទេ ព្រោះថារសជាតិត្រីទឹកសាបស្រស់ៗ ស៊ីគ្នាជាមួយខ្ទិះដូង និងគ្រឿងទេសដាក់ខ្ចប់ស្លឹកឈូក ជាពិសេសនោះជាមួយការប៉ិនប្រសប់របស់ចុងភៅភោជនីយដ្ឋានធ្វើឲ្យអាម៉ុកត្រីមួយចាននេះទាំងឆ្ងាញ់ ទាំងឈ្ងុយ។

នំបញ្ចុកនៅទីនេះវិញ មិនសរសើរមិនបាន។ រសជាតិទឹកសម្លរណាំយ៉ាមានឱជារសឆ្ងាញ់សមល្មមមិនហិរ មិនប្រៃ ដោយសាររសជាតិម្ទេសគ្រឿង និងសាច់ត្រីស៊ីគ្នាល្អមែនទែន ហើយបើដាក់ថែមអន្លក់ទៀត អ្នកនឹងមានអារម្មណ៍ចង់ថែមមួយចានទៀត។

ចំណែកឯណែមត្រីវិញ ធ្វើពីសាច់ត្រីផាត់ ដូងអាំង ស្បែកជ្រូក និងខ្ទឹមបារាំងរុំជាមួយស្លឹកភ្លូ បើបានខាំទំពារមួយដុំក្នុងមាត់មិនដឹងជាស្កប់ស្កល់យ៉ាងណា។

បុកល្ហុងនៅទីនេះវិញមានភាពខុសប្លែកពីបុកល្ហុងសព្វថ្ងៃដែលធ្វើរៀងហិរ ហើយជូរ។ តែភោជនីយដ្ឋានប្រវាញបម្រើម្ហួបមួយនេះឲ្យដូចទៅនឹងបុកល្ហុងពីដើមមិនក្លាយ ធ្វើពីត្រីឆ្អើរ និងប្រហុក ដែលស្រដៀងទៅនឹងញាំស្វាយខ្ចីសព្វថ្ងៃនេះ។

ជាពិសេសទៅទៀតនោះ ក្រវាញក៏មានម្ហូបឆ្ងាញ់ៗល្បីប្រចាំហាងផ្សេងទៀតដូចជាត្រីបំពង ក្ដាមចំហ៊ុយ និង Meang Lao។ បើញ៉ាំឆ្អែតតឹងពោះ ប្រិយមិត្តអាចញ៉ាំតែរុក្ខជាតិនៅទីនេះបានដើម្បីជួយសម្រួលអាហារ មិនតែប៉ុណ្ណោះមានបង្អែមលាងមាត់ទៀតណោះ។



បើចង់ញ៉ាំអាហារខ្មែររសជាតិដើមធ្វើពីចុងភៅជំនាញ កុំភ្លេចមកភោជនីយដ្ឋានក្រវាញណា!

ទីតាំង៖
- សាខាទី 1៖ ផ្ទះលេខ 112 ផ្លូវសុធារស ភ្នំពេញ
- សាខាទី 2៖ ផ្លូវលេខ 450 ខាងកើតផ្សារទួលទំពូង ភ្នំពេញ
តម្លៃ៖ $4 - $10