កៃសេប
- St. 302, Sangkat Boeung Keng Kang, Khan Boeung Keng Kang, Phnom Penh
- 011644600
ម៉េចហើយគ្នាយើង គម្រោងទៅលេងប្រទេសថៃទៅមុខអត់? បើអត់ទៅមុខទេ កុំទាន់អន់ចិត្តព្រោះថ្ងៃនេះក្រុមការងារ FoodBuzz ចង់ណែនាំហាងម្ហូបថៃមួយដែលរសជាតិដូចនៅប្រទេសថៃអ៊ីចឹង តែមានទីតាំងនៅម្តុំបឹងកេងកងយើងហ្នឹង!
«កៃសេប» គឺជាហាងម្ហូបថៃមួយដែលកំពុងពេញនិយមដោយសារតែគ្រឿងផ្សំ និង រសជាតិរបស់ម្ហូបនីមួយៗគឺមួយម៉ាត់ទៅមានអារម្មណ៍ដូចកំពុងញ៉ាំនៅបាងកកអ៊ីចឹង!
មុខម្ហូបដែលក្រុម FoodBuzz ចង់សាកជាងគេនោះគឺសម្លរតុមយ៉ាំនោះឯង សំខាន់ទៅដល់ភ្លាម អាចទាយដឹងមុនតែម្តងថាសម្លរតុមយ៉ាំគឺជាម្ហូបលក់ដាច់ខ្លាំងប្រចាំហាងហ្មង! មកពីអី? មកពីគ្រាន់តែបើកទ្វាមកគឺឈ្ងុយសម្លរតុមយ៉ាំមុនគេ ហើយក្រឡេកទៅភ្ញៀវមានកុម្ម៉ង់សម្លរនេះសឹងតែគ្រប់តុតែម្តង! ហើយពួកយើងក៏បានសាកតុមយ៉ាំកន្សោមមាន់ និង តុមយ៉ាំគ្រឿងសមុទ្រ ដែលនិយមខ្លាំងប្រចាំហាង។ សម្លររបស់គេ មួយចានដឹងមួយចានហើយសុទ្ធតែសាច់ ហើយបើក្លិនវិញគឺឈ្ងុយឡើងប្រហើរ ហិតតែក្លិនក៏ហៀរទឹកមាត់ដែរ។
សម្លតុមយ៉ាំទាំង 2 មុខនេះ គឺមានរសជាតិចម្រុះច្រើនមុខចូលគ្នាតែម្ដង គឺថាបែប ជូរ ប្រៃ ផ្អែម មានជាតិហឹរតិចៗទៅតាមចំណង់ចំណូលចិត្ត រាល់គ្រឿងផ្សំទាំងអស់ដែលយកមកប្រើ គឺសុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្លាំងមែនទែន ទៅលើគុណភាព មិនថាសាច់ ឬក៏ បន្លែនោះទេ សូម្បីតែម្ទេសក្រៀម ដែលមាននៅក្នុងសម្លទាំង២មុខនេះក៏ឆ្ងាញ់ដែរ ស្រួយៗហើយឈ្ងុយទៀត ពេលបានដាក់មួយម៉ាត់ទៅគឺមានជាតិឡើងខ្ទិះ ក្លិនគ្រឿងឈ្ងុយប្រហើរជាប់មាត់ ដូចទៅនឹងតុមយ៉ាំដែលពួកយើងបានញ៉ាំនៅប្រទេសថៃហ្មង!
និយាយមែនហ្ហា៎!
អាចនិយាយបានថាលក្ខណៈពិសេសរបស់តុមយ៉ាំនៅទីនេះ គឺរសជាតិប្លែកមិនអាចរកនៅកន្លែងផ្សេងបាន ហើយអត់បាច់បារម្ភទេថា ថ្ងៃនេះរសជាតិនេះ ថ្ងៃនោះរសជាតិនោះទេ រសជាតិនឹងថេរឆ្ងាញ់រាល់ថ្ងៃតែម្ដង ព្រោះកៃសេប មានរូបមន្តពិសេសប្រចាំហាងផ្ទាល់ ដោយមិនមានការផ្លាស់ប្ដូរនូវរសជាតិឡើយ។
មុខម្ហូបប្រចាំប្រទេសថៃមួយទៀតដែលរំលងមិនបានគឺ បុកល្ហុងបាងកកពងទាប្រៃ ព្រោះទៅដល់ហាងម្ហូបថៃហើយអត់សាកបុកល្ហុងយ៉ាងម៉េចកើត? បុកល្ហុកគេគឺជាតិតែម្តង មិនសូវប្រៃខ្លាំងព្រោះគេអត់ប្រើក្តាមប្រៃដូចយើងទេ គឺគេញ៉ាំជាមួយពងទាប្រៃ។ ប្លែកមាត់បន្តិចប៉ុន្តែទំនងរបស់គេណា៎!
មួយមុខទៀតនោះគឺម្ហូបប្រចាំហាងរបស់កៃសេបដែលភ្ញៀវៗនិយមញ៉ាំនៅពេលបាយថ្ងៃតែម្តងគឺ ភ្លៅមាន់អប់ពាងប្រចាំហាង។ លក្ខណៈពិសេសរបស់ម្ហូបមួយមុខនេះគឺគេចម្អិនម្ហូបនេះតាមរូបមន្តដើមនៅប្រទេសថៃមួយឈ្មោះថា «កៃ យ៉ាង» ដែលចំណាយពេលអស់ជាង 20 ម៉ោង ដើម្បីឲ្យភ្លៅមាន់មានសាច់ទន់ ស្បែកស្រួយ និង ក្លិឈ្ងុយ។ ញ៉ាំជាមួយបាយ និង បុកល្ហុងគឺត្រូវតែម្តង!
ម្ហូបចុងក្រោយដែលពួកយើងបានកុម្ម៉ង់នោះគឺ ប្រហិតបង្គាបំពង ដែលមានសាច់បង្គាចិញ្ច្រាំខាងក្រៅ និងម្សៅបំពងខាងក្រៅ។ ខាំមួយម៉ាត់ទៅឡើងជាតិព្រោះខាងក្រៅស្រួយស្រិប តែសាច់ខាងក្នុងវិញគឺទន់ ហើយកុំភ្លេចជ្រលក់ជាមួយទឹកជ្រលក់រសជាតិទឹកឃ្មុំដែលគេដាក់មកជាមួយផងណា៎!
ឃើញអត់? ម្ហូបទាំងប្រាំមុខគឺទំនងទាំងប្រាំមុខតែម្តង មិនបាច់ឈ្លោះគ្នារឿងស្តាយអត់បានទៅបាងកកសាកម្ហូបថៃអីទេ មកសាកនៅ «កៃសេប» មក!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.