សា្លបមាន់បំពងស្លឹកក្រូចសើច ឈ្ងុយ ឆ្ងាញ់ ខ្លឹម ហើយងាយស្រួលធ្វើទៀត!
ម្ហូបរាល់ថ្ងៃមានច្រើនមុខមែន តែគ្មានអីឈ្នះមាន់បំពងទេ ដោយសារតែ CookBuzz ដឹងចឹងបានខំបង្កើតរូបមន្តមាន់បំពងថ្មី ងាយស្រួល ហើយធានាថាមួយឆ្ងាញ់ម៉ង ចង់ធ្វើពេលណាក៏បានដែរឲ្យតែមានគ្រឿងគ្រប់។ រូបមន្ដលើកនេះមានឈ្មោះថា ស្លាបមាន់បំពងស្លឹកក្រូចសើច គ្រាន់តែឮឈ្មោះហ្នឹងក៏ដឹងថាឈ្ងុយ ហើយមានជាតិដែរ។ ម៉ោះ! កុំឲ្យខាតពេល យើងចាប់ផ្ដើមធ្វើតែម្ដងទៅ!
- គ្រឿងផ្សំ៖
- ស្លាបមាន់លាយគល់ស្លាបមាន់: 1 គីឡូក្រាម
- គល់ស្លឹកគ្រៃ: តាមចំណងចំណូលចិត្ត
- ស្លឹកក្រូចសើច: តាមចំណងចំណូលចិត្ត
- ម្រេចម៉ដ្ឋ: តាមចំណងចំណូលចិត្ត
- ទឹកត្រី: 3 ស្លាបព្រារបាយ
- ទឹកប្រេងខ្យង: 2 ស្លាបព្រារបាយ
- ស្ករស: 2 ស្លាបព្រារបាយ
- ម្សៅពោត: 5 ស្លាបព្រារបាយ
- គល់ជីវ៉ាន់ស៊ុយ: តាមចំណងចំណូលចិត្ត
មុនដំបូងយើងចាប់ផ្ដើមបុកគ្រឿងសម្រាប់ប្រឡាក់សាច់ គឺបុកស្លឹកគ្រៃ និងគ្រឿងផ្សេងៗហ្នឹងឯង
- រូបមន្ដ និង របៀបធ្វើ៖
- គល់ស្លឹកគ្រៃ: តាមចំណងចំណូលចិត្ត (ហាន់ជាជំនិតល្អិតៗ)
- ស្លឹកក្រូចសើច: តាមចំណងចំណូលចិត្ត (ហាន់ជាជំនិតស្ដើងៗ)
- គល់ជីវ៉ាន់ស៊ុយ: តាមចំណងចំណូលចិត្ត
- ម្រេចម៉ដ្ឋ: តាមចំណងចំណូលចិត្ត (ដាក់ដើម្បីបំបាត់ក្លិនសាច់មាន់ និងធ្វើឲ្យសាច់មានជាតិហឹរឡមៗ)
បុកគ្រឿងទាំងអស់នោះឲ្យចូលគ្នាឲ្យបានម៉ដ្ធល្អ រួចដួសវាដាក់ចានទុកម្ដុំ។
គ្រឿងបុករួចរាល់ហើយ ឥឡូវដល់វគ្គសាច់មាន់វិញម្ដង ដែលជាតួឯករបស់ម្ហូបមួយចាននេះ មុននឹងយើងយកវទៅបំពង យើងក៏ត្រូវប្រឡាក់គ្រឿងសាច់មាន់ ដើម្បីឲ្យវាកាន់តែមានជាតិដែរ។
- រូបមន្ដ និង របៀបធ្វើ៖
- ស្លាបមាន់លាយគល់ភ្លៅមាន់: 1 គីឡូក្រាម
- គល់ស្លឹកគ្រៃបុកហើយ: ដាក់តាមចំណង់ចំណូលចិត្ត
- ស្ករស: 2 ស្លាបព្រារបាយ
- ទឹកត្រី: 3 ស្លាបព្រារបាយ
- ទឹកប្រេងខ្យង: 2 ស្លាបព្រារបាយ
- ម្សៅពោត: 5 ស្លាបព្រារបាយ
ច្របាច់ និងច្របល់វាចូលគ្នាឲ្យបានសព្វល្អ រួចទុកវាដោយឡែករយៈពេល ២០នាទី ដើម្បីឲ្យគ្រឿងទាំងនោះជ្រៀបចូលសាច់មាន់ឲ្យកាន់តែមានជាតិ។
២០ នាទីបានកន្លងផុតហើយ យើងក៏អាចបំពងសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់នេះញ៉ាំបានហើយ។ មុននឹងបំពងយើងត្រូវ៖
- ដាក់ខ្ទះលើឆ្នាំងឲ្យក្ដៅសិន
- ចាក់ប្រេងឆាចូល: មើលយ៉ាងណា ឲ្យប្រេងនោះលិចសាច់មាន់
- ឃើញថាប្រេងក្ដៅហើយ យើងអាចដាក់សាច់មាន់ចូលម្ដងមួយៗបាន
- មើលទៅសាច់មាន់ដូចជា មានពណ៌រៀងក្រហមបែកត្នោត ដូចជាឆ្អិនល្អហើយយើងស្រង់វាឡើង ទុកវាឲ្យស្រក់ខ្លាញ់ឲ្យអស់
រៀបចំសាច់មាន់នោះដាក់ចាន និងរោយស្លឹកក្រូចសើចពីលើឲ្យម្ហូបមួយចាននេះ កាន់តែឈ្ងុយឆ្ងាញ់ ហើយស្អាតផងដែរ។
គ្រាន់តែធ្វើហើយភ្លាមស្រក់ទឹកមាត់ ម៉ង! នេះរសជាតិមិនចាញ់សាច់មាន់បំពងនៅហាងអីតិចសោះ។ បើមិនជឿធ្វើញ៉ាំសាកមើលទៅ ស្នាដៃ CookBuzz មិនដែលថាញ៉ាំមិនកើតម្ដងណាទេ។