ខ្យល់ធ្លាក់ត្រជាក់ៗ បានញ៉ាំសាច់អាំងលើថ្មក្ដៅៗនៅ Hot Stone មិនដឹងល្អយ៉ាងណា! 

«សាច់អាំងលើថ្ម» ដ៏ប្លែក និងពេញនិយមមាននៅហាងហតស្តូន (Hot Stone) ដែលមានដើមកំណើតលើទឹកដីក្រុងអង្គរ ហើយថ្មីៗនេះក៏មានសាខានៅខេត្តតាកែវ និងកំពង់ចាមផងដែរ។

បង្ហាញខ្លួនយ៉ាងទាក់ទាញនៅក្នុងសំណង់អាគារម៉ូតពីសម័យដើម ហាង​ហតស្តូន ត្រូវបានតុបតែងបែបសម័យលាយបុរាណ ដែលមើលទៅពិតជាមានភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការស្រស់ស្រូបអាហារដ៏រីករាយ។

​មកដល់ទីនេះ អ្នកត្រូវតែសាករសជាតិ «សាច់អាំងលើថ្ម» ដោយសារជាអាហារប្រចាំហាងនេះតែម្ដង ហើយក្នុងនោះមានជម្រើសសាច់ដូចជា សាច់គោខ្មែរ សាច់គោអូស្រ្តាលី សាច់ជ្រូក សាច់មាន់ ត្រីសាលម៉ុន ឬគ្រឿងសមុទ្រ។ សាច់ស្រស់ៗត្រូវបានដាក់ចម្អិននៅលើដុំថ្មបន្ទុះភ្នំភ្លើង (400 អង្សារ) រាងការេ ដោយដាក់នៅលើតុសម្រាប់អ្នកញ៉ាំធ្វើការចម្អិនដោយខ្លួនឯង ទៅតាមចំណូលចិត្តកម្រិតនៃភាពឆ្អិន។ 

សម្លេងឈីវៗផ្សែងហុយៗក្លិនឈ្ងុយៗ ពិតជាទាក់ភ្នែក និងអារម្មណ៍! សាច់ទន់ៗដែលត្រូវបានប្រឡាក់រសជាតិពិសេសប្លែកពីគេ ពេលដាក់ចូលក្នុងមាត់ទៅ ពិតជាមានជាតិខ្លាំងណាស់! 

នៅក្បែរថ្មក្តៅ ក៏មានភ្ជាប់ជាមួយទឹកជ្រលក់ 3 ប្រភេទ ដែលមានរសជាតិពិសេសខុសៗពីគ្នា តែរសជាតិមួយមុខៗសុទ្ធតែមិនឌិតខ្លាំងលុបពីលើរសជាតិសាច់អាំងដ៏មានឱជារសឡើយ។​ ទឹកតៅហ៊ូខាប់ៗ ឈ្ងុយហើយមិនទ្រលាន់ ចំណែកឯទឹកម្ទេសខៀវវិញ គឺមិនហឹរនោះទេ​ ល្មមសម្រាប់ញ៉ាំជាមួយសាច់ និងទឹកអំបិលម្រេច ដែលមានក្លិនឈ្ងុយប្លែកមែនទែន។ 

អាហារប្រចាំហាង ដែលនរណាៗក៏និយមកុម្ម៉ង់នោះ គឺឈុត Combo ដែលមានសាច់អាំងលើថ្ម (Rib Eye ឬ Sirloin Hot Stone) បាយឆាខ្ទឹមស សាឡាដ ស៊ុបក្តាម និងទឹកក្រូច 1 កំប៉ុង ដែលមានឈុតម្នាក់ឯង និងសម្រាប់ 2 នាក់ ក្នុងតម្លៃសមរម្យ។  

ចង់ប្រាប់ដែរថា ស៊ុបក្តាមនៅទីនេះ ក៏មានរសជាតិពិសេសដែរ ពេលញ៉ាំក្តៅៗ ដឹងតែឈ្ងុយក្លិនម្រេច និងពោត ដែលបង្កើតនូវរសជាតិហឹរ​ និងផ្អែមតិចៗអមគ្នាយ៉ាងល្អ។ 

ក្រៅពីសាច់អាំង  ហាងហតស្តូនក៏មានបម្រើជូនអាហារផ្សេងទៀតផងដែរ ដូចជា អាហារជប៉ុន និងអាហារអ៊ីតាលីពេញនិយមៗជាច្រើនមុខ។​ ជាក់ស្តែង ស៊ូស៊ីបំពងជាម្ហូបមួយមុខទៀត ដែលមានការពេញនិយមនៅក្នុងហាង។

ដើម្បីឲ្យរឹតតែឆ្ងាញ់ពិសា អ្នកប្រហែលជាត្រូវការស្រាមួយកែវ​ក្រេបអមនឹងសាច់ក្តៅៗហើយ អ៊ីចឹងនៅហតស្តូនក៏មានប្រភេទស្រាដែរ រួមមាន៖ ស្រាស និងក្រហម ដែលភាគច្រើនត្រូវបាននាំចូលមកពីប្រទេសអូស្រ្តាលី និងអ៊ីតាលីផ្ទាល់។ 

HOT STONE សៀមរាប

អត្ថបទគួរតែអានបន្ទាប់