ម៉ោះមករៀនធ្វើដំឡូងបារាំងបំពងក្តៅស្រួយនិងទឹកជ្រលក់ Cheese ឆ្ងាញ់ជាប់មាត់

មិនថាពេលរៀន ធ្វើការ ឬក៏មើលរឿងនៅផ្ទះក៏ដោយ ដាក់ដំឡូងបារាំងបំពងជ្រលក់ជាមួយទឹកជ្រលក់ Cheese មកគឺដឹងតែត្រូវចិត្តម៉ង។ អ៊ីចឹងហើយបានថ្ងៃនេះពួកយើងចង់មកប្រាប់ពីរបៀបធ្វើដំឡូងបារាំងបំពងនិងរូបមន្តធ្វើទឹកជ្រលក់​​​ Cheese​ដល់អ្នកទាំងអស់គ្នាស្រួលធ្វើញ៉ាំខ្លួនឯងនៅផ្ទះបាន។

#គ្រឿងផ្សំ

  • ដំឡូងបារាំង ២ផ្លែ (៧២០ក្រាម)
  • អំបិល ១/២ ស្លាបព្រាបាយ
  • ម្សៅពោត ២ស្លាបព្រាបាយ
  • ប្រេងសម្រាប់បំពង
  • បឺរ ២០ក្រាម
  • ម្សៅ ១/២ ស្លាបព្រាបាយ
  • ទឹកម្ទេស ១ស្លាបព្រា
  • ទឹកដោះគោ ១២០មីលីលីត្រ
  • Cheddar cheese ១៨០ក្រាម

#របៀបធ្វើដំឡូងបារាំងបំពង

១. ចិតសម្បកដំឡូងបារាំងចេញ កាត់តំរឹមផ្នែកដែលមិនស្មើ រួចហើយកាត់វាជាបន្ទះៗបន្ទាប់មកហាន់ជារាងជ្រុងៗទ្រវែង

២. ត្រាំដំឡូងបារាំងក្នុងទឹកត្រជាក់រយៈពេល ៣០នាទី ស្រង់ចេញ រួចលាងជាមួយទឹកត្រជាក់

៣. ដាំទឹកឲ្យពុះ ដាក់អំបិលចូលនិងដាក់ដំឡូងបារាំងចូល ស្ងោរវា៣ទៅ៥នាទី រួចលាងជាមួយទឹកត្រជាក់

៤.ពេលដែលដំឡូងបារាំងរៀងស្ងួតទឹក យកវាទៅប្រលាក់ជាមួយម្សៅពោតឲ្យសព្វ

៥.កំដៅប្រេងក្នុងខ្ទះឲ្យក្ដៅ សឹមចាប់ផ្ដើមបំពងដំឡូងបារាំង ប្រើភ្លើងក្ដៅល្មម បំពងរយៈពេល ៦ទៅ៨នាទីវានឹងមានពណ៌ត្នោត នោះមានន័យថាដំឡូងបំពងបានរួចរាល់។

#របៀបធ្វើទឹកជ្រលក់ Cheese

១.កម្ដៅខ្ទះឲ្យក្ដៅ ដាក់បឺរចូល​ រួចហើយដាក់ម្សៅ ប្រើភ្លើងក្តៅល្មមរួចកូរវាបន្តិច

២.ដាក់ទឹកម្ទេសចូល កូរឲ្យចូលគ្នាសឹមចាក់ទឹកដោះគោចូល បន្តកូរដើម្បីកុំឲ្យវាស្អិតជាប់ខ្ទះ

៣.ពេលវាពុះ ដាក់ Cheddar cheese ចូល ព្យាយាមកូរវាឲ្យសព្វល្អ និងដាក់វាចុះពេលវាឡើងខាប់៕

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់