ខ្យូតក៏ខ្យូត ឆ្ងាញ់ក៏ឆ្ងាញ់! តោះរៀនធ្វើ នំប៉ាវរូបកាំប្រម៉ា ស្នូលល្ងខ្មៅ

នំនេះសាកសមមែនទែនសម្រាប់ញ៉ាំជាអាហារសម្រន់និងបង្អែមពេលញ៉ាំបាយរួច ព្រោះសាច់នំទន់ឆ្ងាញ់ខ្លាំងហើយមានស្នូលល្ងខ្មៅផ្អែមល្មមទៀត។ នំប៉ាវរូបរាងជាសត្វកាំប្រម៉ា មានស្នូលខ្មៅល្ងនេះមិនស្មុគស្មាញទេក្នុងការធ្វើនិងធានាថាមាននំញ៉ាំឆ្ងាញ់ញ៉ាំហើយអត់ធាត់ទេព្រោះនំមានកាឡូរីតិច ហើយរូបរាងនំចេញមកឡើងគួរឲ្យស្រលាញ់ខាំ្លង!

#គ្រឿងផ្សំសំរាប់ស្នូលល្ងខ្មៅ

  • ម្សៅល្ងខ្មៅ ២៥ ក្រាម
  • ប៊ឺ១៥ ក្រាម (Unsalted Butter)
  • ស្ករស ១០ ក្រាម

#គ្រឿងផ្សំសំរាប់ម្សៅនំប៉ាវ

  • ម្សៅនំ ១០០ ក្រាម
  • Instant yeast (ឬមេនំប៉ាវ) ១/៤ ស្លាបព្រាបាយ
  • ស្ករស ១០ ក្រាម
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ទឹកដោះគោ ៦០ ក្រាម
  • ម្សៅល្ងខ្មៅ ១ ស្លាបព្រាបាយ
  • គ្រាប់ល្ងខ្មៅមួយក្តាប់តូចដើម្បីតុបតែងនំ

#របៀបធ្វើ

១. សម្រាប់ស្នូលនំ លាយម្សៅល្ងខ្មៅ ប៊ឺ និងស្ករសចូលគ្នាឲ្យសព្វហើយដាក់វាដោយឡែក។

២. សម្រាប់ធ្វើសាច់នំ លាយគ្រឿងផ្សំម្សៅនំប៉ាវទាំងអស់ចូលគ្នា (លើកលែងតែម្សៅល្ងខ្មៅ) រួច​ច្របាច់ម្សៅរយៈពេល១នាទីរហូតទាល់តែវាចូលគ្នាល្អ។

៣. ញែកម្សៅនំជាពីរចំណែកស្មើគ្នា ដោយយកពាក់កណ្តាលនៃម្សៅនំលាយជាមួយម្សៅល្ងហើយច្របាច់ចូលគ្នាឲ្យសព្វ បន្ទាប់មករុំវាជាមួយនឹងប្លាស្ទិចទុកដោយឡែកសិន។

៤. កាត់ម្សៅនំពណ៌សជា៥​ ចំណែកស្មើគ្នា ហើយធ្វើវាឲ្យចេញជារាងមូល។

៥. កាត់ម្សៅនំល្ងនោះជា ៥ ចំណែកស្មើគ្នា ហើយធ្វើវាឲ្យចេញជារាងមូលដូចគ្នា។

៦. ធ្វើឲ្យម្សៅនំពណ៌សទាំង៥ចំណែកឲ្យវាសំប៉ែត  ​រួចដាក់ស្នូលចូល រួចធ្វើវាទៅជារាងត្រីកោណ។ 

៧. ធ្វើម្សៅនំល្ងទាំង៥ ឲ្យសំបែតដើម្បីគ្របពីលើម្សៅនំពណ៌ស។ 

៨. លាបទឹកពីលើម្សៅនំពណ៌សហើយយកម្សៅនំល្ងគ្របពីលើខ្លួននំពណ៌សលើកលែងតែក្បាលរបស់ម្សៅនំពណ៌ស។ 

៩. យកប្រើកន្ត្រៃដើម្បីកាត់ផ្នែកតូចៗនៅផ្នែកខាងក្រោយរបស់នំឲ្យមានជារូបរាងកាំប្រម៉ា ហើយដាក់ទ្រាប់ក្រដាសតូចមួយខាងក្រោមនំទាំងអស់ដើម្បីកុំជាប់សិ្អតក្នុងឆ្នាំងពេលកំពុងចំហុយ។

១០. តុបតែងមុខរបស់នំជាមួយ ល្ង២គ្រាប់ជាភ្នែក។ 

១១. ដាក់នំទាំងអស់ក្នុងឆ្នាំងចំហុយដោយបាញ់ទឹកតិចៗលើនំហើយទុកនំឲ្យរីកធំជាងមុននៅកន្លែងក្តៅល្មមប្រហែល ៤០ ទៅ ៥០​នាទី។ 

១២.​ ដាក់ចំហុយនំក្រោមកម្តៅក្តៅល្មម ពេលដែលទឹកពុះបន្ថយភ្លើងហើយចំហុយប្រហែល ១៣នាទីជាការស្រេច។ 

 ប្រភព៖ Cooking in Chinglish

 **ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់