មកដឹងពីវិធីធ្វើដុំបាយបំពងឈីស រសជាតិឈ្ងុយឆ្ងាញ់ ប្លែក ហើយស្រួលធ្វើទៀត!

អ្នកណាគេខ្លះចូលចិត្តបាយ អត់មិនបាន ញ៉ាំមិនឆ្ងាញ់ លេបមិនចូល? បើចូលចិត្តម្លឹងៗ ថ្ងៃនេះចាំក្រុម FoodBuzz យើងមកប្រាប់ពីវិធីច្នៃបាយមួយឲ្យកាន់តែឆ្ងាញ់ ប្លែក រសជាតិបំភ្លេចមិនបាន។ បាយ​នេះ ហៅថា ដុំបាយបំពងឈីស មានរសជាតិប្រៃតិច ផ្អែមតិច ហឹរតិច ឈីសៗ និយាយទៅឆ្ងាញ់តែម្ដង!

គ្រឿងផ្សំ

១. បាយ (៥០០ ក្រាម)

២. សារ៉ាយ 

៣. បង្គាក្រៀម

៤. គ្រាប់ល្ងស (២០ ក្រាម)

៥. គ្រាប់ល្ងខ្មៅ (២០ ក្រាម)

៦. ពងទា (១ គ្រាប់)

៧. កម្ទេចនំបុ័ង

៨. ប្រហិតសាច់ក្ដាម (ហាន់ជាចំណិតជ្រុងតូចៗ)

៩. ឈីស Cheddar (ហាន់ជាដុំតូចៗ)

១០. ទឹកសុីអុីវ (២ ស្លាបព្រាបាយ)

១១. ស្ករ (១ ស្លាបព្រាបាយ)

១២. ម្ទេសម៉ត់ (កន្លះស្លាបព្រាបាយ)

១៣. ម្ទេសឆា (កន្លះស្លាបព្រាបាយ)

១៤. ប្រេងឆា (កន្លះស្លាបព្រាបាយ)

វិធីធ្វើ 

១. លាយទឹក Sauce សម្រាប់លាយបាយដោយលាយទឹកសុីអុីវ ស្ករ
ម្ទេសម៉ត់ ម្ទេសឆា ប្រេងឆា ចូលគ្នាឲ្យសព្វ

២. យកចានធំមួយហើយដាក់បាយ សារ៉ាយ បង្គាក្រៀម គ្រាប់ល្ងស គ្រាប់ល្ងខ្មៅ និង​ទឹក Sauce ដែលលាយរួចចូល

៣. កូរទាំងអស់ចូលគ្នាឲ្យសព្វល្អ

៤. គោះពងទាមួយ និងរៀបចំកម្ទេចនំបុ័ងសម្រាប់ប្រឡាក់ដុំបាយ

៥. ពូនបាយឲ្យចេញជារាងដុំមូលៗ ដោយដាក់ប្រហិតសាច់ក្ដាម និងឈីសនៅចំកណ្ដាល

៦. ប្រឡាក់ដុំបាយក្នុងពងទា និងកម្ទេចនំបុ័ងដែលរៀបចំរួច

៧. បើកភ្លើងឲ្យខ្លាំង ដាក់ខ្លាញ់ឲ្យក្ដៅ ហើយដាក់ដុំបាយចូលបំពងឲ្យោឡើងពណ៌ជើងអង្រ្កង (ប្រហែល ៣-៤ នាទី)

៨. ដាក់ទឹកមេយ៉ូណេសសម្រាប់ជ្រលក់ (មានក៏បាន អត់ក៏បាន)

ដុំបាយបំពងឈីសនេះមានរសជាតិឆ្ងាញ់ហើយប្លែក អាចធ្វើញ៉ាំបានលឿនៗ ងាយៗ! សាកធ្វើមើល ដឹងតែជាប់ចិត្ត ញ៉ាំជក់មាត់ ដកមាត់មិនរួចតែម្ដង!

អត្ថបទគួរតែអានបន្ទាប់