ប្លែកមែនទែន ជាមួយការច្នៃអំបុកមកធ្វេីជាសាច់មាន់បំពងឈីសពោត!

ធ្លាប់តែញុំាសាច់មាន់បំពងតាមហាង fast food និងសាច់មាន់បំពងបែបកូរ៉េ តែឥឡូវយេីងមានសាច់មាន់បំពងបែបខ្មែរ ជាមួយអំបុក ដែលអ្នកទាំងអស់គ្នាប្រហែលជាមិនដែលប្រទះពីមុនមក។ រូបមន្តនេះគឺយកអំបុកខ្មែរយេីងហ្នឹង មកច្នៃចេញជាមុខម្ហូបថ្មី ប្លែកមួយ។ កាន់តែពិសេសជាមួយឈីសនិងពោតដែលយេីងនឹងដុតញុំាជាមួយសាច់មាន់ រសជាតិគឺអ៊ែមម៉ង។ 

គ្រឿងផ្សំ៖ 

ទឹកឆ្អិន កន្លះកូនចានចង្កឹះ
ទឹក​ស៊ីអ៊ីវ 2 ស្លាបព្រាបាយ
ស្ករស 1 ស្លាបព្រាបាយ
ម្សៅស៊ុបខ្នរ 1 ស្លាបព្រាបាយ
ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ
ម្រេច កន្លះស្លាបព្រាបាយ
ស្លឹកខ្ទឹម 2 ស្លាបព្រាបាយ + សម្រាប់រោយពីលេី
សាច់មាន់ កន្លះគីឡូ
ម្សៅសបំពង 1 ចាន
អំបិល 1 ចុងស្លាបព្រាបាយ
ពងមាន់ 3 គ្រាប់
អំបុក 1 ចាន
ប្រេងឆា 
ប័រ 4 ចំណិត
ឈីស 1  កូនចានចង្កឹះ
ពោតលឿងឆ្អិន សម្រាប់រោយពីលេី

វិធីធ្វើ៖ 

1. ដំបូងយេីងចាប់ផ្តេីមលាយគ្រឿងសម្រាប់ត្រាំសាច់មាន់។ ហាន់សាច់មាន់ជាដុំតូចៗ រួចទុកមួយឡែកសិន។ ដាក់ទឹកឆ្អិនចូលចានទទេរមួយ រួចដាក់ទឹកសុីអុីវ ស្ករស ម្សៅស៊ុបខ្នរ ខ្ទឹមសចិញ្ច្រាំ ស្លឹកខ្ទឹម និងម្រេចចូល។ លាយឲ្យសព្វហេីយបានយេីងដាក់សាច់មាន់ចូល។ 

2. ត្រាំរយះពេលប្រហែល 30 នាទី។ ក្រោយយេីងត្រាំហេីយ បានយេីងអាចប្រឡាក់សាច់ដេីម្បីបំពង។ មុននឹងយេីងចាប់ផ្តេីម យេីងត្រូវរៀបចំគ្រឿងផ្សំឱ្យហេីយ។ កូរម្សៅសយេីងអោយបាត់ដុំតូចៗ និងអាចរោយល្អ។ បន្ទាប់មកដាក់អំបិលចូល ហេីយកូរចូលគ្នាអោយសប់ល្អ។ គោះពងមាន់ដាក់ចូលចានផ្សេង។ 

3. សាច់មាន់ដែលត្រាំហេីយគឺត្រូវជ្រលក់ជាមួយម្សៅជាមុន បន្ទាប់មកជ្រលក់ជាមួយពងមាន់ ហេីយជាទីបញ្ចប់គឺប្រឡាក់ជាមួយអំបុក។ មកដល់វគ្គបំពងហើយ! ដាក់ប្រេងឆាអោយក្តៅល្អហេីយ អាចចាប់ផ្តេីមបំពង ក្នុងរយៈពេលពី 2 ទៅ 3 នាទី។ 

 

 

 

4. លាបប័រអោយសប់លេីខ្ទះ បន្ទាប់មករោយឈីសអោយសប់ពីលេីខ្ទះ។ តំរៀបសាច់មាន់ចំកណ្តាលនៃខ្ទះ រួចដុតដោយប្រេីកម្តៅតិចៗ។ នៅពេលឈីសចាប់រលាយហេីយ រោយស្លឹកខ្ទឹមនិងពោតលឿងឆ្អិនពីលេីឈីស។ 

រូបមន្តនេះគឺត្រូវម៉ាច់ជាមួយប្រិយមិត្តដែលចង់សាកជាមួយរសជាតិអំបុកថ្មី ហេីយទំនងទៀត។ ចឹងសាកធ្វេីទាំងអស់គ្នាណា៎!

អត្ថបទគួរតែអានបន្ទាប់