កន្លែងប្រជុំហាងអាហារថ្មី! វិថីអាហារចុច១ បម្រើអាហារច្រើនជាតិសាសន៍ដែលអ្នកគួរតែសាក
ស្ថិតនៅម្ដុំផ្សារទំនើបអ៊ីអនសែនសុខ វិថីអាហារចុច ១ បានបង្ហាញខ្លួនជាកន្លែងប្រជុំអាហារថ្មីមួយដែលអ្នកអាចអង្គុយពិសាអាហារយ៉ាងឈ្ងុយឆ្ងាញ់ជាមួយនឹងមុខម្ហូបអាហារជាច្រើនប្រភេទក្នុងទីធ្លាធំទូលាយល្អ។ ចង់ញ៉ាំជាអាហារចិន ឬជប៉ុន ឬខ្មែរ ដឹងតែពិសេសព្រោះអាហារមួយមុខៗត្រូវបានចម្អិនដោយចុងភៅពីតំបន់មួយៗផ្ទាល់។
#ទាខ្វៃភ្នំពេញ
ចង់ញ៉ាំបាយ ឬមីទាខ្វៃម្ដងៗ ត្រូវចូលហាងមែនទេ? បើមិនចង់ចូលហាងក៏អាចមកត្រឹមវិថីអាហារចុច ១ ក៏អាចញ៉ាំបាយទាខ្វៃ រួចអង្គុយជជែកពិភាក្សាជាមួយមិត្តភក្ដិ ឬអ្នករួមការងារបានយ៉ាងស្រួល និងសាមញ្ញ។ ទាខ្វៃភ្នំពេញមានបម្រើជូនសាច់ខ្វៃជាមួយបាយ ឬមីជាច្រើនប្រភេទតាំងពីព្រឹក រហូតដល់រសៀលតែម្ដង។
#Kilin
Kilin ជាហាងអាហារដែលមានបម្រើអាហារចិនដោយជនជាតិចិនពីរនាក់ម្ដាយកូន ដូច្នេះអាហារនៅទីនេះមានរសជាតិដូចថ្មីដៃតាមផ្ទះអ៊ីចឹង។ ថ្មីត្បិតតែអាហារនៅហាងមិនមានច្រើនមុខ តែអ្នកនឹងបានពិសាគាវចៀន ឬបាយសាច់ជ្រូក ឬមីល្ងត្រជាក់បានយ៉ាងឆ្ងាញ់ពិសា។
#ផ្ទះអ្នកបាត់ដំបង
គ្រាន់តែលឺឈ្មោះ កីដឹងហើយថាហាងមួយនេះប្រាកដជាបម្រើអាហារខ្មែរ។ ផ្ទះអ្នកបាត់ដំបងត្រូវបានទទួលការគាំទ្រយ៉ាងច្រើន ថែមទាំងមានសាខាជាច្រើនហូរហែនៅរាជធានីភ្នំពេញ ហើយនៅចុច១ នេះក៏ជាសាខាថ្មីមួយផងដែរ។
#កាហ្វេពន្លឺជីវិត
ចង់បានភេសជ្ជៈអ្វីញ៉ាំក៏បាន មានទាំងកាហ្វេក្ដៅ/ត្រជាក់ តែបៃតងទឹកដោះគោ ថែមទាំងភេសជ្ជៈគ្រឿងកំប៉ុងជាច្រើនផ្សេងទៀតផងដែរ។
#Taste of Japan
បើឈរនៅមុខ Taste of Japan នេះវិញ ដឹងតែពិបាកចិត្ត មិនដឹងរើសយកអាហារមួយណាមិនខាន ព្រោះមានមុខម្ហូបជាច្រើននៅលើម៉ឺនុយដែលនឹងមិនធ្វើឲ្យអ្នកជិនណាយនឹងអាហារដដែលៗជារៀងរាល់ថ្ងៃឡើយ។
#台品潮味砂锅粥 宵夜
ហាងមួយនេះ កាន់តែពិបាកសម្រាប់អ្នកមិនចេះភាសាចិនដូចអេតមីន គឺថាអានមិនដាច់ មើលអត់យល់តែម្ដង។ តែចង់ប្រាប់ថាបើបានសាកអាហារហើយ ទោះមិនយល់ក៏ដឹងតែចង់សាកម្ដងទៀតដែរ។ ជាពិសេសបបរគ្រឿងសមុទ្រនៅទីនេះ ត្រូវតែសាក។
#88 Bar
កំពុងតែរកកន្លែងញ៉ាំអី ហើយមានបារអង្គុយផឹកបានល្មម! អ៊ីចឹង មក 88 Bar ហៅស្រាបៀរ ឬស្រាក្រឡុក ក្លែមជាមួយនឹងជម្រើសអាហារជាច្រើននៅវិថីអាហារចុច ១ នេះមក។
ចំណាំ៖ មុនចូលកុម្ម៉ង់អាហារ ប្រិយមិត្តត្រូវប្ដូរសាច់ប្រាក់ ដើម្បីយកកាតទៅប្រើប្រាស់ទិញអាហាររបស់លោកអ្នកនៅឯខោនធ័រប្ដូរប្រាក់ជាមុនសិន។ តម្លៃបញ្ចូលទឹកប្រាក់ចាប់ពី $10 ឡើងទៅ។ ក្នុងករណីប្រើប្រាស់មិនអស់ ប្រិយមិត្តក៏អាចប្ដូរយកទឹកប្រាក់វិញផងដែរ។
វិថីអាហារចុច ១ នឹងមានហាងអាហារជាច្រើនហូរហែផ្សេងទៀតជាច្រើនមកដល់ឆាប់ៗនេះ!
ម៉ោងបើក៖ 7AM – 11PM
ទីតាំង៖ វិថីឧកញ៉ាម៉ុងឫទ្ធី (1928) ភូមិបាយាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជិតសផ្សារទំនើបអ៊ីអនសែនសុខ) | Googlemap