ចង់ញ៉ាំម្ហូបអ៊ីតាលីរសជាតិដើមក្នុងបរិយាកាសរ៉ូមែនទិក? នៅ Fellini មានទាំងអស់!  

ល្ងាចឡើង ស្រាប់តែនឹកឃើញចង់ញ៉ាំអាហារអ៊ីតាលី តែមិនដឹងថាគួរទៅណាមែន៎? បើចង់បានរសជាតិដើមពិតៗ ហើយចូលចិត្តស្ងាត់ៗ លក្ខណៈថាបរិយាកាសរ៉ូមែនទិកអ៊ីចឹង FoodBuzz មានកន្លែងមួយចង់ណែនាំ!!!

ទោះបីនៅកណ្តាលក្រុងសៀមរាបក៏ពិតមែន តែរាងលាក់ខ្លួនបន្តិច ប៉ុន្តែកុំបារម្ភនៅ Fellini Siem Reap មិនមែនស្ងាត់ជ្រងំទេ គឺស្ងាត់បែប chill ជាមួយភ្លេងរណ្តំតិចៗ អមនឹងការតុបតែង ក៏ដូចជារចនាដោយប្រើពណ៌ស ដែលមានលក្ខណៈទាន់សម័យបែបអឺរ៉ុប តែក៏លាយឡំជាមួយនឹងសិល្បៈខ្មែរយើងផងដែរ។ 

អ្វីដែលពិសេសនោះ គឺថាហាងអាហារអ៊ីតាលីមួយនេះ ត្រូវបានបង្កើត និងគ្រប់គ្រងដោយជនជាតិអ៊ីតាលីផ្ទាល់ គ្រឿងផ្សំភាគច្រើនក៏ត្រូវបាននាំចូលពីប្រទេសអ៊ីតាលីផងដែរ។ ហេតុនេះហើយ ទាំងជនជាតិអ៊ីតាលីនៅលើទឹកដីអង្គរ ដែលនឹករសជាតិអាហារដើម ទាំងអ្នកដែលស្នេហាអាហារអ៊ីតាលី មិនគួររំលងកន្លែងមួយនេះទេ។  

Fellini មានបម្រើជូននូវម្ហូបអ៊ីតាលីជាច្រើនជម្រើស រួមទាំងបង្អែម និងស្រាច្រើនបែប ដែលត្រូវបានសម្រិតសម្រាំងជ្រើសរើស ហើយរសជាតិរឹតតែពិសេស ពេលញ៉ាំអមជាមួយនឹងម្ហូប ក្រោមពន្លឺភ្លើងតិចៗរំលេចចេញសម្រស់ធម្មជាតិ និងការតុបតែងរចនាយ៉ាងទាក់ភ្នែក។ 

បើមានឱកាសទៅជាមួយដៃគូស្នេហា ឬ ម្ចាស់បេះដូង សម្រាប់ការណាត់ជួបញ៉ាំអាហារក្រោមពន្លឺព្រះច័ន្ទនោះ FoodBuzz ចង់ណែនាំឲ្យសាកអាហារ 1 ឈុតនេះ ដែលមាន Pizza Allo Scoglio, Ravioli Neri Alla Mediterranea និង Tiramisu Classio ថែមស្រាអ៊ីតាលីតាមចំណូលចិត្តម្នាក់មួយកែវទៀតក៏បាន ព្រោះសុទ្ធតែជាម្ហូបពិសេសប្រចាំហាង និងត្រូវបានណែនាំដោយចុងភៅផ្ទាល់។

Pizza Allo Scoglio ជាប្រភេទភីហ្សាដុតភ្លាមៗ ដែលមានគ្រឿងសមុទ្រស្រស់ៗ ជាមួយនឹងប៉េងប៉ោះនៅពីលើស្នូលធ្វើពីម្សៅអ៊ីតាលី។

ចំណែកម្ហូបទីពីរ ជាផាស្តារាងដូចគាវ ខ្ចប់សាច់គ្រឿងសមុទ្រប៉ុន្មានមុខចូលគ្នា ស្រូបដោយទឹកជ្រលក់មានជាតិគ្រីម ញ៉ាំជាមួយគ្នាទៅ ប្លែកមាត់ម្យ៉ាង។ 

រីឯ Tiramisu Classio វិញ ក៏ត្រូវបានលក់ខ្លាំងផងដែរ ជាមួយនឹងរសជាតិដើមយ៉ាងពិសេស ដែលបិទបញ្ចប់អាហារមួយពេលដ៏មានន័យរបស់អ្នក ឲ្យរឹតតែពិបាកបំភ្លេច។ 

ប៉ុន្តែបើសិនជាមិនមានគូទេ ញ៉ាំជាលក្ខណៈមិត្តភក្តិ ឬ គ្រួសារក៏បានដែរណា៎!

Fellini Siem Reap

  • Bamboo Street, Wat Damnak Village, Salakamreuk Commune, Siem Reap
  • 061 813 007

អត្ថបទគួរតែអានបន្ទាប់