ជិះក្បូនលេងតាមគង្គា ហើយញ៉ាំអាហារតាមដងស្ទឹងរលួសបែបនេះម្ដងបានទេ?

ដឹហាត់ (The Hut) ក្នុងសហមគន៍ភូមិស្ទឹង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការបម្រើនូវអាហារនៅក្បូនបណ្តែតទឹកតាមដងស្ទឹងដ៏ស្រស់ត្រកាល។

នៅលើដងផ្លូវជាតិលេខ 6 ទល់មុខផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានស្លាកសញ្ញាបង្ហាញផ្លូវចូលទៅកាន់ទីកន្លែងពិសាអាហារដែលនៅលាក់ខ្លួនក្នុងឧទ្យានផ្កាដ៏ស្រស់ស្អាត ក្រោមមែកឈើយ៉ាងត្រជាក់ត្រជំ។ 

ធ្វើដំណើរតាមផ្លូវចូលទៅដងស្ទឹង យើងឃើញមានកញ្ចុះអង្គុយតូចៗជាទោងអមដោយកន្សែងពណ៌សធ្វើវំាងននយ៉ាងទាក់ទាញ ក៏ដូចជាកញ្ចុះធំសម្រាប់ក្រុមមានច្រើនគ្នានៅអមដោយរុក្ខាខៀវស្រងាត់។​

សម្រាប់កន្លែងដែលពិសេសប្លែកភ្នែកនោះគឺ កន្លែងអង្គុយនៅលើក្បូនឫស្សីលម្អដោយផ្កាច្រើនពណ៌យ៉ាងទាក់ភ្នែក ដែលភាគច្រើនមានគេកក់យកមុន ដូចនេះត្រូវតែធ្វើការកក់ទុក តែពេលខ្លះ អ្នកក៏អាចឡើងជិះថតរូបលេងកម្សាន្តនៅលើក្បូន ឬ ទោងរំយោលនៅលើស្ទឹងផងដែរ។​

ម្ហូបអាហារនៅ ដឹហាត់ ភាគច្រើនមានលក្ខណៈប្លែកពីកន្លែងដទៃ ជាពិសេសទឹកជ្រលក់ដែលញ៉ាំហើយដក់រសជាតិជាប់ក្នុងចិត្ត។​ ឈុតដែលពេញនិយមជាងគេនៅទីនេះ គឺឈុតមាន់ដុតទឹកឃ្មុំ ជាមួយនឹងត្រីដុតអំបិល អមដោយនំបញ្ចុក និងបន្លែស្រស់ៗធម្មជាតិពិតៗ ព្រោះត្រូវបានដាំដោយផ្ទាល់ដោយអ្នកភូមិ។​

បើអ្នកមិនចាញ់ក្លិនទេ អ្នកប្រាកដជាចូលចិត្តទឹកកាពិឆា ដែលអាចជ្រលក់ជាមួយសឹងតែគ្រប់មុខ (សាច់មាន់ ត្រី បន្លែ ។ល។ ដាក់នំបញ្ចុកបន្តិច ចាប់បន្លែដែលចូលចិត្តដាក់ផ្ទាប់ លាយសាច់ត្រី ហើយជ្រលក់ទឹកត្រីផ្អែម ដឹងតែជាតិតែម្ដង!

រីឯសាច់មាន់វិញ គ្រឿងបានប្រឡាក់បានចូលសព្វសាច់បានយ៉ាងល្អ​​ ដែលសាកសមបំផុតពេលញ៉ាំពេលក្តៅៗស្រួយៗ កំឡុងពេលខ្យល់ធ្លាក់ត្រជាក់តិចៗបែបនេះ។ ផ្ទាប់នឹងអន្លក់ ថែមទឹកប្រហុក ឬ ទឹកកាពិពិសេស ឬ ទឹកត្រីកោះកុង រសជាតិបែបនេះដក់ជាប់អារម្មណ៍ពិបាកនឹងបំភ្លេចបានណាស់។

ម្ហូបមួយទៀតដែលលក់ដាច់ប្រចាំហាង​ គឺទឹកគ្រឿងបែបអ្នកបាត់ដំបង ដែលគេហៅថា «បុកព្រឹក»​ មានរសជាតិគ្រប់ទាំងអស់ចូលគ្នាយ៉ាងល្អ ទាំងជូរ ហឹរ ប្រៃ និងផ្អែម។ សូមកុំភ្លេចសាក បើមានឱកាសទៅដល់ណា៎!

អាហារមួយពេលនៅក្រោមម្លប់ត្រជាក់ អមដោយខ្យល់ធម្មជាតិរំភើយៗ នៅក្បែរមាត់ទឹក ឬនៅលើទឹកតែម្តង ជាពេលវេលាដ៏ល្អសម្រាប់ការលំហែនាពេលឈប់សម្រាកជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ។ 

ដឹហាត់ - The Hut

អត្ថបទគួរតែអានបន្ទាប់