វិធីងាយៗក្នុងការធ្វើនំសាំងវិចពងមាន់ក្រឡុកដាក់លើឈីសដ៏ឈ្ងុយឆ្ងាញ់!!

មួយថ្ងៃៗយើងគ្រប់ៗគ្នាគឺកាន់តែមមាញឹកទៅហើយ ទោះបីជាចេះធ្វើម្ហូបឆ្ងាញ់ៗ ដូចម្ហូបលំដាប់ក៏ដោយ ពេលខ្លះសឹងតែគ្មានពេលគ្រប់គ្រាន់សម្រាប់ធ្វើម្ហូបទាំងអស់នោះផង។ ដោយសារតែដឹងថាបងប្អូនយើងរវល់ចឹងហើយបានក្រុម​​ Cookbuzz  បង្កើតរូបមន្តម្ហូបថ្មីៗជាច្រើន ដែល​មាន​រសជាតិ​ឆ្ងាញ់ ងាយស្រួលក្នុងការររកគ្រឿង និងរៀបចំធ្វើផងដែរ ព្រមទាំង​មាន​តម្លៃ​សមរម្យទៀត។ ដូច្នេះថ្ងៃនេះ Cookbuzz នឹងណែនាំម្ហូបមួយដែលមានឈ្មោះថា នំសាំងវិចពងមាន់ក្រឡុកដាក់លើឈីស​ (Egg rolled cheese sandwich) វាជាម្ហូបមួយមុខដែលស័ក្តិសមបំផុតសម្រាប់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ នៅចាំអីទៀត? តោះចាប់ផ្តើមធ្វើទាំងអស់គ្នា។

ដំបូង យើងចាប់ផ្តើមរៀបចំធ្វើពងមាន់របស់យើងសិន ហើយអ្វីដែលយើងត្រូវការនោះមានដូចជា

គ្រឿងផ្សំ៖

  • នំប៉័ង
  • ស៊ុត​ (ពងមាន់)
  • ឈីសបន្ទះ
  • ស្លឹក thyme
  • ម៉ាយ៉ូណែស
  • ម្រេចម៉ដ្ឋ
  • ស្ករស
  • ទឹកស៊ីអុីវ
  • ម្សៅស៊ុប
  • ម្សៅខ្ទឹម

ឥឡូវ​យើង​មាន​គ្រឿង​ផ្សំ​ទាំង​អស់​ហើយ យើង​ចាប់​ផ្ដើម​ធ្វើ​ស៊ុតសម្រាប់នំប៉័ង​របស់​យើង៖

គ្រឿងផ្សំ និងពិធីធ្វើ៖

  • ដាក់ស៊ុតស្ងោររយៈពេល 10 ទៅ​ 15 នាទី
  • ពេលឆ្អិនយកស៊ុតនោះត្រាំក្នុងទឹកកក ឬទឹកត្រជាក់មួយសន្ទុះ ដើម្បីឲ្យវាងាយស្រួលបក
  • យើងយកស៊ុតដែលបករួចនោះមកសង្កត់ឲ្យបានម៉ដ្ឋល្អ
  • បន្ទាប់មក យើងដល់ពេលដាក់គ្រឿងចូលក្នុងស៊ុតដែលយើងបានសង្កត់នោះ ឲ្យវាមានរសជាតិ។

គ្រឿងផ្សំ និងពិធីធ្វើ៖

  • ដាក់ម៉ាយ៉ូណែសឲ្យសមល្មមជាមួយស៊ុត
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអុីវ​​ ២ ស្លាបព្រាកាហ្វេ
  • ម្រេចមួយចឹប ដើម្បីឲ្យមានក្លិនឈ្ងុយ (តាមចំណង់ចំណូលចិត្ត)

ឥឡូវយើងលាយគ្រឿងស៊ុតយើងរួចរាល់ ហើយមានរសជាតិឆ្ងាញ់ថែមទៀត។ ដល់ពេលយើងចាប់ផ្តើមរៀបចំធ្វើសាំងវិច ដោយដាក់ស៊ុតចូលនំប៉័ង។

  • យកនំប៉័ងរបស់យើងមក រួចវះវាបន្តិចសម្រាប់ដាក់បន្ទះឈីសចូល 
  • រួចដាក់ស៊ុតដែលបានធ្វើរួចនោះជាស្នូល
  • រោយស្លឹក​ thyme ពីលើបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយ

រួចជាការស្រេច! CookBuzz ប្រាប់ហើយថាងាយស្រួលណាស់។​ ឥឡូវនេះអ្នកដឹងពីរបៀបធ្វើម្ហូបដ៏ឆ្ងាញ់ និងសាមញ្ញនេះហើយ កុំភ្លេចធ្វើឲ្យគ្រួសារ និងមិត្តភក្តិញ៉ាំផង។ យកជំនាញថ្មីនេះទៅអួតពួកគាត់ខ្លះមើល។ ចំពោះបងប្អូនយើងណានៅមិនសូវជំនាញធ្វើម្ហូបអី កន្លែងនេះហើយគឺល្អបំផុតសម្រាប់អ្នក។ ចាប់ផ្តើមរៀនចម្អិនអាហារជាមួយ CookBuzz ចាប់ពីពេលនេះតទៅ!!

អត្ថបទគួរតែអានបន្ទាប់