នៅវង់តូចវង់ធំអង្គរមួយថ្ងៃពេញ ចង់ញ៉ាំឆ្ងាញ់ប្លែកមាត់មកសាកប៉ុន្មានកន្លែងនេះ
បានមកដល់ទឹកដីក្រុងសៀមរាប ប្រាកដជាកម្រមានអ្នករំលងទស្សនាកម្សាន្តនៅតំបន់អង្គរណាស់ ហើយបើបានទៅដល់ទីនោះហើយ តែដូចជាមានអារម្មណ៍ថាឃ្លានអីចឹង កុំបាច់បារម្ភថាអត់សូវមានអីញ៉ាំអីណា៎…ក្នុងអត្ថបទនេះ FoodBuzz នឹងណែនាំមិត្តអ្នកអាននូវជម្រើសនៃអាហារតំបន់មួយចំនួន ដែលភាគច្រើនសុទ្ធតែជាកន្លែងដែលអ្នកតំបន់ចូលចិត្តញ៉ាំ…
#1 បាយថ្ងៃត្រង់ ជាមួយមាន់ដុត និងម្ហូបស្រុកស្រែ
មានច្រើនជម្រើសដែរ អ្នកអាចញ៉ាំនៅតាមតូបជុំវិញត្រពាំងសេះ (នៅពីមុខបញ្ឆិតប្រាសាទអង្គរវត្ត) ឬនៅតាមហាងដែលមានកញ្ចុះអង្គុយលេង នៅសងខាងផ្លូវវាង (ខាងត្បូង) ប្រាសាទអង្គរក៏បានដែរ។
ដែលក្នុងនោះមាន «អាហារដ្ឋានប្រហុក» ដែលក្រុមការងារធ្លាប់បានភ្លក្សរសជាតិអាហារ បរិយាកាសក៏ស្រស់ស្រាយ ម្ហូបក៏ឆ្ងាញ់ផងដែរ។
ម៉ោងដំណើរការ ៖ 10 ព្រឹក - 7 ល្ងាច
លេខទូរស័ព្ទ ៖ 012 991 971
ទីតាំង ៖ តាមផ្លូវទៅអង្គរ (ផ្លូវខាងលិច) ហួសកន្លែង ឆែកសំបុត្រ 500ម | Googlemap
សម្រាប់អ្នកដែលជិះហួសប្រាសាទអង្គរទៅដល់ម្តុំប្រាសាទស្រះស្រង់អីហើយ មិនបាច់ជិះបកមកវិញទេ នៅអមខាងត្បូងនៃប្រាសាទស្រះស្រង់ ក៏មានកន្លែងញ៉ាំបាយមាត់ដុតដែរ។ ពេលដែលជិះទៅខាងត្បូងប្រាសាទ នឹងឃើញមានផ្លូវភូមិមួយ ដែលមានស្លាកឈ្មោះហាងមួយចំនួនទៀត។
នៅម្តុំនេះ ហាងដែលយើងជាប់ចិត្តជាងគេ គឺ «អាហារដ្ឋាន ខ្ទមស្រែ ស្រះស្រង់ខាងត្បូង»។
ម៉ោងដំណើរការ ៖ 9 ព្រឹក - 5 ល្ងាច
លេខទូរស័ព្ទ ៖ 078 334 496
ទីតាំង ៖ (ស្រះស្រង់ខាងត្បូង) ភូមិស្រះស្រង់ត្បូង សង្កាត់នគរធំ ខេត្តសៀមរាប | Googlemap
#2 បាញ់ឆែវ
នៅផ្លូវចំពីមុខប្រាសាទអង្គរវត្តតែម្តង «អាហារដ្ឋានបាញ់ឆែវអង្គរ» ជាកន្លែងពេញនិយមមួយរបស់អ្នកសៀមរាបភាគច្រើន ដែលមានលក់បាញ់ឆែវឆ្ងាញ់ពិសា និងអាហារសម្រន់ផ្សេងទៀត ដូចជាបាញ់ហយ ប្រហិតចៀន សាច់គោអាំង ។ល។
ម៉ោងដំណើរការ ៖ 1 រសៀល - 8 យប់
លេខទូរស័ព្ទ ៖ 012 779 722
ទីតាំង ៖ ផ្លូវមុខប្រាសាទអង្គរ ជាប់ផ្លូវបេតុងត្រពាំងសេះ | Googlemap
បើសិនបើអ្នកជិះតាមផ្លូវដូចគ្នា (តម្រង់មកខាងអាកាសយានដ្ឋានសៀមរាប) ក៏មាន២-៣កន្លែងទៀតដែរ ដូចជានៅជិតកន្លែងជិះបាល់ឡុង ភោជនីយដ្ឋានបា្រសាទនាងពៅ (ជិតដល់ព្រលានយន្តហោះ)។
#3 នំបញ្ចុកទឹកប្រហុក
ថ្វីត្បិតថាជាម្ហូបដែលទើបតែល្បីថ្មីៗនេះ តែរសជាតិពិតជាដូចកិត្តិនាមដែលល្បីតៗគ្នាមែន។ «នំបញ្ចុកទឹកប្រហុក រសជាតិខ្មែរ» ជាកន្លែងដែលយើងចូលចិត្ត…នំបញ្ចុកធ្វើថ្មីៗ ផ្ទាប់ជាមួយនឹងបន្លែស្រុះ និងស្រស់ ថែមសម្លឆ្ងាញ់ អមដោយទឹកអំពៅស្រស់ៗត្រជាក់ៗ
ម៉ោងដំណើរការ ៖ 1 រសៀល - 8 យប់
លេខទូរស័ព្ទ ៖ 012 85 92 85
ទីតាំង ៖ មាត់ត្រពាំងសេះខាងជើង (ខាងជើងឆៀងខាងលិចអង្គរវត្ត)
លោកអ្នកក៏អាចស្វែងរកកន្លែងមួយចំនួនទៀត នៅលើផ្លូវទៅភ្នំបាក់ខែងផងដែរ។
#4 បបរមាន់
នរណាៗក៏ល្បីពីបបរមាន់បាក់ខែងដែរ អញ្ចឹងហើយ ពេលមកដល់មុខភ្នំបាក់ខែង ក្រឡេកទៅមើលមួយខាងទៀតនៃផ្លូវ អ្នកនឹងឃើញមានតូបលក់បបរមាន់ក្តៅៗហ៊ុយៗជាមិនខាន… ញ៉ាំពេលហត់អស់កម្លាំង ឬមេឃត្រជាក់ ជាតិខ្លាំងណាស់ណា៎!