របៀបធ្វើគាវបំពងស្នូលសាច់ជ្រូកបង្គារ ងាយៗនិងមានរសជាតិឆ្ងាញ់!
ចង់ញ៉ាំរបស់ឆ្ងាញ់ តែមិនអាចចេញទៅក្រៅញ៉ាំបាន? Foodbuzz យល់អារម្មណ៍អ្នកទាំងអស់គ្នា! ប៉ុន្តែកុំបារម្ភ ពួកយើងនឹងណែនាំវិធីធ្វើម្ហូបមួយមុខមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។ ទោះអត់សូវចេះធ្វើម្ហូបក៏អាចរៀនធ្វើញ៉ាំបានដែរ ព្រោះមុខម្ហូបមួយនេះមានភាពងាយស្រួលធ្វើមែនទែនហើយមានរសជាតិឆ្ងាញ់ទៀតផង!
នេះគឺជារបៀបធ្វើគាវបំពងស្នូលសាច់ជ្រូក និង បង្គារ៖
#គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម
- បង្គារចិញ្ច្រាំ ១០០ក្រាម
- ស្លឹកខ្ទឹមហាន់តូចៗល្មម ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប្រេងល្ង ១/២ស្លាបព្រាកាហ្វេ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ
- ម្រេច ១/៤ ស្លាបព្រាកាហ្វេ
- សំបកគាវ ២០សន្លឹក
- ប្រេងឆា
- ទឹកម្ទេស ឬ ទឹកសៀង
#របៀបធ្វើ៖
១. ស្នូលគាវ៖ ដាក់សាច់ជ្រូក និងបង្គារ (ចិញ្ច្រាំឲ្យតូចៗ) ស្លឹកខ្ទឹម ទឺកស៊ីអ៊ីវ អំបិល ប្រេងល្ង ម្សៅពោត និង ម្រេចចូលគ្នា រួចច្របល់អោយសព្វ។
២. ខ្ចប់គាវ៖ ដាក់សំបកគាវនៅលើចានរាបស្មើ បន្ទាប់មកដួសស្នូលគាវ១ស្លាបព្រាបកាហ្វេដាក់នៅចំកណ្តាលសំបកគាវ រួចយកទឹកមកលាបនៅជាយសំបកគាវ។ បត់សំបកគាវជារាងត្រីកោណ រួចសង្កត់បិទជុំវិញមាត់គាវ ដើម្បីកុំឱ្យមានខ្យល់ចូល។ បន្ទាប់មក យកកែងត្រីកោណ២មកសង្កត់ចូលគ្នា ហើយធ្វើបែបនេះរហូតដល់គ្រប់ចំនួនដែលអ្នកចង់បាន។
៣. បំពងគាវ៖ ដាក់ប្រេងឆាចូល ១/៣នៃខ្ទះ រួចបើកភ្លើងឱ្យខ្លាំង។ បន្ទាប់ពីខ្ទះក្ដៅ ដាក់គាវចូលរហូតដល់គាវឆ្អិនហើយប្តូរពណ៌ទៅជាពណ៌មាស រួចស្រង់ចេញជាការស្រេច។
៤. ដាក់ជ្រលក់ទឹកម្ទេស ឬ ទឹកសៀងតាមចំណង់ចំណូលចិត្ត៕
ប្រភព៖ marionskitchen