ទុរេនក្រៅពីញ៉ាំស្រស់ តើអាចធ្វើអី្វផ្សេងញ៉ាំបានខ្លះនៅផ្ទះ?
ចូលដល់រដូវសម្បូរផ្លែទុរេនអ៊ីចេះ មានគិតថាបើអត់ហូបទុរេនស្រស់ តើអាចធ្វើអីជាមួយនឹងផ្លែឈើទាំងនេះបាន? ដោយផ្លៃទុរេនជាផ្លែឈើដែលពេញនិយមបំផុតនៅភូមិភាគអាស៊ីអាគ្នេយ៍ ផ្លែឈើដែលមានក្លិនឈ្ងុយដិតមួយនេះត្រូវបានគេយកទៅច្នៃជាអាហារ និងបង្អែមជាច្រើនប្រភេទ។ ចង់ដឹងថា តើអ្នកធ្វើអ្វីជាមួយវាបានខ្លះបានមែនទេ? ម៉ោះ មកអានទាំងអស់គ្នា!
#1 ការ៉េមទុរេន
រដូវផ្លែទុរេន ចំខែក្ដៅល្មម! បើអាចច្នៃជាការ៉េមទុកញ៉ាំពេលនៅផ្ទះ តែមានអារម្មណ៍ថាក្ដៅ ចង់ញ៉ាំអីត្រជាក់ៗអ៊ីចឹង ដឹងតែមួយមុខនេះត្រូវមានចាំបាច់ក្នុងទូរទឹកកកហើយចឹង។ មិនតែប៉ុណ្ណោះ ងាយស្រួលនឹងធ្វើទៀតផង។ តោះ ចាប់ផ្ដើមធ្វើទាំងអស់គ្នា!
គ្រឿងផ្សំ៖ ផ្លែទុរេន, whipping cream, ទឹកដោះគោ
របៀបធ្វើ៖
- ក្រឡុកសាច់ទុរេននឹងទឹកដោះគោឲ្យម៉ដ្ឋល្អ
- វាយក្រឡុក whipping cream រហូតទាល់តែហាប់ណែនល្អ
- លាយទុរេន និង whipping cream ដែលវាយក្រឡុកហើយចូលគ្នាឲ្យសព្វល្អ
- រួចចាក់ចូលប្រអប់ ដាក់ឲ្យកកជាការស្រេច
#2 បាយដំណើបទុរេនសង្ឃា
គ្រឿងផ្សំ៖
- អំបិល ½ ស្លាបព្រាកាហ្វេ/tsp
- ខ្ទិះដូង ½ កូនចានចង្កឹះ/cup
- អង្ករដំណើប 2 កូនចានចង្កឹះ/cup
- ទឹក 2 ស្លាបព្រាបាយ/tbsp
- ស្ករស 4 ស្លាបព្រាបាយ/tbsp
- ទុរេន 200 ក្រាម
របៀបធ្វើ៖
- ដាំបាយឲ្យឆ្អិន រួចទុកដោយឡែកសិន
- ចាក់ខ្ទិះដូង ស្ករស អំបិល ទឹក និងទុរេនចូលក្នុងខ្ទះក្ដៅ កូររម្ងាស់រហូតទាល់ឆ្អិនល្អ
- ដួសបាយដំណើបដាក់ចាន ចាក់ទឹកសង្ឃាទុរេនពីលើបាយ រួចថែមខ្ទិះដូងពីលើបន្ដិច
- អាចបន្ថែមសាច់ទុរេនខាងក្រៅ ដើម្បីបន្ថែមរសជាតិបាយដំណើបសង្ឃារបស់អ្នក
#3 ទឹកកកឈូសទុរេន
គ្រឿងផ្សំ៖
- ទឹកដោះគោខាប់
- អំបិល
- Whipping cream
- ខ្ទិះដូង
របៀបធ្វើ៖
- វាយ whipping cream រហូតទាល់តែឡើងហាប់ណែន
- ចាក់ខ្ទិះដូងបន្ទិច អំបិល និងទឹកដោះគោខាប់ រួចកូរឲ្យសព្វ ដាក់ទូរទឹកកកឲ្យត្រជាក់ ដើម្បីបានជាគ្រីម
- ឈូសទឹកកក ដាក់សាច់ទុរេនអមជុំវិញទឹកកកឈូស រួចដួសគ្រីមដាក់ពីលើ ជាការស្រេច
#4 Pancake ស្នូលទុរេន
គ្រឿងផ្សំ៖ ផ្លែទុរេន, និងផ្សៅធ្វើ pancake (Pancake Mix)
របៀបធ្វើ៖
- ក្រឡុកសាច់ទុរេនឲ្យម៉ដ្ឋ និងហាប់ណែនល្អ រួចដួសទុកមួយឡែក
- លាយផ្សៅ Pancake ជាមួយទឹក ឬ ទឹកដោះគោ
- ចាក់ចូលខ្ទះល្មមមួយនំ ឆ្អិនបន្ដិចដាក់ស្នូលទុរេនដែលក្រឡុកហើយចូលប្រមាណមួយស្លាបព្រា
- ទុកល្មម pancake ឆ្អិន អាចលើកដាក់ចាន ត្រៀមញ៉ាំ។
#5 French Toast រសជាតិទុរេន
គ្រឿងផ្សំ៖
- ទុរេន 400 ក្រាម
- ស្ករស 40 ក្រាម
- ទឹកដោះគោខាប់ 80 មីលីលីត្រ
- ទឹក ½ កូនចានចង្កឹះ
- ស៊ុត 2 គ្រាប់
- ទឹកដោះគោ ½ កូនចានចង្កឹះ
របៀបធ្វើ៖
- លាយសាច់ទុរេន ជាមួយស្ករស និងទឹកដោះគោខាប់ ឲ្យសព្វល្អ
- ឆាសាច់ទុរេនដែលលាយហើយជាមួយទឹកក្នុងកម្ដៅតិចល្មម រយះពេល 10 នាទីរហូតដល់ស្ងួតទឹក
- បំបែកពងមាន់ លាយជាមួយទឹកដោះគោ កូរឲ្យសព្វ
- កម្ដៅខ្ទះជាមួយប័រ រួចជ្រលក់នំប៉័ងបន្ទះក្នុងពងមាន់លាយហើយ ចៀនលើខ្ទះ
- ដួសសាច់ទុរេនដែលលាយហើយ ដាក់ពីលើនំប៉័ងបន្ទះចៀន រួចជាការស្រេច