តេប៉ាក់ - Dae Bak Siem Reap
- Taphul Street, Taphul Village, Sangkat Svay Dangkum, Krong Siem Reap
- 086 946 357
អ្នកណាក៏ដឹងថា គ្រប់គ្នាចូលចិត្តញ៉ាំអាហារកូរ៉េដោយសាររឿងភាគកូរ៉េដែរ បើទំនងម្លឹងៗណោះ! ដោយសារការពេញនិយមនេះ លំហូរនៃភោជនីយដ្ឋានកូរ៉េនៅតាមបណ្ដាប្រទេសនានាកាន់តែ និងមានភាពងាយស្រួលក្នុងការរកញ៉ាំ សូម្បីតែនៅកម្ពុជាក៏សម្បូរដែរ។ នៅចំកណ្ដាលទីក្រុងបុរាណហ៊ុមព័ទ្ធទៅដោយប្រាង្គប្រាសាទចំណាស់ៗជាច្រើននេះ មានភោជនីយដ្ឋានកូរ៉េមួយកន្លែងដែល FoodBuzz ចង់ណែនាំ ព្រោះវាជាហាងសាច់អាំងដែលទាក់ចិត្តទាំងជនជាតិខ្មែរយើង និងជនជាតិកូរ៉េនៅខេត្តសៀមរាបអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
“តេប៉ាក់” មានលក់សាច់អាំង និងម្ហូបកូរ៉េឆ្ងាញ់ៗជាច្រើនមុខ ដែលរសជាតិត្រូវបានទទួលស្គាល់ពីគ្រប់អតិថិជនគ្រប់រូប ដោយសារម្ចាស់ហាងជាជនជាតិកូរ៉េផ្ទាល់ និងទីនេះមានតម្លៃសមរម្យទៀតផង។ ចំណែកឯឈុតដែលពេញនិយមជាងគេ គឺជាឈុតប៊ូហ្វេ 6$ ដែលមានសាច់ជ្រូកប្រលាក់គ្រឿងតិចៗអាំង ព្រមជាមួយនឹង Side Dishes ជាច្រើនមុខ បន្លែ បាយ និងស៊ុប 1 ចាន ដែលអាចហៅថែម (refill) ទៀតបាន។
និយាយពី Side Dishes វិញ ប្រិយមិត្តមិនគួររំលងគីមឈីនៅនេះឡើយ ព្រោះវាមានជាតិ មិនជូរពេក ល្មមញ៉ាំ ហើយពេលស្ទាប់ញ៉ាំជាមួយនឹងសាច់ និងបន្លែកាន់តែមានជាតិ។ ជាទូទៅ Side dishes នឹងត្រូវបានផ្លាស់ប្តូររាល់ថ្ងៃ មិនឲ្យអ្នកញ៉ាំទ្រលាន់ទេ លើកលែងតែគីមឈី ដែលដឹងតែមានជាប្រចាំ។
ក្រៅពីនេះ តេប៉ាក់ក៏មានឈុតសាច់អាំងប្រភេទផ្សេងដែរ ចំណែកឯតម្លៃលើសគ្នាបន្តិចបន្តួច រួមជាមួយនឹងម្ហូបកូរ៉េប្លែកៗច្រើនទៀត។ បើសិនជាទៅគ្នាច្រើន គឺត្រូវតម្រូវឲ្យហៅចំនួនមុខម្ហូបឲ្យស្មើនឹងចំនួនអ្នកញ៉ាំ អ៊ីចឹងហើយអាចហៅឈុតសាច់អាំងហ្នឹងទៅ ហើយហៅម្ហូបផ្សេងទៀតដូចជាគីមបាប់ គាវ ។ល។
ជាទូទៅ គេមានទឹកតែត្រជាក់ឲ្យញ៉ាំហ្វ្រីៗ តែបើចង់ញ៉ាំភេសជ្ជៈផ្សេង ក៏មានដែរ ជាពិសេសស្រាកូរ៉េ ទាំងស្រារសជាតិផ្លែឈើ Jinro ស្រាអង្ករ មានទាំងអស់នៅទីនេះ។
ដោយសារតែរសជាតិ ក៏ដូចជាការផ្សំគ្រឿង ទាំងការប្រឡាក់សាច់ ការរៀបចំ Side dishes ការចម្អិនអាហារ ដែលមានរសជាតិតាមបែបកូរ៉េ រួមនឹងតម្លៃសមរម្យផងនោះ “តេប៉ាក់” ជាជម្រើសទីមួយរបស់អ្នកនៅខេត្តសៀមរាប ទាំងខ្មែរទាំងបរទេស ជាពិសេសជនជាតិកូរ៉េ ជាច្រើនពេលដែលនឹកគិតដល់សាច់អាំងកូរ៉។
ហើយអ្វីដែលពិសេសជាងគេ គឺថា សាច់ត្រូវបានអាំងរួចជាស្រេច ដូចនេះហើយ យើងមិនបាច់បារម្ភបញ្ហាឈ្ងៀមខ្លួនឈ្ងៀមសក់អីទេ៎! ញ៉ាំហើយ អាចទៅតង់បន្ទាប់នៅកន្លែងកម្សាន្តផ្សេងទៀតបាន (លក្ខណៈថា ញ៉ាំហើយចូលក្លឹបរាំអី មិនបាច់ភ័យ)។
បច្ចុប្បន្ននេះ ដេប៉ាក់មានសាខានៅសៀមរាបដល់ទៅ 3 កន្លែង និងនៅក្រុងភ្នំពេញ 1 កន្លែង។ ឃ្លានអាហារកូរ៉េអី កុំភ្លេច “ដេប៉ាក់” ណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.