អត់ដឹងធ្វើម្ហូបអី? ធ្វើសាច់ជ្រូកបំពងស្រួយៗ ជាមួយទឹកត្រីអំពិលទុំជូរអែមៗម្តងទៅ!
ទិញសាច់ជ្រូកបីជាន់មករាល់ដងធ្លាប់តែស្ងោរទេត្រូវអត់? តស់! ឥឡូវដូររសជាតិម្តង មកសាកមកសាច់ជ្រូកបីជាន់មកបំពងម្តងមើស! ចាំ CookBuzz ប្រាប់ពីរបៀបធ្វើ! សាច់ជ្រូកបំពងទៅឡើងស្រួយស្រឺបម៉ង ហើយបើបានជ្រលក់ជាមួយទឹកត្រីអំពិលទុំជូរអែមៗហឹរលមៗទៀត ធានាថាបាយល្ងាចមួយពេលនេះគឺអ៊ែមម៉ង!
គ្រឿងផ្សំ៖
សាច់ជ្រូកបីជាន់ 1 គីឡូ
ស្លឹកខ្ទឹម 6 ដើម
ជីវ៉ាន់ស៊ុយ 8 មើម
ម្ទេសហ៊ុយ 3 ស្លាបព្រាបាយ
ម្រេចគ្រាប់ 1 ស្លាបព្រាបាយ
ខ្ទឹមស 4 កំពិស
ស្ករស 3 ស្លាបព្រាបាយ
អំបិល 3 ស្លាបព្រាបាយ
ទឹកខ្មេះ 5 ស្លាបព្រាបាយ
ទឹកអំពិលទុំ 4 ស្លាបព្រាបាយ
អង្ករលីងម៉ត់ 5 ស្លាបព្រាបាយ
ទឹកត្រី 5 ស្លាបព្រាបាយ
ខ្ទឹមក្រហម 4 មើម
ទឹកក្រូចឆ្មា 3 ស្លាបព្រាបាយ
វិធីធ្វើ៖
1. ស្ងោរសាច់ជ្រូកបីជាន់ បន្ថែមគល់ខ្ទឹម គល់ជីវ៉ាន់ស៊ុយ ម្ទេសក្រៀម ម្រេសគ្រាប់ ខ្ទឹមស និង អំបិល ស្ងោររយៈពេល 15 នាទី
2. យកស៊មចាក់ពីលើស្បែកជ្រូកដែលស្ងោររួចនោះឲ្យសប់មុននឹងវះស្បែកនោះ រួចលាបទឹកខ្មេះនិងអំបិលពីលើឲ្យសប់ល្អ។ ទុកសាច់ជ្រូកអោយស្ងួតល្អរយៈពេលពី ២ ទៅ ៣ម៉ោងមុននឹងយកទៅបំពងរយៈពេល 15 នាទី។
3. ផ្សំគ្រឿងទឹកជ្រលក់ពិសេសមានដូចជា ទឹកត្រី ទឹកអំពិលទុំ ស្ករស អំបិលបន្តិច ម្ទេសម៉ត់ អង្ករលីង ក្រូចឆ្មា ខ្ទឹមក្រហម និង ជីវ៉ាន់ស៊ុយ កូរឲសព្វល្អជាស្រេច! អាចថែមថយតាមគ្រឿងតាមចំណង់ចំណូលចិត្តបាន។
4. អាចរៀបចំញ៉ាំជាមួយបាយតាមចំណង់ចំណូលចិត្តប៉ុន្តែបើបាន សាលាដស្រួយ ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ការ៉ុតឈូស ឆៃថាសឈូស ហើយ នំបញ្ចុក អីគឺថាត្រូវម៉ាច់តែម្តង!