ផ្ទះពហុនិកា៖ មិនបានហោះលើវេហា ក៏អាចញ៉ាំឈុតអាហារលើយន្តហោះបានដែរ

ផ្តួចផ្តើមបង្កើតដោយបាហុនិកា (អូតេស) ផ្ទាល់​​ ក្នុងគោលបំណងផ្តល់នូវអារម្មណ៍ប្លែកដល់អ្នកញ៉ាំអាហារ។ ផ្ទះពហុនិកា មានបើកបម្រើ១ថ្ងៃពេញ ជាមួយនឹងជម្រើសអាហារជាច្រើនមុខ ពិសេសអាហារល្បីៗនៅតំបន់ ក៏ដូចជាប្រទេសផ្សេងៗ អមដោយការតុបតែងប្រកបដោយភាពច្នៃប្រឌិត និងប្លង់ថតរូបជាច្រើនកន្លែង។


ចំពោះអាហារពេលព្រឹក អ្នកមិនគួររំលងឈុតអាហារលើយន្តហោះឡើយ! មើលតែរូប ក៏ដឹងថាទាក់ទាញប៉ុណ្ណាដែរ។ ឈុត១នេះ ជាទូទៅ មានអាហារគោល១មុខ (អាចជាបាយស និងម្ហូប ឬបាយឆា មីឆា) អមដោយសាឡាដ១ចាន ផ្លែឈើ និងនំប៉័ងចំណិតស្រួយបែបនេះ។ ថែមកាហ្វេ ឬភេសជ្ជៈដែលអ្នកចូលចិត្ត១កែវទៀតទៅ រួចខ្លួនមួយព្រឹកហើយ! 

សម្រាប់អាហារថ្ងៃត្រង់វិញ FoodBuzz បានភ្លក្សច្រើនមុខគួរសមដែរ ហើយក៏សុទ្ធតែជាអាហារដែលពេញនិយមនៅទីនេះផ្ទាល់។ ជាក់ស្តែង «ខបង្គាទន្លេ» ញ៉ាំក្តៅៗ ជាមួយនំប៉័ងចំណិតស្រួយៗ រសជាតិប្លែកម្យ៉ាង! ចំណែក«បាយឆាបង្គាពងមាន់»វិញ ត្រូវចិត្តអតិថិជនប្រចាំច្រើននាក់ណាស់ អ៊ីចឹងច្បាស់ណាស់ ជាអាហារដែលគួរតែសាកល្បង។ 


ហើយបើនឹកឃើញចង់ញ៉ាំមាន់ដុត គឺមានជាឈុតពិសេសតែម្តង អមដោយអន្លក់ស្រស់ខ្ចី ហើយអ្វីដែលរឹតតែពិសេស គឺ កាពិផាវ! ឃើញដំបូងគិតថាប្លែក តែរសជាតិក៏ប្លែកមាត់ដែរ។ 


ម្ហូបមួយមុខទៀត ដែលមិនគួររំលងនោះ មានឈ្មោះថា «ឆាម្រះព្រៅសាច់ត្រី» ចង់បានហឹរតិចក៏បាន ហឹរខ្លាំងក៏បាន តាមតម្រូវការ ត្រីបំពងស្រួយៗអមជាមួយនឹងម្រះព្រៅ និងសណ្តែកកួរច្រើនៗ បង្កើនរសជាតិឲ្យរឹតតែពិសេស។


ក្រៅពីអ្វីដែលក្រុមការងារបានសាក ក៏នៅមានអាហារពេញនិយមច្រើនមុខទៀតផងដែរ​​ ដែលសឹងតែនិយាយថា ចង់ញ៉ាំអី ក៏មានដែរនៅហ្នឹង! 

ផ្ទះ ពហុនិកា Crew Home Café

  • Bakheng Road, Sangkat Svay Dangkum Siem Reap
  • 017 363 962

អត្ថបទគួរតែអានបន្ទាប់