ល្បីជាង 20 ឆ្នាំ បបរមាន់រូបមន្ដពីដើមនៅម្ដុំផ្សារទួលទំពូង
អ្នកម្ដុំទួលទំពូង ប្រាកដជាស្គាល់កន្លែងញ៉ាំបបរមាន់ល្បីថាឆ្ងាញ់ជាង 20 ឆ្នាំនេះហើយមែនទេ? ប្រិយមិត្តខ្លះវិញប្រហែលញ៉ាំតាំងពីនៅតូចមកផងមើលទៅ។ បបរសាច់មាន់ គឺជាអាហារសាមញ្ញមួយដែលអាចញ៉ាំបានគ្រប់ពេល ព្រោះវាស្រួលញ៉ាំ មិនពិបាកដល់ក្រពះក្នុងការសម្រួលអាហារ ថែមទាំងក្ដៅៗផ្ដល់កម្ដៅក្នុងខ្លួនទៀតផង ជាពិសេសពេលមិនសូវស្រួលខ្លួនហ្នឹងតែម្ដង ដាក់មួយចានដឹងតែបែកញើសធូរស្រាលបន្ដិច។ វាក៏ជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរគ្រប់វ័យផងដែរ។
ថ្ងៃនេះ FoodBuzz សូមធ្វើការណែនាំកន្លែងពេញនិយមមួយដែលអ្នកអាចញាំបបរមាន់ហើយធានាថាឆ្ងាញ់មិនដូចដែលបានញាំពីមុនមកនៅក្នុងរាជធានីភ្នំពេញយើងនេះ។ អ្នកមិនទាន់ស្គាល់ត្រៀមៗ! ហាងនេះមានប្រជាប្រិយភាពណាស់ ជាពិសេសសម្រាប់អ្នកដែលរស់នៅម្តុំនោះ។ ហាងនេះ បើកដំណើរការ ហើយជាកន្លែងដែលគេចូលចិត្តទៅញ្ុំាបបរមាន់អស់រយៈពេល 20 ឆ្នាំហើយ។
ទោះបីមិនមែនជាកន្លែងទំនើប ទាន់សម័យអ្វី ប៉ុន្តែកន្លែងនេះត្រូវបានគេស្គាល់ថាជាកន្លែងពេញនិយមមួយ។ និយាយពីរសជាតិវិញ គឺធានាថាឆ្ងាញ់ ព្រោះថាម្ចាស់ហាងប្រើរូបមន្តជំនាន់ដើម ដើមី្បរក្សារសជាតិឲ្យនៅតែឆ្ងាញ់។ ដូច្នេះហើយទើបកន្លែងនេះនៅតែទទួលការគាំទ្រជាខ្លាំង មិនដែលស្ងាត់ឡើយ។ បើមិនទៅពីថ្ងៃទេ ដឹងតែអស់ហើយ។ បើសាច់វិញ មួយចានៗសាច់ឡើងពេញៗ អត់បារម្ភថាអត់សាច់ញ៉ាំទេ។
បើសាច់មាន់មិនមែនជាចំណូលចិត្តរបស់ប្រិយមិត្តអ្នកមានជម្រើសផ្សេងជាច្រើនទៀត តែដែលល្បីមួយទៀតគឺ បបរត្រី។ ធានាថា ឆ្ងាញ់ដូចគ្នា និងប្រើរូបមន្តបុរាណដូចគ្នា។
មិនត្រឹមតែបបរនោះទេ ប្រិយមិត្តក៏អាចញុំា គុយទាវស៊ុប នំបុ័ងខគោ មីឆា បាយឆា សម្រាប់អាហារពេលរសៀលបានផងដែរ។ ចំណែកឯអាហារពេលព្រឹកវិញ មាន បាយសាច់ជ្រូក និង បាយសាច់មាន់ជាដើម។
ក្រៅពីនោះមានទឹកអំពៅកិនថ្មីៗក្នុងតម្លៃតែ 2000 រៀលប៉ុណ្ណោះ។ សម្រាប់តម្លៃបបរមួយចានវិញ សឹងតែមិនជឿ ព្រោះប្រិយមិត្តមានតែ 4000 រៀលក្នុងហោប៉ៅក៏អាច ទៅញ៉ាំបបររសជាតិឆ្ងាញ់នេះបានដែរ។ របស់ឆ្ងាញ់ ហើយតម្លៃសមរម្យទៀត នៅចាំអង្កាលទៀត?
តម្លៃ៖ ចាប់ពី 4000 រៀលឡើងទៅ
បើក៖ 5AM – 10PM រៀងរាល់ថ្ងៃ
ទីតាំង៖ ខាងជើងផ្សារទួលទំពូង (ខាងមុខ) ផ្លូវលេខ 155 សង្កាត់ទួលទំពូង I ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap