វិធីធ្វើនំបញ្ជុកសម្លខ្មែរ ទុកញ៉ាំនៅផ្ទះពេលចូលឆ្នាំ

ជិតដល់ថ្ងៃចូលឆ្នាំខ្មែរហើយ!! ពិបាកចិត្តចង់បញ្ចេញស្នាដៃធ្វើម្ហូបតែអត់ដឹងថាគួរធ្វើម្ហូបអី។ មានគិតឃើញម្ហូបអីខ្លះនៅ កុំឲ្យពិបាកគិតច្រើនម៉ោះចាំ FoodBuzz ចែករំលែកវិធីធ្វើម្ហូបមួយមុខដែលនរណាៗក៏ស្គាល់និងចូលចិត្តញ៉ាំ សំខាន់ញ៉ាំបានច្រើនគ្នាទៀត​ នោះគឺនំបញ្ជុកសម្លខ្មែរដល់អ្នកទាំងអស់គ្នាទុករៀនធ្វើណា៎។

#គ្រឿងផ្សំ

  • ត្រីភ្ទក់ ១
  • គ្រឿងបុក​១កូនចានបាយ
  • រំដេង​១០មើម
  • ប្រហុក​ ១ស្លាបព្រា
  • ស្ករ កន្លះស្លាបព្រា
  • ទឹកត្រី ១ស្លាបព្រា
  • អំបិល ១ស្លាបព្រាកន្លះ
  • សណ្ដែកដីលីង ២ស្លាបព្រា​ (បើមាន)
  • ខ្ទិះដូង១កូនចានបាយ
  • ទឹក ៤លីត្រ
  • គល់ស្លឹកគ្រៃ១មើម
  • នំបញ្ជុក 

#របៀបធ្វើ

១. ដាំទឹកក្នុងឆ្នាំងធំជាមួយនិងគល់ស្លឹកគ្រៃដែលបានដំរួច។ លាងត្រីឲ្យស្អាត កាត់វារួចដាក់ចូលឆ្នាំង កុំចោលក្បាលត្រីព្រោះជួយឲ្យទឹកសម្លកាន់តែមានជាតិ បន្ទាប់មករម្ងាស់រយៈពេល ៥ ទៅ ១០នាទី

២. ពេលត្រីឆ្អិនហើយ បេះឆ្អឹងត្រីចេញឲ្យអស់ កុំចាក់ទឹកស្ងោរត្រីចោលណា៎ ព្រោះយើងត្រូវប្រើវាទៀត

៣. ហាន់រំដេងជាបន្ទះស្តើងៗ រួចយកទៅបុកជាមួយនិងគ្រឿងបុកដោយប្រើត្បាល់និងអង្រែ បន្ទាប់ដាក់សណ្ដែកដីលីង,ម្ទេសនិងខ្ទឹមចូល បន្តបុករហូតដល់ម៉ដ្តល្អ

៤. បន្ទាប់មកដាក់សាច់ត្រីចូល រួចបុកវាល្មមៗព្រោះសាច់ត្រីទន់ស្រាប់ បន្ទាប់មកដួសដាក់ចានគោម

៥. ជំហានបន្ទាប់ បន្ថែមទឹកត្រី អំបិល ស្ករនិងខ្ទិះដូងចូលក្នុងចានគោមរួចកូរឲ្យសព្វរួចទុកវាមួយប្រហែល១០នាទីដើម្បីវាចូលជាតិល្អ

៦. ដាក់ប្រហុក ចូលឆ្នាំងទឹកស្ងោរត្រី រងចាំដល់វាពុះទើបដាក់ល្បាយដែលលាយរួចរម្ងាស់ដោយបើកភ្លើងតិចៗរយៈពេល១០នាទី នោះសម្លខ្មែររបស់យើងរួចរាល់ អាចថែមអំបិលឬស្ករក្នុងទឹកសម្លតាមចំណូលចិត្តផ្ទាល់ខ្លួន។

៧. ចាប់នំបញ្ជុកដាក់ចាន់ ដាក់ល្បោយតាមដែលអ្នកចូលចិត្តរួចស្រោបទឹកសម្លខ្មែរពីលើជាការស្រេច៕

ប្រភព៖ A Wandering Foodie

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់