Cafe Espresso Roastery Kampot: ហាងម្ហូបបែបបរទេសចំៗលាក់ខ្លួនក្នុងក្រុងកំពត!

លឺថាក្រុងកំពតឥឡូវសម្បូររបស់ញ៉ាំឆ្ងាញ់ៗច្រើនណាស់ ចឹងបានក្រុមការងារ Foodbuzz ចុះទៅដល់កំពតផ្ទាល់ម៉ង! ចង់ដឹងថាឆ្ងាញ់ដូចគេថាអត់។​ នៅពេលទៅដល់ភ្លាមពួកយើងប្រទះឃើញហាងមួយឈ្មោះថា Cafe Espresso Roastery Kampot លាក់ខ្លួននៅក្នុងក្រុងតែម្តង។

នៅពេលទៅដល់ Cafe Espresso Roastery Kampot អ្នកទាំងអស់អាចអង្គុយនៅខាងក្រៅជាមួយនឹងខ្យល់អាកាសបរិសុទ្ធក្រោមម្លប់ឈើក៏បាន ឬ អង្គុយនៅខាងក្នុងក៏បាន។


ទីធ្លាខាងក្នុងរាងទូលាយល្មមហើយត្រូវបានគេតុបតែងប្លែកៗបែបបរទេសលាយខ្មែរតិចៗ។ បរិយាកាសនៅទីនេះគឺអ៊ូអរ សម្បូរជនជាតិបរទេសទៅច្រើន។

នៅទីនោះក៏គេមានកន្លែងយកទឺកជ្រលក់ដែលមានទឺកជ្រលក់ប្លែកៗច្រើន គួរឲ្យចង់សាក។​ 

ភោជនីយដ្ឋាននេះឯកទេសខាងម្ហូបបស្ចិមប្រទេស មានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ យើងបានសាកល្បង Eggs Benedict របស់ពួកគេមុនគេ ហើយឃើញថាស៊ុតត្រូវបានចម្អិនឆ្អិនល្អ ពេលកាត់វាហៀរពងមាន់ជ័រព្នៅលាយជាមួយទឹកជ្រលក់ hollandaise ពណ៌លឿងៗ រសជាតិឡើងសម្បូរបែប។

យើងក៏បានសាកល្បងប្រភេទ wrap របស់គេដែរ។ wrap មានពីរជម្រើស ដូច្នេះអ្នកអាចយកវាជាមួយសាច់មាន់ piri piri ឬ falafel ក៏បាន។ យើងយកវាជាមួយសាច់មាន់ piri piri ដែលមានបន្លែជាច្រើននៅខាងក្នុង។ ថ្វីត្បិតតែវារាងសាបបន្តិចសម្រាប់ពួកយើង ប៉ុន្តែពេលដាក់ទឹកជ្រលក់ sriracha ពីលើទៅ រសជាតិម្ហូបនេះក៏ឆ្ងាញ់មួយបែបដែរ។​

មុខម្ហូបដែលត្រូវមាត់ពួកយើងជាងគេគឺ BBQ pulled pork Tacos! រសជាតិរបស់វាគឺដិតល្អ ជាតិសាហាវ បានដាក់ជាមួយទឹកជ្រលក់ផ្សេងៗទៀត មួយម៉ាត់ៗគឺត្រូវមាត់មែនទែន!

មានញ៉ាំនៅ Cafe Espresso Roastery Kampot ម្តងគឹជក់ចិត្តនៅហ្នឹងម៉ង!​ ទំនេរៗរកជិះទៅកំពត ញ៉ាំបាយព្រឹកហើយចាំមកវិញ XD

Cafe Espresso Roastery Kampot

  • Cafe Espresso Roastery, 33, Krong Kampot, Cambodia

អត្ថបទគួរតែអានបន្ទាប់