ធ្លាប់តែធ្វើខពងទា មកសាកធ្វើខពងគ្រួចយកទៅវត្តសម្រាប់ភ្ជុំឆ្នាំនេះវិញម្ដងមើល!
ភ្ជុំបិណ្ឌឆ្នាំនេះធ្វើម្ហូបអីទៅវត្តខ្លះគ្នាយើង? ត្រូវធ្វើម្ហូបច្រើនមុខហើយអត់ដឹងធ្វើចង់ធ្វើអីខ្លះមែន? ត្រូវម៉ាច់ព្រោះក្រុមការងារ Cookbuzz ចង់មកណែនាំវិធីធ្វើម្ហូបមួយមុខហៅថា ខសាច់ជ្រូកបីជាន់ពងគ្រួច។ មិនមែនសម្លរខដូចរាល់ដងទេណា៎! មើលទៅទំនងណាស់ ងាយស្រួលធ្វើ ហើយរយៈពេលចម្អិនវិញមួយភ្លែត មិនត្រូវការរម្ងាស់អីយូរទេ។
គ្រឿងផ្សំ៖
ប្រេងឆា
សាច់ជ្រូកបីជាន់
ស្ករត្នោត
ខ្ទឹមស
ខ្ទឹមចិញ្ច្រាំ
ផ្កាច័ន្ទ
ឈើអែម
គល់ស្លឹកខ្ទឹម
ទឹក
ទឹកស៊ីអ៊ីវ
ពងគ្រួច
ស្លឹកខ្ទឹមហាន់
វិធីធ្វើ៖
១ ចាក់ប្រេងឆាចូលក្នុងខ្ទះដែលក្តៅស្រាប់។ រួចដាក់ដុំសាច់ជ្រូកបីជាន់ចូលហើយចម្អិនឲ្យសាច់ឡើងស្រួយបន្តិចមុននឹងស្រង់សាច់ចេញពីខ្លាញ់
២ ចាក់ស្ករត្នោតចូលខ្ទះហើយកូរឲ្យរលាយ រួចចាក់ដុំសាច់ជ្រូកបីជាន់ចូល រម្ងាស់ឲ្យចូលជាតិបន្តិច មុននឹងចាក់ខ្ទឹមចិញ្ច្រាំចូលហើយច្របល់ឲ្យសព្វ។
៣ បន្ទាប់មកដាក់ខ្ទឹមស ផ្កាច័ន្ទ និង ឈើអែម ចូលក្នុងខ្ទះកូរឲ្យរាងឈ្ងុយបន្តិច ហើយដាក់គល់ស្លឹកខ្ទឹមចូលច្របល់ឲ្យសព្វ។
៤ចាក់ទឹកចូល រួចហើយបិតគម្របរម្ងាស់ទុកចោលប្រហែលជា 3-5 នាទីឲ្យរីងទឹកបន្តិច។
៥ បន្ទាប់មកចាក់ទឹកស៊ីអ៊ីវ និង ពងគ្រួចចូល ច្របល់ឲ្យចូលជាតិហើយបិតគម្របប្រហែលជា ២ទៅ៣នាទី រួចបង់ស្លឹកខ្ទឹមហាន់ចូលជាការស្រេច។