មានដឹងថាក្រៅពីនំខេក ក៏អាចច្នៃអ្វីផ្សេងមកប្រារព្ធខួបកំណើតជំនួសបានអត់?

ធ្លាប់បាន ឬ ធ្វើនំខួបកំណើត ដែលមិនមែនជានំខេកអត់ហ្នឹង? ធ្លាប់ឃើញមួយចំនួនដែរ តែមានមួយចំនួនទៀតដែលប្រហែលជាអ្នកមិនធ្លាប់ឃើញពីមុនមក។ តោះ! បើនៅស្រមៃមិនទាន់ចេញថា មានរូបរាងបែបណាខ្លះនោះ អាចមើលខាងក្រោមនេះបានណា៎!!!

#1 នំផ្លែឈើ

មួយបែបនេះ ប្រហែលជាពេញនិយមនៅក្នុងក្លឹប និងកន្លែងញ៉ាំអីមួយចំនួន តែបើត្រូវធ្វើជប់លៀងឆ្លងថ្ងៃកំណើតនៅផ្ទះអី កុំភ្លេចបើកមើលក្នុងទូទឹកកក ឬក្នុងផ្ទះបាយមានផ្លែឈើអ្វីខ្លះ អាចយកច្នៃជានំខេកក៏បានដែរ។ 

តាមពិត មិនមានអ្វីពិបាករៀបទេ៎! គឺ យើងមើលតាមហ្នឹងទៅ ថាដាក់បែបណាទំនង ដោយព្យាយាមប្រើផ្លែឈើដែលមានពណ៌ខុសៗគ្នាតាមជាន់នីមួយៗ ដើម្បីមើលទៅល្អមើល និងល្អញ៉ាំ ហើយល្អចំពោះសុខភាពទៀត។

#2 នំផេនខេក (Pancake)

ងាយៗ មិនសូវទ្រលាន់ ហើយបានញ៉ាំឆ្ងាញ់មាត់ទៀត! ត្រូវការតែម្សៅនំ ស៊ុត ស្ករ អំបិល ប័រ និងទឹកដោះគោស្រស់​តែប៉ុណ្ណោះ!ដោយគ្រាន់តែលាយគ្រឿងទាំងអស់ចូលគ្នា ដោយលាបប័រលើខ្ទះក្តៅ រួចចាក់ម្សៅទៅលើខ្ទះ ហើយចម្អិនឲ្យឡើងឆ្អិនទាំងសងខាង។ 

Image: Chowhound

ធ្វើឲ្យបានច្រើនគ្រាន់ ទុកតម្រៀបជាស្រទាប់ៗ ហើយក៏អាចថែម Toppings ដូចជាផ្លែឈើ ទឹកឃ្មុំ ឬសូកូឡាពីលើទៀត។

Image: Suger Geek Show

#3 នំខាប់ខេក (Cupcake)

ទិញ ឬ ដុតនំតែប៉ុន្មានមក អាចយកមកតម្រៀបជាតំណាងនំខួបកំណើតបានហើយ។ ស្រួលចែកគ្នាញ៉ាំម្នាក់ ១ ដុំផង មិនចាំបាច់ពិបាកកាត់ដាក់ចានតូចៗអីច្រើន។

Image: The Cupcake Delivers

Image: Cupcake Project

#4 នំភីហ្សា

បើមានគម្រោងទិញ ឬ ដុតភីហ្សាសម្រាប់កម្មវិធីជប់លៀងខួបកំណើត យកវាធ្វើជានំហ្មងទៅ! 

Image: Cecile Tonglet

អាចប្រើទឹកប៉េងប៉ោះសរសេរជាឈ្មោះ ឬពាក្យជូនពរ ជំនួសឲ្យគ្រីម ហើយដោតទៀននៅចំកណ្តាល ឬ ជ្រុងខ្លះៗ មើលទៅទំនងដែរតើ!

Image: Sweet Stirrings

#5 នំដូណាត់

អស់ស្រួលត្រឹមនេះហើយ! ត្រៀមតែប៉ុន្មានដុំ តម្រៀបឡើងលើជាថ្នាក់ៗ ហើយក៏អាចថែមគ្រីមសូកូឡា ឬ រសជាតិផ្សេងៗតាមចំណូលចិត្តពីលើហ្នឹង។

Image: Krispy Kreme

អ្នកខ្លះ គេដាក់ចំនួននំដូណាត់តាមអាយុ តែបើសិនជាមិនចង់ប្រើច្រើន ដាក់តែមួយដោតទៀននៅកណ្តាលហ្នឹង ក៏ម្យ៉ាងដែរណា៎!

Image: Broma Bakery

#6 នំសាឡាដ

ល្អបំផុតសម្រាប់អ្នកស្រលាញ់សុខភាព និងខ្លាចឡើងទម្ងន់។ សាឡាដដែលលាយជាមួយបន្លែតាមចំណូលចិត្ត ទាំងស្រស់ និងស្ងោរ ហើយថែមទឹកស្រូបសាឡាដពីលើហ្នឹង ដឹងតែត្រូវមាត់ ត្រូវចិត្តអ្នកចូលចិត្តបន្លែតែម្តង។

Image: Leckerschmecker

Image: Spicy Southern Kitchen

#7 ភេសជ្ជៈ

បើគង់តែត្រូវញ៉ាំជុំគ្នា​ ឬ ជូនជាកាដូអ៊ីចឹង រៀបឲ្យចេញជារាងនំហ្មងទៅ បានប្លែកភ្នែកអ្នកមើលផង។ ជាទូទៅ ត្រូវការតែបូររុំកៀនៗ និងក្រដាសតុបតែងនៅចន្លោះដប​ ឬកំប៉ុងតែប៉ុណ្ណឹងឯង។

Image: Pinterest

Image: Pinterest

#8 នំស្ករគ្រាប់ ឬនំកញ្ចប់

ស្រដៀងគ្នានឹងនំភេសជ្ជៈដែរ តែមួយនេះប្រើស្ករគ្រាប់​ ឬនំកញ្ចប់/ប្រអប់វិញ ដឹងតែពិសេសសម្រាប់អ្នកចូលចិត្តញ៉ាំចិបចុបៗពេលទំនេរមាត់ហ្មង! 

Image: Pinterest

Image: Pinterest

កុំឲ្យថានំដដែលរាល់ឆ្នាំពេកនុះអី… ឆ្នាំនេះ សាករៀបឲ្យប្លែកហ្មងមើល៎!!!

អត្ថបទគួរតែអានបន្ទាប់