ផឹកបណ្ដើរ មើលបាល់ទាត់ FIFA 2022 បណ្ដើរជាមួយពួកម៉ាក កាន់តែសប្បាយញាក់!

រដូវកាលប្រកួតបាល់ទាត់ពិភពលោក 2022 (FIFA World Cup Qatar 2022™) បានមកដល់ហេីយ!​ 

សម័យនេះមើលបាល់នៅផ្ទះម៉េចស្ទាវ? តោះថ្ងៃនេះ FoodBuzz សូមណែនាំបារចំនួន 9 ទៅកាន់អ្នកទាំងអស់គ្នា កុំឲ្យមើលបាល់ម្នាក់ឯងកណ្តោចកណ្តែងនៅផ្ទះ! ទៅម្នាក់ឯងក៏បាន នាំពួកម៉ាក គ្រួសារ ឬសង្សារទៅជាមួយក៏កាន់តែសប្បាយ ហើយសំខាន់នោះគឺ បានសាកជាមួយម្ហូបទំនងៗ និង ក្រេបជាមួយស្រាផ្អែមៗបណ្តេីរទៀត ឱ្យការទស្សនាកាន់តែអ៊ែម។  

#1. Sayon Bar 
ស្គាល់ Sayon Bar អត់? ទាំងខ្មែរ ទាំងជនជាតិបរទេស គឺនិយមមកជួបជុំគ្នានៅ Sayon Bar ជាពិសេសសម្រាប់ការមេីលការប្រកួតបាល់ទាត់តែម្តង។ ដោយសារនៅហាងមានទាំងការចាក់បញ្ចាំងផង មានទាំងទូរទស្សន៍ច្រេីនពេញហាងផង អុីចឹងហើយគ្នាយើងអង្គុយជ្រុងណាក៏អាចមេីលបានដែរ។ 

#2. Darlin Darlin Music Lounge
សម្រាប់ប្រិយមិត្តដែលចង់រកកន្លែងណាស្រួលចតឡាន ចតម៉ូតូ អាចមកកាន់ Darlin Darlin Music Lounge បាន ដែលមានទីតាំងនៅក្នុងណាហ្គាវេីលដ៌ទី1តែម្តង។ នៅទីនេះ អតិថិជនអាចរីករាយទស្សនាការប្រកួតជាមួយស្រាបៀរហនុមានតម្លៃត្រឹមតែ 1$ ប៉ុណ្ណោះក្នុងមួយដប។ ហើយអ្វីដែលពិសេសនោះគឺ ពេលដែលអ្នកទាំងអស់គ្នាទិញចាប់ពី 10 ដបឡេីងទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានបណ្ណភ្នាល់ហ្គេម 10$ ភ្លាមៗថែមទៀត។ 

#3. Hemisphere Rooftop
Hemisphere Rooftop មិនត្រឹមតែជាបារដ៏ពេញនិយមមួយ នៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ តែក៏ជាបារដ៏ពេញនិយមផងដែរសម្រាប់ការទស្សនាការប្រកួតបាល់Liveក្នុងរដូវកាល FIFA 2022 ។ លេីសពីនេះទៅទៀត បារមួយនេះក៏ផ្តល់ជូនជាមួយអាហារសម្រន់ពិសេសៗ និងប្រម៉ូសិនទិញស្រា 3 កែវទទួលបាន 1 កែវឥតគិតថ្លៃផងដែរ។ 

#4. Penh. 278 
ល្បីថាហាងនេះមានទាំងការចាក់បញ្ចាំងការប្រកួតបាល់ទាត់ FIFA 2022 មានទាំងម្ហូបបែបអឺរ៉ុបទំនងៗជាមួយសេវាកម្មដ៏ល្អផងដែរ។ មេឃចាប់ផ្តេីមចុះត្រជាក់ចឹង ទៅ Penh.278 គឺមិនខកខានឡេីយ ដោយសារហាងមានទីធ្លាអង្គុយខាងក្រៅ ដែលមានទំហំធំទូលាយ ស្របជាមួយខ្យល់អាកាសស្រស់ស្រាយ។ 

#5. 4 Seasons Sports Bar 
នៅ 4 Seasons Sports Bar អ្នកអាចទស្សនាការប្រកួតជាមួយនឹងទូរទស្សន៍ HD ធំៗជាច្រេីនគ្រឿង និង projector ធំៗ 2 ផ្ទាំង ពេញភ្នែក និងច្បាស់ល្អ។ កន្លែងនេះជាប្រភេទបារផ្តោតលេីការចាក់បញ្ជាំងការប្រកួតកីឡាតែម្តង ចឹងត្រូវម៉ាច់សម្រាប់ប្រិយមិត្តណារកកន្លែងអ៊ូអរ មានអ្នកចូលចិត្តកីឡាដូចគ្នា។ 

#6. Duplex Belgian Tavern 
បារ Duplex Belgian Tavern ស្រួលរកមែនទែន គឺនៅក្បែរវិមានឯករាជ្យយើង។ បារមួយនេះមានបរិយាកាសអ៊ូអរ សប្បាយៗ មានមនុស្សច្រេីនដែលអាចឲ្យអ្នកទាំងអស់គ្នារាប់មិត្តថ្មីដែលចូលចិត្តមើលបាល់ដូចគ្នាបាន។ នៅហ្នឹងក៏មានម្ហូបទំនងៗដែរដូចជាស្តេកសាច់គោ សាច់មាន់ ហេីយតម្លៃវិញគឺធូរថ្លៃមែនទែន។ 

#7. Wagyu Gang Yakiniku 
ណាខ្លះហ្វេនក្រុមប្រទេសជប៉ុន? ទោះបីគាំទ្រឬអត់ អ្នកណាក៏ចូលចិត្តម្ហូបជប៉ុនដែរ! ចឹងមកកាន់ Wagyu Gang Yakiniku មក អាចទស្សនាការប្រកួតបណ្តេីរ និងញុំាជាមួយសាច់អាំងបែបជប៉ុនបណ្តេីរ។ នៅទីនេះមានសាច់ និងគ្រឿងសមុទ្រជាច្រេីនប្រភេទ ដែលនៅស្រស់ៗ និងគុណភាពល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ មានប្រូម៉ូសិនស្រាបៀរទិញមួយថែមមួយ ហើយជាពិសេសមានការបញ្ចុះតម្លៃ 20% លេីគ្រប់មុខម្ហូបក្នុងហាងទៀតផង។ 

#8. Hard Rock Cafe Phnom Penh 
អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ហេីយ ហាង Hard Rock Cafe Phnom Penh នៅក្នុងអគារ Exchange Square។ មានបានដឹងអត់ ថាហាងនេះក៏ចាក់បញ្ចាំងការប្រកួតបាល់ដែរ? ហាងនេះគឺល្បីត្រង់ម្ហូបបែបអឺរ៉ុប និងអាមេរិករសជាតិដិតៗ ហេីយម្ហូបមួយចានៗបានច្រេីនណាស់សាកសមសមជាមួយតម្លៃ។ 

#9. SCORE Sports Bar & Grill Phnom Penh

អ្នកចូលចិត្តទស្សនាកីឡាប្រាកដជាស្គាល់ SCORE Sports Bar ហើយត្រូវអត់? បារមួយនេះបើកយូរឆ្នាំហើយ សំខាន់ម៉ូយៗប្រចាំចូលចិត្តមកទីនេះ ដោយសារតែបារនេះមានទូរទស្សន៍ធំៗដល់ទៅ 7 ដែលមានការចាក់បញ្ចាំងការប្រកួតកីឡាធំតូចជាប់ៗគ្នាតែម្តង។ រដូវ FIFA ចឹងផង បើចង់ទៅ កុំភ្លេចកក់កន្លែងមុនណា៎!

អានពីបារទាំង 9 នេះហើយ ចាប់អារម្មណ៍ទៅមើលបាល់បារណាជាងគេ? បើបានទៅកុំភ្លេចប្រាប់ FoodBuzz ផងណា ថាបទពិសោធន៍អ្នកទាំងអស់គ្នាយ៉ាងម៉េចដែរ។ 

អត្ថបទគួរតែអានបន្ទាប់