តស់! ងើបលឿនមួយព្រឹកមកដាក់គុយទាវម្នាក់ម៉ាចាននៅហាងទាំង 9 នេះម្តងមើស!
ក្នុងចំណោមអាហារពេលព្រឹកដែលពេញនិយមខ្លាំងនៅប្រទេសកម្ពុជា មុខម្ហូបដែលយើងមិនអាចភ្លេចបានគឺគុយទាវតែម្តង! សរសៃគុយទាវទន់ល្មើយជាមួយនឹងទឹកស៊ុបក្តៅៗ ដាក់តែមួយចានគឺដឹងតែមានកម្លាំងធ្វើការម៉ង។ ចឹងថ្ងៃនេះ FoodBuzz ចង់ណែនាំអ្នកទាំងអស់គ្នាពីហាងមួយចំនួនដែលនិយមថាមានលក់គុយទាវទំនងៗនៅភ្នំពេញ។
#1 Orussey Restaurant - អាហារដ្ឋានអូរឬស្សី
នរណាមិនស្គាល់គុយទាវអូរឬស្សី! ភាគច្រើនគេនិយមទៅអាហារដ្ឋាននេះពេលដើរផ្សារអូរឬស្សីរួច ដាក់គុយទាវមួយចានយកកម្លាំងវិញ។ ដោយសារតែទឹកស៊ុបរបស់គាត់គឺរម្ងាស់រាងយូរ ចឹងរសជាតិរាងដិតប្លែកពីគេ ហើយគុយទាវសាច់ស្រួយនៅទីនេះក៏មិនធម្មតាដែរ។ មកដល់ហើយ ញ៉ាំជាស៊ុបក៏បាន ជាគោកក៏បាន!
ទីតាំង: Orussey Restaurant, Phnom Penh, Cambodia
លេខទូរស័ព្ទ: 015 755 055
#2 គុយទាវសាច់ចិញ្រ្ជាំ អតីតកូនហេង
អ្នកម្តុំបឹងកេងកងឃ្លានគុយទាវម្តងៗ តិចអត់ដឹងថាញ៉ាំណា? ហាងគុយទាវឆ្ងាញ់ អតីត កូនហេង ទទួលបានការនិយមច្រើនគួរសមដែរ ព្រោះហាងនេះមានអាយុកាលរាងចំណាស់តែ រូបមន្តមិនប្តូរ រសជាតិទឹកស៊ុបវិញគឺដិតជាប់មាត់។ បានទៅម្តុំហ្នឹង កុំភ្លេចសាកគុយទាវសាច់ចញ្ច្រាំរបស់គាត់ណា៎!
ទីតាំង: វិថី ឧកញ៉ាពេជ្រ (២៤២), រាជធានីភ្នំពេញ 12207
លេខទូរស័ព្ទ: 085 500 241
#3 ហាងចែគាង គុយទាវឆ្ងាញ់
គុយទាវ ចែគាងវិញ ល្បីមែនទែនសម្រាប់អ្នកនៅម្តុំបុរីកីឡាដោយសារតែហាងគាត់បើកតាំងពីយូរណាស់មកហើយ លក់តកូនតចៅឡើង 3 ជំនាន់។ បើបានគុយទាវថែមគាវ ថែមឆ្អឹងស៊ុបទៀតរឹតតែអ៊ែម ហើយតម្លៃក៏ធូរថ្លៃសមរម្យទៀត។
ទីតាំង: Borey Phnom Penh Thmey ( បូរីភ្នំពេញថ្មី, Phnom Penh
លេខទូរស័ព្ទ: 017 837 373
#4 Bong Ven KuyTeav Poipet - បងវ៉ែន គុយទាវប៉ោយប៉ែត
និយាយដល់គុយទាវប៉ោយប៉ែត អ្នកទាំងអស់គ្នាប្រាកដជានឹកដល់គុយទាវទូកដែលល្បីនៅទីនោះហើយ តែបើចង់ញាំបែបរសជាតិដើមពិតៗ នៅភ្នំពេញយើងក៏មានដែរ។ នៅហាងគុយទាវបងវ៉ែន ទឹកស៊ុបខ្មៅរបស់គាត់គឺមានរសជាតិដិត ហើយឈ្ងុយគ្រឿងទេសទៀត។ ចង់ដឹងអ្នកប៉ោយប៉ែតគេចូលចិត្តគុយទាវរសជាតិម៉េច មកសាកនៅនេះម៉ោ!
ទីតាំង: ផ្លូវលេខ ១១៣, រាជធានីភ្នំពេញ
លេខទូរស័ព្ទ: 016 569 828
#5 KuyTeav SachJram Dara - គុយទាវសាច់ចិញ្រ្ជាំតារា សែនសុខ
គុយទាវនៅទីនេះវិញជាប្រភេទគុយទាវទឹកថ្លា ដែលល្បីឈ្មោះលើប្រភេទគាវ បាក់សៀក និងជាពិសេសសាច់ចិញ្រ្ចាំដែលប្លែកពីហាងដទៃ ព្រោះខាងហាងបានប្រើសាច់គោជំនួសសាច់ជ្រូកដែលធ្វើឲ្យមានកាន់តែមានជាតិជាងមុន ហើយបើកម្ម៉ង់ឆ្អឹងស៊ុបបន្ថែមមកញាំទៀតកាន់តែពិសេសម៉ង។
ទីតាំង: 383b 1003, Phnom Penh
លេខទូរស័ព្ទ: 089 289 229
#6 ស្រីនាងគុយទាវ ប្រហិត ផ្សារចាស់
ឃ្លានគុយទាវប្រហិតបាក់សៀកមែន? តស់! ទៅញ៉ាំនៅ ស្រីនាងគុយទាវ ប្រហិត ម្តងហ្ហៃ? ទីតាំងនៅម្តុំផ្សារចាស់យើងហ្នឹង ហើយមានមនុស្សទៅញ៉ាំរាងច្រើនគួរសមដែរ ចឹងងើបទៅព្រឹកៗតិចទៅ!
ទីតាំង: ផ្លូវលេខ13 កែងផ្សារចាស់ ខណ្ឌដូនពេញ ក្រុងភ្នំពេញ
លេខទូរស័ព្ទ: 089 289 229
#7 គុយទាវឆ្ងាញ់ ៣ជំនាន់
ដូចឈ្មោះហាងបានប្រាប់ចឹង ហាងគុយទាវនេះបើកលក់តជំនាន់រាងយូរដែរហើយ។ ម៉ូយៗនៅទីនេះគឺសរសើរពីរសជាតិទឹកស៊ុបដិតៗ និងសេវាកម្មរបស់ហាង។ គុយទាវឆ្ងាញ់ ៣ជំនាន់មានការតុបតែងសាមញ្ញ ហើយតាំងពីបើកមក ហាងនេះបានពង្រឹកសាខាទៅច្រើនទៀតផង។
ទីតាំង: 170 Street 175 Toul Tum Poung II, 12311
លេខទូរស័ព្ទ: 070 386 789
#8 គុយទាវ គង់គឹមស៊ា
ហាងមួយនេះដឹងតែហាងសំណព្វរបស់អ្នកអូរឡាំពិកហើយ! ហាងគុយទាវ គង់គឹមស៊ា បើកលក់រាងយូរដែរ ហើយម៉ូយៗនៅទីនេះបានប្រាប់ឲ្យសាកគុយទាវប្រហិតសាច់គោ ព្រោះម្ចាស់ហាងគាត់ធ្វើប្រហិតសាច់គោថ្មីៗដោយខ្លួនឯងតែម្តង ហើយបើទឹកស៊ុបវិញគឺដឹតម៉ាអ៊ែម!
#9 ម៉ែ កន Mak Gon
ហាងគុយទាវ ម៉ែ កន មានទីតាំងនៅម្តុំពេទ្យលោកសង្ឃ (ពេទ្យព្រះកុសមៈ) ហើយហាងមួយនេះមានទឹកស៊ុបរាងដិតល្អ ហើយបើបានហុតក្តៅៗជាមួយនឹងកាហ្វេមួយកែវគឺថាជាតិម៉ង! ចង់សាកជាមីគោកក៏គាត់មានដែរណា៎!