មេឃត្រជាក់ ខ្វះភាពកក់ក្ដៅ? ហាង មីស៊ុប និងហតផតទាំង 6 កន្លែងនេះអាចកម្ដៅបេះដូងអ្នកបាន!!
ភ្លៀងធ្លាក់ញឹកញាប់ មេឃត្រជាក់ៗ គ្មានអ្វីក្តីសុខជាងបានអង្គុយញ៉ាំមីស៊ុបចិនក្តៅៗនោះទេ! FoodBuzz សូមណែនាំហាងមីស៊ុបចិនទាំង ៦ កន្លែង ដែលមានរសជាតិឆ្ងាញ់ និងស័ក្តិសមបំផុតសម្រាប់អាកាសធាតុត្រជាក់ៗបែបនេះ។
1. ហៃឡាវ - Hai Lao
គ្រាន់តែបើកទ្វារចូល ក៏សឹងតែលេបទឹកមាត់បាត់ទៅហើយនៅ ហៃឡាវ ជាហាងលក់ស៊ុបបែបចិនសុទ្ធសាតតែម្តង មានទាំងហតផត និងសាច់អាំង។ តម្លៃសមរម្យ ញ៉ាំបានម៉ាស្រឡាញ់ សាច់វិញដាក់តាមចិត្ត អមជាមួយនឹងជម្រើសទឹកស៊ុប ដែលអាចរើសបានម្តងដល់ទៅ ២មុខ។ ស៊ុបដែលពេញនិយមជាងគេនោះគឺ ស៊ុបឆុងឈីង ញ៉ាំទៅដឹងតែមានអារម្មណ៍កក់ក្តៅហ្មង។
- ព័ត៌មាន៖ Facebook-ហៃឡាវ - Hai Lao
2. Happy Lamb Hot Pot Restaurant
សម្រាប់បងប្អូនណាដែលចង់ភ្លក់ស៊ុបក្ដៅៗរសជាតិម៉ុងហ្គោលី Happy Lamb គឺជាកន្លែងដែលស័ក្តិសមបំផុតសម្រាប់បងប្អូន។ ទឹកស៊ុបនៅទីនោះមានរសជាតិដើមពីប្រទេសម៉ុងហ្គោលី ហើយមានច្រើនជម្រើសសម្រាប់ជ្រើសរើសទៀត ឯសាច់ និងបន្លែវិញគឺស្រស់ៗគ្រប់ចានតែម្ដង។ មិនតែប៉ុណ្ណោះ នៅមានទឹកស៊ុបបែបចិនហឹរៗទៀត រសជាតិឈ្ងុយឆ្ងាញ់ បានញ៉ាំហើយដឹងតែជាប់ចិត្ត មកម្តងហើយ ចង់មកម្តងទៀត។
- ព័ត៌មាន៖ Facebook-Happy Lamb Hot Pot Restaurant
3. Kungfu Kitchen 家常便饭
នៅ កុងហ្វូឃីតឈិន មានម្ហូបជាច្រើនមុខ មិនថាហតផត ឬម្ហូបញ៉ាំក្រៅទេគឺមានទាំងអស់។ ម្ហូបនៅទីនោះគឺពេញនិយមណាស់ចំពោះបងប្អូនយុវយ័យគ្នាយើង ជាពិសេសនោះគឺទឹកស៊ុបហតផតរសជាតិស៊ីវឈ័នហ្នឹងហ្មង រសជាតិហឹរ និងមានក្លិនឈ្ងុយបែបចិនៗ។ ហើយសម្រាប់អ្នកអត់ចេះញ៉ាំហឹរ កុងហ្វូឃីតឈិនក៏មានទឹកស៊ុបរសជាតិសាច់មាន់ រសជាតិប៉េងប៉ោះ និងរសជាតិផ្សិតផងដែរ។ ទំនេរៗបបួលមិត្តៗទៅដឹងតែជាប់ចិត្ត ជាប់អារម្មណ៍ជាមួយរសជាតិ ដកចិត្តមិនរួច។
- ព័ត៌មាន៖ Facebook-Kungfu Kitchen 家常便饭
4. Lao Bao Hot Pot
Lao Bao Hot Pot និយមថាជាហាងប៊ូហ្វេស៊ុបចិនមួយកន្លែងដែលមានតម្លៃសមរម្យ មានសាច់ និងបន្លែស្រស់ៗល្អទៀត។ តែកុំច្រឡំថាប៊ូហ្វេទាំងអស់ណា ម្ហូបខ្លះក៏គិតលុយដែរ។ ចំណែកឯរសជាតិនៅទីនោះវិញ អាចនិយាយបានថាជារសជាតិកូនកាត់អាស៊ីចម្រុះ ហើយអ្វីដែលល្បីជាងគេនោះគឺស៊ុបស៊ីឈាន់ហ្នឹងឯង ដាក់ទៅក្តៅទាំងអណ្ដាត ក្តៅទាំងកាយ ល្អបំផុតនារដូវរងារនេះ។
- ព័ត៌មាន៖ Facebook-Lao Bao Hot Pot
5. Fu Hot Pot
Fu Hot Pot រើសម្ដងបានទឹកស៊ុប២រសជាតិ ហើយអាចកម្មង់មី សាច់ និងបន្លែតាមចំណង់ចំណូលចិត្ត។ ទាំងគ្រឿងផ្សំ បន្លែ និងសាច់ទាំងអស់ នៅទីនោះផ្ដល់ជូនសុទ្ធតែរបស់ស្រស់ៗ។ មិនតែប៉ុណ្ណឹង ទីនោះគឺសម្បូរការលេងកម្សាន្ដចាប់រង្វាន់បញ្ចុះតម្លៃណាស់! តម្លៃធូរថ្លៃ ហើយគុណភាពល្អទៀត។
- ព័ត៌មាន៖ Facebook-Fu Hot Pot
6. Mama Wong's Dumpling & Noodle House
Mama Wong's មានផ្ដល់ម្ហូបបែបតៃវ៉ាន់រសជាតិដើមដែលមានការកែច្នៃបន្តិចបន្តួច ដើម្បីតម្រូវចិត្តអតិថិជនតាមបណ្ដាតំបន់ផ្សេងៗគ្នា។ ទោះបីកែច្នៃហើយក៏ដោយ ក៏នៅតែមានរសជាតិដើមរបស់ម្ហូបតៃវ៉ាន់ឆ្ងាញ់ដិតជាប់មាត់ដដែល ម្ហូបនៅទីនោះឆ្ងាញ់គ្រប់មុខមែន ប៉ុន្តែម្ហូបដែលពេញនិយមជាងគេគឺមីស៊ុប និងគាវ ដែលមានរូបមន្ដបន្សល់ទុកជាច្រើនជំនាន់។ ម៉ឺនុយរបស់ពួកគេមានមុខម្ហូបជាច្រើនមុខ និងម្ហូបបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់។ មួយម៉ាត់ណា ក៏មានអារម្មណ៏ថាពោតពេញដោយក្ដីស្រឡាញ់ដែរ។
រដូវត្រជាក់ចឹង នៅចាំអីទៀតបបួលគ្នាមកញ៉ាំមីស៊ុបហតផតមួយគ្នាមក! ហើយបើបានមនុស្សសំខាន់មកជាមួយទៀត ប្រាកដជាអាចបង្កើនរសជាតិទឹកស៊ុបឲ្យកាន់តែឆ្ងាញ់មួយកម្រិតទៀត។ ឥឡូវស្គាល់កន្លែងទាំង ៦ នេះហើយ ហៅគ្នីគ្នាមកស្រូបយកឱជារសហឹរៗ ក្តៅៗនេះទាំងអស់គ្នាមក!