5 កន្លែងអាចញ៉ាំបាយថ្ងៃត្រង់ សម្រាប់អ្នកដែល lonely អត់ណាគេញ៉ាំអីជាមួយ

ពេលខ្លះចង់ទៅញ៉ាំ lunch នៅក្រៅដែរ ប៉ុន្តែអត់ណាគេទៅជាមួយ ទ្បើង sad។ តែកុំភ័យ 5 កន្លែងខាងក្រោមនេះមានលក់ម្ហូបឆ្ងាញ់ៗជាច្រើនសម្រាប់លួងចិត្តដ៏ ឯការបស់អ្នក។

 

#1 Bonchon

 

bonchoncambodia
ទំនងម្ល៉េះ (Photo: Bonchon Cambodia)

 

Bonchon គឺជាភោជនីយដ្ឋានដែលលក់ម្ហូបកូរ៉េ និងជប៉ុន។ នៅពេលថ្ងៃហាងនេះមានលក់ជាឈុតអាហារថ្ងៃត្រង់ 5 មុខសម្រាប់ឲ្យអ្នកជ្រើសរើស។ ប៉ុន្តែថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាជាមួយនឹងឈុតថ្មីដែលទើបតែចេញប៉ុន្មានថ្ងៃមុនទេគឺឈុត Super Crispy Rice Bowl Set ក្នុងតម្លៃ 5 ដុល្លារ ប៉ុណ្ណោះ ដែលមានបាយជាមួយនឹងភ្លៅមាន់មួយដុំ ស៊ុបផ្សិត ជ្រក់សារ៉ាយសមុទ្រ ជ្រក់ឆៃថាវ និង កូកាកូឡា១កែវ។

 

តួអង្គឯករបស់ម្ហូបនេះគឺ ភ្លៅមាន់ ដែលរសជាតិមានជម្រើស 2 គឺខ្ទឹម និងហិរ។ ភ្លៅមាន់របស់ហាងនេះមានលក្ខណៈពិសេសត្រង់ថា ពេលញ៉ាំ សំបករបស់វាស្រួយសឹងតែលឺស្រោកៗ ហើយសាច់ខាងក្នុងទន់ ផុយដែលធ្វើឲ្យអ្នកញ៉ាំស្រួលទំពារ និងមានរសជាតិមិនខុសពីផ្នែកខាងក្រៅ។ ចំណែកឯរសជាតិវិញសឹងថាមិនបាច់និយាយ ពេលញ៉ាំទៅមានរសជាតិហិរតិចៗ ហើយប្រៃល្មមជក់មាត់ដែលធ្វើឲ្យអ្នកចង់ញ៉ាំ

 

មួយហើយមួយទៀត។ ចំពោះឯរសជាតិខ្ទឹមវិញ វារាងសាបជាងរសជាតិហិរបន្តិច ប៉ុន្តែវាមានក្លិនខ្ទឹម ដែរធ្វើឲ្យអ្នកញ៉ាំជក់មាត់ដូចគ្នា។ បើទៅសាកដំបូង សាករសជាតិហិរមុនទៅនឹងមិនខកបំណងទេ ហើយអ្នកមិនចេះញ៉ាំហិរក៏អាចញ៉ាំបានដែរព្រោះវាមិនហិរប៉ុន្មានទេ។

តម្លៃ៖ 5 ដុល្លារ/ឈុត

ទីតាំង៖ គ្រប់ Bonchon ទាំងពីរសាខា

 

#2 Mike’s Burger House

 

burgercambodia

Classic American Burger និង បឺហ្គឺរខៀវរសជាតិថ្មី (Credit: Mike Chenda)

 

បើអ្នកគិតថាខ្ជិលចង់ញ៉ាំបាយ ហើយចង់ញ៉ាំ fast food វិញ មកញ៉ាំនៅ Mike’s Burger House ទៅព្រោះថាហាងនេះជាហាងមួយដែលលក់បឺហ្គឺររសជាតិដើមមកពីសហរដ្ឋអាមេរិកផ្ទាល់ ដែលកម្រនឹងមាននៅប្រទេសកម្ពុជា។ សម្រាប់ថ្ងៃនេះខ្ញុំនឹងណែនាំពី Classic American Bacon Cheese Burger មានតម្លៃ 3.99 ដុល្លារ ដែលក្នុងនោះមានរួមបញ្ចូលនំប៉័ង ស្ពៃ ប៉េងប៉ោះ ឈីស bacon និង សាច់គោកិនមួយបន្ទះ។ បឺហ្គឺនេះអាចញ៉ាំជាមួយទឺកជ្រលក់ 3 ប្រភេទគឺ ទឺកប៉េងប៉ោះ ទឺកម្ទេះ Sriracha និង Mustard។

 

ពេលខាំ បឺហ្គឺ នេះទៅអ្នកនឹងមានអារម្មណ៍ថាខុសប្លែកពីហាងដទៃទៀតត្រង់ថា សាច់នំប៉័ងគឺក្តៅ ដុតចេញពីទ្ប ថ្មីៗ បន្លែស្រស់ៗ បើសាច់វិញគឺថាលាយរសជាតិយ៉ាងល្អជាមួយឈីសដែលពេលខាំទៅមានចេញជាតិទឺកសាច់ដ៏ឆ្ងាញ់បូកជាមួយសាច់ bacon ដែលស្រួយបន្តិចៗធ្វើឲ្យបន្ថែមរសជាតិមួយកំរិតទៀត។

 

នេះជាលទ្ធផលនៃការចម្អិនដែលពោរពេញដោយក្តីស្រលាញ់ចំពោះបឺហ្គឺរបស់ចុងភៅនីមួយៗ ដែលនៅហាងបឺហ្គឺធម្មតាមិនមាន។ ម្យ៉ាងវិញទៀត លោកអ្នកចំណាយត្រឹមតែ 1.50 ដុល្លារ ទៀតប៉ុណ្ណោះ អ្នកនឹងបានទឺកក្រូចញុំាមិនកំណត់ដែលមានដូចជាកូកា ស្ព្រៃ និង ហ្វាន់តា ដែលញ៉ាំផ្លាស់ប្តូរគ្នាបានសេរី។

តម្លៃ៖ 3.99 ដុល្លារ/បឺហ្គឺរ

ទីតាំង៖ មហាវិថី សហព័ន្ធរុស្សី ផ្លូវកែងបត់ចូលវត្តនាគវ័ន្ត

 

#3 ស្ថានីយ៍ប្រេង PTT

 

porkstickyrice

សាច់ជ្រូកអាំង + បាយដំណើប = heaven (Photo: Foodcapture.Cambodia)

 

បើថាជម្រើសទាំងពីរខាងលើមិនត្រូវចិត្តអ្នកទេ លោកអ្នកអាចទៅញ៉ាំនៅស្ថានីយ៍ប្រេង PTT ជិតវត្តនាគវន្តក៏បាន។ នៅទីនោះមានលក់សាច់ជ្រូកចង្កាក់អាំង និងបាយដំណើបដែលមានតម្លៃត្រឹមតែ 2500 រៀលសម្រាប់សាច់ជ្រូក ហើយ 1000 រៀលប៉ុណ្ណោះសម្រាប់បាយដំណើប។

 

រសជាតិសាច់ជ្រូកអាំងនៅទីនោះគឺរៀងផ្អែមតិចៗ និងមានជាតិផ្សេងៗទៀតដែលយើងមិនដឹង ប៉ុន្តែដឹងតែញ៉ាំមិនដកដៃតែម្តង។ ត្រឹមតែសាច់ 3 ឬ 4 ចង្កាក់ រួមជាមួយបាយដំណើប 2 ឬ 3កញ្ចប់នឹងធ្វើឲ្យឆ្អែតហើយ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចផឹកជាមួយនឹងកាហ្វេនៅ Amazon ដែលនៅកន្លែងជាប់គ្នា តែកុំច្រឡំថាហាងនឹងឈ្មោះ Amazing ណា ព្រោះថាម្ចាស់គេមិនមែនឈ្មោះចំរើនទេ។

 

amazon

ម្នាក់ឯងមិនស្លាប់ទេ (Photo: Rany Y. Both)

 

តម្លៃ៖ 2500 រៀល/ចង្កាក់, កាហ្វេ Amazon៖ 2 ដុល្លារ

ទីតាំង៖ មហាវិថី សហព័ន្ធរុស្សី ផ្លូវកែងបត់ចូលវត្តនាគវ័ន្ត

 

#4 Marugame Udon Cambodia

 

ហាង Marugame Udon ជាហាងលក់មីជប៉ុន Udon មួយទើបនឹងបើកនៅកម្ពុជាប្រហែលកន្លះឆ្នាំមុននេះ ដែលមានឈ្មោះល្បីល្បាញទាំងនៅជប៉ុន និងក្រៅប្រទេស។ នៅទីនោះមានលក់មី Udon ជាច្រើនប្រភេទដែលសុទ្ធតែមានរសជាតិឆ្ងាញ់ខុសប្លែកពីគ្នា ហើយពីតម្លៃវិញគឺក្នុងចន្លោះពី 3 ទៅ 5ដុល្លារ។

 

udoncambodia

it is calling for us….:’) (Photo: So Vitu Rath)

ថ្ងៃនេះខ្ញុំនឹងណែនាំរសជាតិមួយមកឲ្យអ្នកទាំងអស់គ្នាតែប៉ុណ្ណោះដោយសារតែរសជាតិនៅហាងនោះមានច្រើនពេក ដូច្នេះរសជាតិដទៃទៀតសូមអ្នកទាំងអស់គ្នាទៅសាកដោយខ្លួនឯងចុះ។ ហើយរសជាតិនោះគឺ Nikutama Bukake Udon ដែលមានរូបរាងដូចក្នុងរូបខាងលើ។

 

ដូចជាឃើញស្រាប់ហើយ មីរសជាតិនេះមានមី Udon បូកជាមួយសា���់ជ្រូក និង ពងមាន់មួយគ្រាប់។ អ្វីដែលធ្វើឲ្យមីនេះពិសេសគឺត្រង់ថាសរសៃមីធំជាងមីRamen ដែលធ្វើឲ្យពេលញ៉ាំទៅមានអារម្មណ៍ថាពេញមាត់ជាង ហើយម្យ៉ាងទៀតទឹកស៊ុបដែលប្រើក្នុងមីUdon គឺខុសពីមី ramen ដែរត្រង់ថា ស៊ុបមានរសជាតិឆ្ងាញ់ចម្លែកថ្វីថ្បិតតែពេលហុតទៅមានជាតិជាច្រើនលាយឡំគ្នាដូចជាផ្អែម ជូរ និងប្រៃ ដែលបញ្ចូលគ្នាល្មមមានសមភាពក្នុងរសជាតិ។

 

ក្រៅពីមីក៏មានម្ហូបបន្ទាប់បន្សំជាម្ហូបបំពងច្រើនប្រភេទសម្រាប់ញ៉ាំជាមួយមី។ បើអ្នកជាអ្នកស្រឡាញ់របស់បំពងដូចជាខ្ញុំពិតជាឃើញហើយចង់ស្រក់ទឹកមាត់តែម្តង។

តម្លៃ៖ 3-5 ដុល្លារ

ទីតាំង៖ ផ្ទះលេខ ១៨៩ ផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន ភ្នំពេញ

 

#5 AEON Food Court

 

foodcourthaeon

ជម្រើសច្រើនមុខណាស់ មួយណាក៏បាន

 

បើអ្នកមានអារម្មណ៍ថាចង់ដើរញ៉ាំអីលេងនោះ ផ្សារអ៊ីអនអាចជាជម្រើសរបស់អ្នកបាន។ នៅក្នុងផ្សារអ៊ីអនមានអាហារដ្ឋានមួយដែលមានលក់អាហារជាច្រើនប្រភេទដែលមានតម្លៃត្រឹមតែ 1 ទៅ 2 ដុល្លារប៉ុណ្ណោះ។ ជម្រើសម្ហូបនៅទីនោះមានដូចជា៖ មី (ឆា ស៊ុប គោក) ម្ហូបវៀតណាម (បាញ់ស៊ុង បាញ់ហ៊យ) ម្ហូបបំពង, ម្ហូបជប៉ុន (ស៊ូស៊ី អូនីគីរី) ជាដើម។

 

ម្ហូបនៅទីនោះមានរសជាតិគ្រាន់បើជាងកន្លែងមួយចំនួននៅខាងក្រៅ ហើយថែមទាំងមានផាសុកភាពជាងទៀតផង។ ពេលញ៉ាំហើយលោកអ្នកអាចទិញផ្លែឈើញ៉ាំជាបង្អែមលាងមាត់បាន ឬក៏អ្នកចង់បានរបៀបអ៊ឺរ៉ុបបន្តិចក៏បានគឺអ្នកអាចទៅញ៉ាំការ៉េម cone របស់ Dairy Queen បានដែលមានតម្លៃប្រហែលជា1ដុល្លា ហើយវាមានរសជាតិឆ្ងាញ់ផង។

តម្លៃ៖ 1-2 ដុល្លារ

ទីតាំង៖ ជាន់ផ្ទាល់ដី ផ្សារអ៊ីអន

icecreamconedairyqueen

Diet-killer

 

នេះជាកន្លែងទាំង5ដែលខ្ញុំគិតថាមានតម្លៃសមរម្យ និងមានបរិយាកាសអាចឲ្យអ្នក date ខ្លួនឯងដោយមិនចាំបាច់មានគ្នា។ សង្ឃឹមថាលោកអ្នកចូលចិត្តនូវអ្វីដែលខ្ញុំណែនាំ។

អត្ថបទគួរតែអានបន្ទាប់