ដូចសល់ស្វាយទុំច្រើននៅផ្ទះ? របៀបច្នៃស្វាយទុំ 4 មុខ ទាំងស្អាត និងប្លែក
បើកំពុងតែសល់ស្វាយច្រើននៅផ្ទះ ថ្ងៃនេះ FoodBuzz នឹងចែករំលែកពីវិធីធ្វើនំនិងបង្អែម ឲ្យប្លែកមាត់ម្តង។ 4 មុខនេះប្រាកដជាទាក់ចិត្តប្រិយមិត្តមួយមុខណាមិនខាន។
#1 តែត្រជាក់រសជាតិស្វាយទុំ
គ្មានអីត្រជាក់ស្រស់ស្រាយនៅក្នុងអាកាសធាតុក្ដៅបែបនេះជាងបានញ៉ាំ តែត្រជាក់រសជាតិស្វាយទុំនេះទេ។ ក្នុងរដូវស្វាយអ៉ីចេះ ដឹងតែមានស្វាយពេញផ្ទះហើយ អ៉ីចឹងមកធ្វើ តែត្រជាក់រសជាតិស្វាយទុំងាយៗនេះទាំងអស់គ្នា!
គ្រឿងផ្សំ៖
១. ទឹកស្ករ (៣ស្លាបព្រាបាយ)
២. ស្វាយក្រឡុក (៦ស្លាបព្រាបាយ)
៣. ទឹកក្រូចឆ្មា (២ស្លាបព្រាបាយ)
៤. ចំណិតក្រូច (តាមចំណង់ចំណូលចិត្ត)
៥. ទឹកកក (តិចឬច្រើនតាមចំណូលចិត្ត)
៦. ទឹកតែ (ចាក់បំពេញកែវ)
៧. សាច់ស្វាយដុំតូចៗ (តិចឬច្រើនតាមចំណូលចិត្ត)
៨. ស្លឹកជីអង្កាម (សម្រាប់លម្អ)
វិធីធ្វើ៖
១. ដាក់ទឹកស្ករ ស្វាយក្រឡុក និង ទឹកក្រូចឆ្មា ក្នុងកែវហើយកូរល្បាយអោយសព្វល្អ
២. រួចដាក់ទឹកកកចូលក្នុងកែវ ហើយចាក់ទឹកតែដែលឆុងថ្មីៗចូលអោយសមលម្ម កុំពេញពេក
៣. បន្ថែមជាមួយចំណិតក្រូច និង សាច់ស្វាយចំណិតតូចៗ ជាមួយ ស្លឹកជីអង្កាម ជាការស្រេច។
#2 ដុំបាយដំណើបស្វាយទុំ
គ្រាន់តែបាយដំណើបស្វាយទុំ មានស្វាយដាក់ក្បែរៗចានចឹង អត់មានថ្វីផង។ ចុះបើសាកយកបាយមករុំដាក់ស្នូលស្វាយទុំវិញម៉េចដែរ? មើលទៅទំនងហើយ ស្អាតម្យ៉ាងដែរ!
គ្រឿងផ្សំ៖
១. បាយដំណើប (២ស្លាបព្រាបាយ)
២. សាច់ស្វាយដុំតូចៗ (កន្លះស្លាបព្រាបាយ)
៣. ទឹកខ្ទិះដូង ឆ្អិនស្រាប់ (តិចឬច្រើនតាមចំណូលចិត្ត)
៤. ល្ងរ (កន្លះស្លាបព្រាកាហ្វេ)
វិធីធ្វើ៖
១. ដួសបាយដំណើប ដាក់លើថង់ស្អាត ពាសបាយអោយស្មើល្អ រួចដាក់សាច់ស្វាយដុំតូចៗលើបាយហើយរមូលបាយអោយមូលល្អ
២. ស្រោចទឹកខ្ទិះដូងឆ្អិន លើដុំបាយដំណើបសា្វយ
៣. បន្ថែមជាមួយល្ងរ អោយមានរសជាតិឈ្ងុយឆ្ងាញ់
#3 បង្អែមសាគូស្វាយទុំ
អាកាសធាតុកាន់តែក្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយស្វាយមួយគំនរកំពុងតម្រៀបត្រៀបត្រានៅក្នុងផ្ទះ ហើយទុំញ៉ាំអត់ទាន់ទេម៉ោះ! ជៀសវាងទុំស្អុយ មកសាកធ្វើបង្អែមសាគូស្វាយទុំម៉េចដែរ។ ធ្វើហើយចែកអ្នកបងប្អូន មិត្តជិតខាងក៏បានដែរ!
គ្រឿងផ្សំ៖
១. សាគូឆ្អិន (១៦ស្លាបព្រាបាយ)
២. ស្វាយក្រឡុក (៥ស្លាបព្រាបាយ)
៣.ទឹកខ្ទិះដូងឆ្អិនលាយទឹកដោះគោ (១០ស្លាបព្រាបាយ)
៤.សាច់ស្វាយដុំតូចៗ (១ស្លាបព្រាបាយ)
៥. ស្លឹកតយ (សម្រាប់លម្អ)
វិធីធ្វើ៖
១. លាយសាគូឆ្អិន នឹងស្វាយក្រឡុក បន្ថែមជាមួយទឹកខ្ទិះដូងដែលលាយស្រាប់ជាមួយទឹកដោះគោ អោយបានសព្វល្អ
២. លាយសាគូឆ្អិន ជាមួយទឹកខ្ទិះដូងដែលលាយស្រាប់ជាមួយទឹកដោះគោ អោយបានសព្វល្អ
៤. បន្ថែមស្លឹកតយ អោយមានសោភ័ណភាព
#4 ចៃយ៉ស្វាយទុំ
ក្រោកមកមេឃភ្លៀង ដូចអារម្មណ៍អត់ស្រឡះសោះ។ បើសម្រាកនៅផ្ទះ សាកមកធ្វើចៃយ៉ស្វាយទុំ ដើម្បីលើកទឹកចិត្តខ្លួនឯង កុំឲ្យសេដ។ ចៃយ៉ស្វាយទុំងាយស្រួលធ្វើហើយ ឆ្ងាញ់ទៀត។
គ្រឿងផ្សំ៖
១. សាច់ស្វាយដុំតូចៗ (២៥០ក្រាម)
២. ស្វាយក្រឡុក (២០០ក្រាម)
៣. ស្ករស (៨ស្លាបព្រាបាយ)
៤. អំបិល (មួយចឹប)
៥. ម្សៅឆា (១ស្លាបព្រាបាយ)
៦. ទឹកឆ្អិន (៤ស្លាបព្រាបាយ)
៧. សំបកចៃយ៉
វិធីធ្វើ៖
១. ចាក់សាច់ស្វាយដុំតូចៗ ស្វាយក្រឡុក ស្ករស និង អំបិលចូលក្នុងខ្ទះ ហើយកូរអោយសព្វ
២. បើភ្លើងល្មមចម្អិនរយៈពេលពី ១០ទៅ១៥នាទី ត្រូវកូររហូតខ្លាចខ្លោចជាប់ខ្ទះ
៣. លាយម្សៅឆានិងទឹកឆ្អិន រួចចាក់ចូលហើយកូររហូតដល់ស្អិតល្អ ដូចដំណាប់
៤. យកទឹកបន្តិចលាបលើសម្បកចៃយ៉ ដួសដំណាប់ស្វាយមួយស្លាបព្រាដាក់ ហើយបត់កុំអោយហៀរចេញក្រៅ
៥. បំពងក្នុងសីតុណ្ហភាពល្មម រយៈពេលពី ៣ទៅ៥នាទី រហូតដល់មានពណ៌ក្រម៉ៅស្អាត
កុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា ដឹងតែជាប់ចិត្តតែម្ដង!