របៀបធ្វើអំបិលជ្រលក់ឆ្ងាញ់ទាំង៣មុខសម្រាប់ញុំាជាមួយម្ជូរ

អ្នកណាខ្លះនៅផ្ទះហើយមានអារម្មណ៍ឃ្លានម្ជូរ ដូចជាសា្វយខ្ចី ម្នាស់ បោមខ្ចី ចេកខ្ចី ជាមួយទឹកជ្រលក់ឆ្ងាញ់ៗមានជាតិអត់? គ្រាន់តែគិតក៍ចង់ស្រក់ទឹកមាត់ដែរ! កុំបារម្ភអីថ្ងៃនេះយើងនឹងណែនាំវិធីធ្វើអំបិលជ្រលក់ទាំង៣ប្រភេទដែលមានភាពងាយស្រួលក្នុងការធ្វើនៅផ្ទះបាន។ 

១. អំបិលម្ទេសលាយខ្ទឹម

ឲ្យតែពេលញុំម្ជូរម្តងៗ ម្នាក់ៗប្រាកដជារកអំបិលម្ទេសលាយខ្ទឹមហើយ។​ មានអ្នកចូលចិត្តច្រើនណាស់ដោយសារតែវាស្រួលធ្វើហើយមានគ្រឿងផ្សំតិចទៀត អ្នកណាក៍អាចធ្វើបានដែរនៅផ្ទះ។ ចំណែករសជាតិឆ្ងាញ់ត្រូវចិត្តតែម្តង! 

#គ្រឿងផ្សំ

  • ម្ទេស ៥ គ្រាប់ (តាមចំណង់ចំណូលចិត្ត)
  • ខ្ទឹម ៦ គ្រាប់ 
  • អំបិល ២ សា្លបព្រាបាយ
  • ស្ករស ២ សា្លបព្រាបាយ
  • ប៊ីចេង ២ សា្លបព្រាកាហ្វេ (ដាក់ក៍បានអត់ដាក់ក៍បាន)

#របៀបធ្វើ

  • ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងត្បាល់ហើយបុកវាឲ្យម៉ដ្ត ជាការស្រេច។ 
  • អំបិលនេះបើញ៉ាំជាមួយសា្វយខ្ចីគឺឆ្ងាញ់ណាស់។ 

២. ទឹកប្រហុក

ទឹកប្រហុកមានក្លិនរាងស្អុយៗមកពីប្រហុកនិងមានរសជាតិប្លែកខុសពីទឹកជ្រលក់ឬអំបិលជ្រលក់ផ្សេងៗ។ ប្រសិនបើអ្នកមិនចូលចិត្តប្រហុក អ្នកអាចមិនចូលចិត្តទឹកជ្រលក់មួយនេះទេ។ តែប្រសិនជាអ្នកចូលចិត្តរសជាតិប្រៃៗស្អុយៗរបស់ប្រហុកនោះអ្នកគួរតែសាកល្បងធ្វើទឹកជ្រលក់មួយនេះ។ វាងាយស្រួលណាស់ក្នុងការធ្វើ។

#គ្រឿងផ្សំ

  • ទឹកប្រហុក ៣ ស្លាបព្រាបាយ (លាយត្រីប្រហុកខ្លះក៍បាន)
  • ស្ករត្នោត ១ ស្លាបព្រាបាយ
  • ប៊ីចេង ១ ស្លាបព្រាបាយ (ដាក់ក៍បានអត់ដាក់ក៍បាន)
  • ម្ទេសលីង ២ ស្លាបព្រា
  • ខ្ទឹមក្រហម ២ គ្រាប់
  • ម្សៅអង្ករលីង ២ ស្លាបព្រាបាយ

#របៀបធ្វើ

  • ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗ។
  • ដាក់ស្ករត្នោតចូលក្នុងចានមួយហើយចាក់ទឹកប្រហុកចូល រួចកូរឲ្យសព្វរហូតទាល់តែស្ករត្នោតរលាយអស់។
  • លាយប៊ីចេង ម្ទេសលីង និងម្សៅអង្ករលីងចូលហើយកូរឲ្យសព្វ។
  • ជាចុងក្រោយដាក់ចំណិតខ្ទឹមក្រហមចូលជាការស្រេច។ 

៣. អំបិលម្ទេសអង្ករលីង

នេះគឺជាអំបិលម្ទេសស្ងួតសម្រាប់អ្នកអត់ចូលចិត្តអំបិលជ្រលក់សើមៗនិងមានទឹកច្រើន។ អំបិលមួយនេះឆ្ងាញ់ដូចគ្នាទេ ងាយធ្វើដូចគ្នា ប្រើគ្រឿងផ្សំតិចទៀត។ មិនចាំបាច់រវល់ច្រើនគ្រាន់តែធ្វើអំបិលជ្រលក់សម្រាប់ញ៉ាំម្ជូរ។ 

#គ្រឿងផ្សំ

  • ម្ទេសម៉ដ្ត ១ ស្លាបព្រាបាយ
  • ម្សៅអង្ករលីង ២ ស្លាបព្រាបាយ
  • ប៊ីចេង ១ ស្លាបព្រាកាហ្វេ (ដាក់ក៍បានអត់ដាក់ក៍បាន)
  • អំបិល ១ ស្លាបព្រាបាយ
  • ស្ករស ១ ស្លាបព្រាបាយ។

#របៀបធ្វើ

  • លាយគ្រឿងផ្សំទាំងអស់ចូលក្នុងចានឲ្យសព្វជាការស្រេច។ 

ប្រភព៖ Auntie Dee's Kitchen

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់