ដាច់យ៉ៃមានតែ២ម៉ឺនរៀល ក៏អាចញ៉ាំអាហារ បង្អែម និង ភេសជ្ជៈរួមគ្នាបាននៅកន្លែងទាំង១០នេះ
ទីក្រុងភ្នំពេញគឺជាទីក្រុងដ៏រស់រវើកមួយដែលបានបង្ហាញពីភាពសម្បូរបែបនៃម្ហូបចម្រុះជាតិសាសន៍។ សម្បូរបែបយ៉ាងណាដោយ ក៏តែងតែរកនូវអាហារសាមញ្ញដោយមិនសូវត្រូវចំណាយច្រើន ដូច្នេះ FoodBuzz នឹងណែនាំប្លុកឬភោជនីយដ្ឋានចំនួន 10 កន្លែងដែលប្រិយមិត្តអាចទិញ full-course meal ពោលគឺទាំងអាហារ បង្អែម និង ភេសជ្ជៈក្នុងតំលៃត្រឹមតែ 5 ដុល្លារប៉ុណ្ណោះ។
#1 Block 11
អ្នកណាដែលថាមិនស្គាល់ Block 11 ដែលជាប្លុកអាហារដ៏ល្បីនៅជុំវិញតំបន់ទួលគោក។ អាចចាប់ផ្ដើមដំបូងដោយនំប៉ាវសាច់ជ្រូកក្ដៅៗ ឬក៏ពងទាកូនហុយៗ រួចចាំញ៉ាំមីគាវ ឬ ម្ហូបអាហារកូរ៉េ ឬ ប៊ឺហ្គ័រមួយហើយចាំបញ្ចប់ដោយ KOI ឬគ្រឿងភេសជ្ជៈត្រជាក់ចិត្តផ្សេងៗ។ ប៉ុណ្ណឹងអស់មិនដល់ 5ដុល្លារផង!
ទីតាំង៖ ផ្ទះលេខ11 ផ្លូវ 315 សង្កាត់បឹងកក់ I ខណ្ឌទួលគោករាជធានីភ្នំពេញ | Googlemap
#2 ឡូយកង់ទីន
នៅចាំឡូយកង់ទីនដែល FoodBuzz ធ្លាប់រៀបរាប់ពីអត្ថបទមុនៗទេ? អានអត្ថបទចាស់នៅទីនេះ។ ជាមួយនឹងទឹកប្រាល់ 5 ដុល្លារឬលើសហ្នឹងតិចតួច អ្នកនឹងទទួលបាននូវទាំងអាហារ ប���្អែម និង ភេសជ្ជៈរសជាតិថៃដើមពិតៗ។
ទីតាំង៖ ផ្លូវលេខ 313 កែង 584 រាជធានីភ្នំពេញ | Googlemap
#3 ប្លុកវ៉ាន់ដា
គ្រប់គ្នាប្រាកដជានឹកឃើញដល់កន្លែងញ៉ាំអាហារនៅពីក្រោយវិទ្យាស្ថានវ៉ាន់ដា នៅពេលរើសកន្លែងញ៉ាំអីព្រោះថានៅទីនោះបានផ្តល់នូវជម្រើសយ៉ាងច្រើននៃអាហារដែលថោកសមរម្យចាប់ផ្តើមពីប្រហិតភ្នំភ្លើង volcano, សង្វាក់អាំង, មីគោកនិងជាពិសេសការ៉េមឆា។ ទាំងអស់សុទ្ធតែឆ្ងាញ់ ហើយសុទ្ធតែតម្លៃសមរម្យ។
ទីតាំង៖ នៅពីក្រោយវិទ្យាស្ថានវ៉ាន់ដា | Googlemap
#4 វត្តបទុមវត្តី
មានទីតាំងស្ថិតនៅក្បែរព្រះបរមរាជវាំង កន្លែងញ៉ាំអីនៅពីក្រោយវត្តបុទុមវត្តីមានភាពល្បីល្បាញដោយរសជាតិឈ្ងុយឆ្ងាញ់នៃនំបញ្ចុក ទឹកសម្ល 3 មុខ: ចំណាយប្រហែល 2.5 ទៅ 3 ដុល្លារសម្រាប់នំបញ្ចុកមួយចានបន្ទាប់មកត្រឹមតែ 2 ដុល្លារទៀតសម្រាប់នំឆាខ្វៃបំពងក្តៅស្រួយនិងលាងមាត់ដោយតែបៃតងទឹកដោះគោមួយកែវ។ ឆ្អែតពេញពោះហើយកាបូបលុយក៏នៅតែពេញ!
ទីតាំង៖ នៅខាងក្រោយវត្តបទុមវត្តី | Googlemap
#5 តំបន់ជុំវិញផ្សារទួលទំពូង
ទីតាំងមួយទៀតដែលអ្នកទេសចរចូលចិត្តមកកំសាន្តគឺផ្សារទួលទំពូងដែលពោរពេញទៅដោយវត្ថុអនុស្សាវរីយ៍និងម្ហូបអាហារដែលគួរឱ្យចាប់អារម្មណ៍។ ឧទាហរណ៍ អ្នកទាំងអស់គ្នាអាចសាកញ៉ាំជាមួយនឹងខ្យងនិងក្តាមស្រែចំហុយ តម្លៃ 4000 រៀល ក្លែមជាមួយនឹងភេសជ្ជៈនស២រ តម្លៃប្រហែល 6000 រៀលទៀត។ នៅសល់ទឹកប្រាក់ប៉ុន្មាន អាចទិញនំប៉័ងសាច់ឆ្ងាញ់ពីហាង Banh Mi & Bro។ ហើយកុំភ្លេចចំណីអាហារនៅក្នុងផ្សារទួលទំពូងដែលបើករហូតដល់ទាបភ្លឺជាមួយអាហារដែលចាប់ផ្តើមពី 2000 រៀលឡើងទៅ។
ទីតាំង (ផ្សារទួលទំពូង)៖ ផ្លូវ 163 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#6 ហាងម្ហូបបួស
ចង់សាកល្បងអ្វីដែលថ្មីហើយតមសាច់មួយរយៈអត់? ហាងម្ហូបបួសមួយចំនួនជាពិសេសភោជនីយដ្ឋាន Vitking House ដែលពួកយើងបានសាកនិងផ្ដល់អនុសាសន៍ មានបម្រើនូវសាឡាដ៏សុខភាពដែលមានកាឡូរីទាប ជាមួយម្ហូបគ្រោងសំខាន់ៗដូចជា មីឆាបន្ទះដែក ស៊ុបគាវ ប៊ឺហ្គឺ និងភេសជ្ជៈផ្សេងៗ (ទឹកផ្លែឈើស្រស់ៗ ឬ តែទឹកដោះគោ ឬ ទឹកក្រឡុកត្រជាក់ៗ)។ មុខម្ហូបនីមួយៗមានតម្លៃត្រឹមតែ 2 ដុល្លារទៅ 3 ដុល្លារប៉ុណ្ណោះ។ ទាំងសុខភាពល្អ ទាំងសន្សំសំចៃ! មានអីមិនល្អ?!
ទីតាំង (វីតឃីងហោស៍):
- សាខាទី 1: ផ្លូវលេខ 163 ជិតផ្លូវ 288 សង្កាត់អូឡាំពិក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ Googlemap
- សាខាទី 2: ផ្ទះលេខ 72 ផ្លូវលេខ 430 កែងផ្លូវលេខ 450 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#7 ពហុកីឡដ្ឋានជាតិអូឡាំពិក
របស់ញ៉ាំលេងៗនៅទីនោះរួមមានបុកល្ហុង នំប៉ពា ប្រហិតចៀន ឬពងមាន់អាំង។ល។ បន្ទាប់ពីធ្វើលំហាត់ប្រាណរួច ចាំបន្តពិសានំប៉័ងស្តាតអូឡាំពិកដ៏ល្បីឈ្មោះ បបរគ្រឿង ឬក៏គុយទាវស៊ុប ចាប់ពី 3000 ដល់ 8000 រៀល។ បន្ទាប់មកចាំផឹកទឹកក្រូចច្របាច់ស្រស់ឬភេសជ្ជៈត្រជាក់នៅក្បែរនោះ។ អាហារច្រើនសព្វមុខហើយតំលៃអាចទទួលយកបាន!
ទីតាំង៖ មហាវិថី Charles de Gaulle រាជធានីភ្នំពេញ | Googlemap
#8 យ៉ាគិនិគឹ ហ្គាឌែន សិគិ
បន្ទាប់ពីការពិពណ៌នាប្លុកអាហាររួច ឥឡូវយើងក្រឡេកមកមើលខាងភោជនីយដ្ឋានតម្លៃសមរម្យមួយចំនួនម្ដង! Yakiniku Garden Shiki គឺជាភោជនីយដ្ឋានជប៉ុនមួយដែលលាក់ខ្លួននៅម្ដុំវិមានឯករាជ្យដែលផ្តល់ជូននូវអាហារថ្ងៃត្រង់តម្លៃចាប់ពី $3.5 - $7 ទទួលបានទាំងទឹកស៊ុប starter ម្ហូបគ្រោង បាយសមួយចាន និងជាពិសេសកាហ្វេមួយកែវទៀត! សុទ្ធតែឆ្ងាញ់ៗនិងជួយជម្រុញដល់ថវិកាទៀត!
ទីតាំង៖ ផ្ទះលេខ 24 ផ្លូវ 294 សង្កាត់ទន្លេបាសាក់ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#9 ម៉ាក់អាកាំង
"ម៉ាក់អាកាំង" គឺជាភោជនីយដ្ឋានមួយដែលត្រូវបានគេស្គាល់ដោយសារតែពងទាកូនស្រែនិងខ្ទឹមជ្រក់ធ្វើដោយហាងផ្ទាល់។ ដូច្នេះអាចចំណាយប្រមាណ 10000 រៀលដើម្បីទទួលបានពងទាកូនស្រែប្រហែល 4 ទៅ 5 គ្រាប់។ បន្ទាប់មក អាចបន្តញ៉ាំជាមួយនំបញ្ចុកសម្លខ្មែរឬណាំយ៉ា ត្រឹមតែ 5000 រៀលប៉ុណ្ណោះ! ចុងក្រោយចាំបញ្ចប់ដោយប្រភេទបង្អែមឬទឹកក្រឡុកក្នុងតម្លៃមួយដ៏សមរម្យ។
ទីតាំង៖ ផ្លូវ 215, ក្បែរផ្សារញ៉ែ | Googlemap
#10 ការ៉េមសុងត្រា
មុនពេលមាន Burger King ឬ Lotteria ការ៉េមសុងត្រាគឺជាជម្រើសដ៏ល្អបំផុតនៅពេលចង់បរិភោគសាំងវិច ភីហ្សា ហតដក និងពិសេសជាងគេនោះគឺប៊ឺហ្គឺរ! អ្នកទាំងអស់គ្នាអាចទទួលបានប៊ឺហ្គឺពិសេសរបស់ពួកគេ (ឈីសឌុប សាច់ឌុប ជាមួយពងមាន់ចៀន) និងភ្លៅមាន់បំពងស្រួយឆ្ងាញ់ដែលមានតម្លៃបូកចូលគ្នាប្រមាណជា 10000 រៀលប៉ុណ្ណោះ។ បន្ទាប់មកចំណាយសាច់ប្រាក់ដែលនៅសេសសល់ សម្រាប់ការ៉េម ទឹកក្រឡុកឬទឹកកកឈូសត្រជាក់ចិត្ត!
ទីតាំង៖ មហាវិថីសុធារស នៅជិតម៉ាស្ទ័រស៊ុគីស៊ុប | Googlemap
ញ៉ាំបានច្រើន ចំណាយអស់តិច កុំភ្លេចជាមួយទីតាំងទាំង 10 ខាងលើ!!!