11:11 Café
- Street 408, #32 Toul tompong 1 , Phnom Penh, Cambodia
- 093 961 112
មានទីតាំងនៅម្ដុំផ្សារទួលទំពូង ហាងកាហ្វេ 11:11 Café មានបរិយាកាសដ៏ស្ងប់ស្ងាត់ ស្រស់ស្រាយល្អស័ក្តិសមសម្រាប់អង្គុយលំហែអារម្មណ៍ពីកង្វល់នានា។
ហាងនេះត្រូវបានដាក់ឈ្មោះថា 11:11 ពីព្រោះម្ចាស់ហាងមានបំណងចង់បើកហាងកាហ្វេមួយផ្ទាល់ខ្លួន ប៉ុន្តែមិនមានសមត្ថភាពពីដំបូង។ បន្ទាប់មកក៏បបួលគ្នីគ្នាពិភាក្សារឿងបើកហាងកាហ្វេ ចៃដន្យអី ឲ្យតែពេលនិយាយគ្នា ឧស្សាហ៍ឃើញម៉ោង 11:11 ដែលជាជំនឿប្រផ្នូលមួយតំណាងឲ្យសេចក្ដីសង្ឃឹមលើបំណងប្រាថ្នាឲ្យក្លាយជាការពិត។ ដូច្នេះហើយពួកគាត់ជឿជាក់ថានឹងអាចបើកហាងកាហ្វេក្នុងក្ដីស្រម៉ៃនេះបាន ហើយក៏ដាក់ឈ្មោះ 11:11 តែម្ដង!
ហាងកាហ្វេ 11:11 Café មានទាំងកន្លែងអង្គុយក្នុងនិងក្រៅ រីឯក្រុម FoodBuzz យើងណែនាំឲ្យអង្គុយនៅខាងក្រៅពីព្រោះមានដើមឈើពណ៌បៃតងស្រស់ៗ ផ្គួបជាមួយខ្យល់បក់មកតិចៗ នឹងធ្វើឲ្យអារម្មណ៏ស្រស់ថ្លា ផុតអស់កង្វល់ខ្វល់ខ្វាយ។
ក្រុម FoodBuzz យើងពេញចិត្តនឹងការតុបតែងដ៏ស្រស់ស្អាតនិងទាន់សម័យរបស់ហាងកាហ្វេមួយនេះមែនទែន! សម្បូរប្លង់សម្រាប់ថតរូបស្អាតៗ សូម្បីបន្ទប់ទឹកក៏មានប្លង់ថតម៉ាឆ្ងាញ់ដែរ!
ហាងកាហ្វេ 11:11 Café មានលក់ភេសជ្ចៈជាច្រើន មានគ្រប់រសជាតិ។ ពួកយើងចូលចិត្ត Tiramisu Choco Frappe ជាងគេ ព្រោះវាមិនផ្អែមពេក មានជាតិនិងក្លិនសូកូឡាស្រាលស្រទន់ ល្មមឆ្ងាញ់។ នៅក្នុងស៊េរី Tiramisu នេះមាន Tiramisu Choco និង Tiramisu Espresso សម្រាប់ជាជម្រើសដល់អតិថិជន។
រីឯក្នុងស៊េរីភេសជ្ជៈ Popcorn (ពោតផ្ទុះ) វិញក៏មានបីភេសជ្ជៈដែរ គឺ Popcorn Frappe, Popcorn Espresso and Popcorn Milk ហើយគ្នីគ្នា FoodBuzz យើងពេញចិត្តនឹង Popcorn Frappe ជាងគេចំណោមបីនោះ តែដោយសារពួកយើងចូលចិត្តសូកូឡា ចឹងហើយបើឲ្យរើស គឺនៅតែជ្រើសយក Tiramisu Frappe ដដែល។
ងាកមកភេសជ្ជៈប្រចាំហាងវិញ ពួកយើងបានសាកកាហ្វេទឹកដោះគោត្នោត ដែលធ្វើឡើងដោយកាហ្វេ ហើយប្រើប្រាស់ស្ករត្នោតជំនួសឲ្យស្ករស។ មួយកែវនេះមានជាតិកាហ្វេខ្លាំង រៀងដិតជាងធម្មតាបន្តិច ដូច្នេះហើយបើអ្នកណាត្រូវការជាតិកាហ្វេអុីនធ្ងន់ ប្រហែលពេញចិត្តជាមួយមួយកែវនេះហើយ។
11:11 Café ក៏មានលក់ទឹកក្រូចស្រស់ ច្របាច់ថ្មីៗ ភ្លាមៗច្រកដាក់ក្នុងដបអម្បែងទៀតផង។ រសជាតិបែបជូរអែមៗ រំសាយអារម្មណ៍ឲ្យស្រស់ស្រាយ។
ឲ្យពិន្ទុហាងកាហ្វេបើកថ្មីនេះ ៨/១០ ។ ហើយសម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចតាមដាន Facebook Page របស់ហាងកាហ្វេមួយនេះបាន 11:11 Café ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.