កន្លែងញ៉ាំបាយថ្ងៃត្រង់កាលីបៗទាំង 10 សម្រាប់អ្នកធ្វើការ
អង្គុយធ្វើការរាល់ថ្ងៃស្រ្តេសមធ្យម ងុំគឺពិបាកចិត្តរឿងអត់ដឹងថាគួរញុំាអីពេលបាយថ្ងៃត្រង់តែម្តង។ បើសិនជាអ្នកកំពុងឃ្លានខ្លាំងជាមួយក្រុមការងារ រឺក៏ចង់ញុំាបាយជា Team នៅកន្លែង high high ពួកយើងមានដំណឹងល្អសម្រាប់អ្នកហើយ! ខាងក្រោម ជាកន្លែងទាំង 10 ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់នូវឈុតអាហារថ្ងៃត្រង់ បែបកូរ៉េ និង ជប៉ុន ក្នុងតម្លៃជាមធ្យមត្រឹម 10$។
#1 ហាង Uraetei BBQ Japan-Cambodia
បានភ្លក់សាច់គោអាំងបែបប៊ីប៊ីឃ្យូជប៉ុនពិសេស ជាមួយនឹងបាយ រឺ មីUdon រួមទាំងឈុតអាហារបន្ទាប់បន្សំឈ្ងុយឆ្ងាញ់ជាច្រើនទៀត ក្នុងមួយឈុតដែលមានតម្លៃក្រោម 10$ ប៉ុណ្ណោះនៅឯហាង Uraetei។ ដោយលោកអ្នកអាចទៅញ៉ាំបាន ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 2 រសៀល ហើយអ្វីដែលពិសេសគឺភ្ញៀវនឹងទទួលបានកាហ្វេ ឬផ្លែឈើក៏បាន នៅពេលដែលអ្នកគិតលុយ!
ទីតាំង៖ ផ្លូវលេខ 360 សង្កាត់បឹងកេងកង I ភ្នំពេញ
#2 ហាង Sushi Tei Cambodia
ជាមួយនឹងឈុតអាហារថ្ងៃត្រង់ ដែលបំរើជូនអតិថិជន តម្លៃចាប់ពី 5.9$ អ្នកអាចជ្រើសរើសឈុតអាហារ ដែលពោរពេញដោយជាតិប្រូតេអ៊ីនទាំងនេះ ដោយក្នុងនោះរួមមាន ស៊ុបមីសូ បាយ សាឡាដ និងការញ៉ាំភេសជ្ជៈដូចជាតែបៃតង ក្តៅក៏បាន ត្រជាក់ក៏បាន។ មានបើកបំរើជូនចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 2:30 រសៀល។ អូរ! ភ្លេចប្រាប់ថាឈុតអាហារទាំងអស់ មើលទៅទំនងណាស់!
ទីតាំង៖ ផ្ទះលេខ 36 មហាវិថីព្រះមុន្នីរ៉េត សង្កាត់ទួលស្វាយព្រៃ II ភ្នំពេញ
#3 ហាង Watami Japanese Dinning
សូមណែនាំភោជនីយដ្ឋានជប៉ុនមួយទៀតគឺ Watami ហាងនេះមានឈុតអាហារថ្ងៃត្រង់ និងអាហារបន្ទាប់បន្សំ ជាមួយនឹងសាច់គោអាំង សាច់ក្រក បង្គារ បន្លែអាំង បាយ បន្លែ ឬផ្លែឈើដែលជិតជាផ្កាសម្រាប់តុបតែងលើម្ហូបទៀតផង បានថតរូបស្អាតទុកអួតមិត្តភក្តិលើហ្វេសប៊ុកហើយ បានញុំាឆ្ងាញ់ទៀត។ ឯតម្លៃវិញគឺមានចាប់ពី 8.8$ ហើយថែម ០.5$ ទៀតប៉ុណ្ណោះដើម្បីទទួលបានភេសជ្ជៈ ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 5 ល្ងាច!
ទីតាំង៖ ជាន់ផ្ទាល់ដី ផ្សារអ៊ីអន នៅជិត Terrace Avenue
#4 ហាង Gyu-Kaku
សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារថ្ងៃត្រង់រៀងយឺតបន្តិច ហើយចូលចិត្តអាហារសាច់អាំងបែបជប៉ុនទៀតនោះ ហាង Gyu-Kaku អាចជួយបាន ដោយមានឈុតអាហារថ្ងៃត្រង់ដ៏សម្បូរបែបរួមមាន ឈុតសាច់អាំងជាច្រើនប្រភេទ និង ស៊ុប Kimchi ហើយនៅមានច្រើនមុខទៀត ដែលបំរើចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 5 ល្ងាច ជារៀងរាល់ថ្ងៃតែម្តង! ឯតម្លៃវិញ គឺចាប់ពី 5.9$ ហើយអតិថិជនអាចទទួលទានបាយបន្ថែមទៀត ដោយឥតគិតថ្លៃផងដែរ។
ទីតាំង៖ ផ្លូវលេខ 370 សង្កាត់បឹងកេងកង I ភ្នំពេញ
#5 ហាង Japanese BBQ Kazu by Sanbyakuya
កំពុងសន្សំលុយមែនទេ? មិនចង់ចំណាយច្រើនមែនទេ? អូខេ! បានតា! មកញ៉ាំអាហារថ្ងៃត្រង់នៅឯហាង Kazu ដែលចំណាយត្រឹមតែ ៣.៨$ តែប៉ុណ្ណោះ អ្នកអាចរីករាយជាមួយនឹងឈុតអាហារថ្ងៃត្រង់ ដ៏ច្រើនសម្រាប់អ្នកបានហើយ!
ទីតាំង៖ ផ្ទះលេខ 2A ផ្លូវ 302 សង្កាត់បឹងកេងកង I ភ្នំពេញ
#6 ហាង ToTo BBQ
ធ្វើការ រឺ រស់នៅតំបន់ទួលគោក ប៉ុន្តែមិនដឹងថាញ៉ាំអាហារថ្ងៃត្រង់នៅឯណាមែនទេ? សាច់អាំងនៅភោជនីយដ្ឋាន ToTo BBQ នោះអី! មិនទាន់អស់ទេ គឺអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30% ភ្លាមៗ ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 3 រសៀលទៀតផង! គឺបញ្ចុះតម្លៃលើគ្រប់មុខទាំងអស់ ប៉ុន្តែមាននៅតែសាខាទួលគោក (TK Avenue) តែប៉ុណ្ណោះ!
ទីតាំង៖ នៅក្នុង TK Avenue
#7 ហាង Bonchon
ឥឡូវមកសាកល្បងអាហារបែបកូរ៉េ នៅភោជនីយដ្ឋាន Bonchon វិញម្តង ដែលបំរើអតិថិជនរហូតដល់ម៉ោង 4 ល្ងាច ជារៀងរាល់ថ្ងៃ។ ដោយចំណាយ 5$ ប៉ុណ្ណោះ អ្នកអាចរីករាយជាមួយអាហារបែបកូរ៉េ ជាច្រើនប្រភេទ អមដោយអាហារបន្ទាប់បន្សំយ៉ាងច្រើនទៀតផងដែរ។ មិនទាន់អស់ទេ ភ្ញៀវអាចញ៉ាំ កូកាកូឡា ដោយឥតគិតថ្លៃទៀតណ៎!
ទីតាំង៖ នៅគ្រប់សាខារបស់ Bonchon
#8 ហាង Kyochon
ជម្រើសបែបអាហារកូរ៉េមួយទៀតហើយ សម្រាប់អ្នកចូលចិត្តអាហារកូរ៉េ! Kyochon ផ្តល់ជូនឈុតអាហារថ្ងៃត្រង់បែបកូរ៉េ ក្នុងតម្លៃត្រឹមតែ 5$ ប៉ុណ្ណោះ ដោយបូកទាំង កូកាកូឡា ឥតគិតថ្លៃ។ មិនមានអាហារបន្ទាប់បន្សំច្រើនទេ ប៉ុន្តែហាងនេះមានសេវាដឹកជញ្ជូនដល់ទីកន្លែង ដោយគ្រាន់តែតេហៅមួយភ្លែតប៉ុណ្ណោះ!
ទីតាំង៖ ផ្លូវលេខ 57 សង្កាត់បឹងកេងកង I ភ្នំពេញ
#9 ហាង The Salmon House
កំពុងរកអាហារដែលមានតម្លៃសមរម្យ ហើយឆ្ងាញ់មែនទេ? រាល់ឈុតអាហារទាំងអស់សុទ្ធតែមានត្រីសាល់ម៉ុន ជាមួយនឹងបាយ ជាពិសេសគឺតម្លៃចាប់ពី 2.5$ ប៉ុណ្ណោះ! គ្រប់ឈុតអាហារ ត្រូវចំអិនយ៉ាងយកចិត្តទុកដាក់ឲ្យមានរសជាតិឆ្ងាញ់ ហើយត្រូវនឹងរសជាតិជនជាតិយើងផងដែរ ដូច្នេះភ្ញៀវអាចរីករាយជាមួយរសជាតិបែបក្នុងតំបន់ ជាមួយនឹងត្រី សាល់ម៉ុន។ មានអ្វីល្អជាងនេះទៀតទេ? នៅមានទៀត! The Salmon House ក៏ផ្តល់ជូននូវ សាឡាដ ដោយឥតគិតថ្លៃដែរ ហើយមុខម្ហូបវិញ គឺផ្លាស់ប្តូររៀងរាល់សប្តាហ៍ តែម្តង!
ទីតាំង៖ ផ្លូវលេខ 266 ខណ្ឌដូនពេញ ភ្នំពេញ
#10 ហាង IL FORNO
ពួកយើងបានផ្តល់ជូនឈ្មោះហាងចំនួន 9 ហើយ ប៉ុន្តែកុំទាន់អាលអស់សង្ឃឹមបើមិនទាន់ពេញចិត្តមួយណាទេ។ អាហាររសជាតិបែបអ៊ីតាលី មានបំរើដល់អតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ហើយហាង IL FORNO ផ្តល់ឱកាសដល់អ្នក ដើម្បីសាកល្បងអាហារថ្ងៃត្រង់រសជាតិដើមរបស់អ៊ីតាលីផ្ទាល់តែម្តង ដោយមាន ភីហ្សា មី pasta ប៊ឺហ្គឺ សាឡាដ និងមានភេសជ្ជៈ និងកាហ្វេ ដោយចំណាយចាប់ពី 6$ ឡើងតែប៉ុណ្ណោះ។
ទីតាំង៖ ផ្លូវ 302 សង្កាត់បឹងកេងកង I ភ្នំពេញ
អូខេ! អ្នកប្រាកដជាទទួលបានពត៌មានអំពីហាងដែលបម្រើឈុតអាហារថ្ងៃត្រង់ទាំង 10 ជាមិនខាន ហើយសង្ឃឹមថាប្រិយមិត្តនឹងមានភាពងាយស្រួលក្នុងការជ្រើសរើសហាងដើម្បីញ៉ាំអាហារពេលថ្ងៃត្រង់ លើកក្រោយទៀត។ ប៉ុន្តែសន្យាថា នឹងមិនងងុយគេងទេណា បន្ទាប់ពីញ៉ាំហើយ!