ទៅដល់បាត់ដំបងត្រូវសាកម្ហូបឆ្ងាញ់ៗ ល្បីៗ ទាំង១០កន្លែងនេះ
បាត់ដំបងក៏ជាទីក្រុងដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសម្បូរទៅដោយកន្លែងកំសាន្ដ តំបន់រមណីយដ្ឋាន និងអាហារជាច្រើនប្រភេទ។ ទៅដល់ទីនោះហើយ មិនអាចខានឡើយអាហារល្បីតាមតំបន់នៅទីនោះ។ ចាំថ្ងៃនេះ FoodBuzz ប្រាប់ពី ១០ កន្លែងល្បីៗសម្រាប់អ្នកស្រុកភូមិបាត់ដំបង។
#១ មីគាវបីល្វែង
មីគាវផ្ទះបីល្វែងល្បីតៗគ្នារហូតដល់ភ្នំពេញ ដោយសារតែសរសៃមីធ្វើផ្ទាល់ដៃ ហើយថ្មីៗជារៀងរាល់ថ្ងៃ រសជាតិទឹកស៊ុបឆ្ងាញ់ សាច់ទាផុយ និងមានបរិមាណសាកសមនឹងតម្លៃ។ សំខាន់កូនអ្នកលក់ស្អាតទៀត ញ៉ាំហើយឆ្ងាញ់ជាប់ចិត្ត ចាំអរគុណអ្នកសរសេរតាមក្រោយណា៎!
- តម្លៃ៖ ចាប់ពី១មុឺនរៀលឡើងទៅ
- ទីតាំង៖ ផ្លូវ ១២១ ក្បែរមាត់ស្ទឹងសង្កែ
#២ នំប៉ោងមាត់ស្ទឹង
ភ្ញាក់ពីព្រលឹមមក អត់បាច់ភ័យថាអត់អីញ៉ាំទេ! ទៅដល់កន្លែងលក់នំប៉ោង (អ្នកស្រុកបាត់ដំបងហៅថានំហីង) ដឹងតែមិនដឹងថាញ៉ាំមួយណា ចោលមួយណាម៉ង់ ព្រោះថាមានច្រើនមុខពេក ឲ្យតែប្រភេទនំប៉័ង នំចៀនមានសឹងទាំងអស់ ទាំងនំប៉ោង ចាខ្វៃ នំពងទា ដូណាត់ នំប៉័ងធម្មតា នំផ្អែម និងនំជាច្រើនផ្សេងទៀត។
- តម្លៃ៖ ចាប់ពី ៥០០ រៀលឡើងទៅ
- ទីតាំង៖ ផ្លូវ ១១៩ ក្បែរមាត់ស្ទឹងសង្កែ
#៣ គុជ ជា មីកន្តាំង
សរសៃមីធំ មានភាពទន់ល្វើយ ជាមួយនឹងរសជាតិឆាចូលសព្វជាមួយគ្រឿង បន្លែ និងសាច់ លោកអ្នកនឹងជាប់ចិត្ត និងនឹករសជាតិនេះក្រោយចាកចេញពីក្រុងបាត់ដំបងមិនខាន។ អ្វីដែលកាន់តែពិសេសនោះ គឺមីបំពងស្រួយដែលបង្កប់ក្រោមមីសរសៃ ដែលទៅបន្ថែមរសជាតិមីមួយចានឲ្យកាន់តែមានឱជារស។
- តម្លៃ៖ ចាប់ពី១មុឺនរៀល
- ទីតាំង៖ ផ្លូវ ១១៥ ចន្លោះផ្លូវ ១០៦ និង ១០៤ ក្រុងបាត់ដំបង
#៤ ចែមុី ប្រហិតបាត់ដំបង
ប្រហែលជាស្គាល់គ្រប់ៗគ្នាហើយ ព្រោះថាភ្នំពេញក៏មានញ៉ាំដែរ តែមានធ្លាប់គិតថានឹងទៅញ៉ាំនៅកន្លែងដើមតែម្ដងអត់? ព្រោះថា ញ៉ាំកន្លែងដើម ដឹងតែឆ្ងាញ់ពិសេសជាងញ៉ាំនៅតាមសាខាហើយ។ ល្បីបំផុតគឺប្រហិតសាច់គោ ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ និងថ្មីជារៀងរាល់ថ្ងៃ។ អ្វីដែលធ្វើឲ្យរសជាតិប្រហិតសាច់គោនេះកាន់តែឈ្ងុយឆ្ងាញ់នោះ គឺទឹកជ្រលក់សណ្ដែកដីហ្នឹងតែម្ដង។
- តម្លៃ៖ ចាប់ពី២០០០រៀលឡើងទៅ
- ទីតាំង៖ ផ្លូវ ២.៥ (Pub Street) កែងនឹងផ្លូវ ១២១ ក្រុងបាត់ដំបង
#៥ មីកូឡា 2 ធ្នូ
មីកូឡា មានប្រភពដើមចេញពីក្រុងបាត់ដំបងនេះតែម្ដង។ ចង់ថារសជាតិដើមរបស់មីកូឡាយ៉ាងណា អាចមកសាកបាននៅហាងបាយដ៏ល្បីប្រចាំក្រុងបាត់ដំបង «មីកូឡា ២ ធ្នូ» នេះបាន។
- តម្លៃ៖ ចាប់ពី៥០០០រៀលឡើង
- ទីតាំង៖ ផ្លូវ ២ ធ្នូ ចន្លោះផ្លូវលេខ ៣ និងផ្លូវ ២.៥ ក្រុងបាត់ដំបង
#៦ ស៊ុបគោពន្លឺត្បូង
បើនិយាយពីស៊ុបវិញ អ្នកក្រុងសៀមរាបជាប់ស្នេហ៍នឹងស៊ុបគោពន្លឺត្បូងនេះខ្លាំងមែនទែន ដោយសារតែស៊ុបមានរសជាតិឆ្ងាញ់ សេវាកម្ម និងអនាម័យល្អ ថែមទាំងមានតម្លៃសមរម្យទៀតផង។ ជម្រើសបន្លែ សាច់ និងមី មានជាច្រើនប្រភេទសម្រាប់អ្នកជ្រើសរើស ហើយស៊ុបគោពន្លឺត្បូងជាកន្លែងដែលសាកសមបំផុតសម្រាប់ទៅញ៉ាំជាលក្ខណៈគ្រួសារ ឬ មិត្តភក្ដិជាក្រុម។
- ទីតាំង៖ ផ្លូវ ៨០៨ ក្រុងបាត់ដំបង
#៧ បាយឆាអន្ទង់ចែម៉ៅ
អន្ទង់ឆាម្រះព្រៅ ជាមុខម្ហូបដ៏ល្បីមួយសម្រាប់អ្នកខេត្តបាត់ដំបង ហើយល្បីមកដល់អ្នកសរសេរនៅក្រុងភ្នំពេញនេះ។ ចង់ជា ឆាក្ដៅ ឬ ឆាម្រះព្រៅធម្មតា ជាជម្រើសសម្រាប់អ្នកចូលចិត្តញ៉ាំហឹរ ឬ មិនញ៉ាំហឹរ តែរសជាតិវិញ ជាតិខ្លាំងតែម្ដង។ តែបើចង់ដឹងឆ្ងាញ់ប៉ុណ្ណា អាចមកលេងបាត់ដំបងដើម្បីចូលសាកសិនក៏បាន។
- ទីតាំង៖ ផ្លូវ ៣០២ (ម្ដុំវិទ្យាល័យ នេតយ៉ង់)
#៨ មុតមុំ បាយមាន់ស្រែ
មុតមុំ បាយមាន់ស្រែ ឬ ត្រូវបានគេហៅថា “បាយមាន់ស្រែ សួនយុវ័ន” ដែលជាហាងបាយដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នកស្រុកបាត់ដំបង។ រសជាតិឆ្ងាញ់ជាប់ចិត្ត ដោយសារបាយដាំជាមួយទឹកស្ថោរមាន់ និងសាច់មាន់ស្រែមានជាតិ ថែមជ្រក់ដ៏ឆ្ងាញ់ញ៉ាំជាមួយសាច់ទៀត ដឹងតែពិសេសតែម្ដង។
- តម្លៃ៖ ចាប់ពី១មុឺនរៀលឡើងទៅ
- ទីតាំង៖ ផ្លូវ២១៣ភូមិព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជិតសួនយុវ័ន)
#៩ បាយព្រឹក អនុវិទ្យាល័យ សោហឺ
បាយព្រឹកនៅអនុវិទ្យាល័យ សោហឺ មិនមែនល្បីតែសម្រាប់សិស្សអនុវិទ្យាល័យនៅទីនោះទេ ប៉ុន្តែសម្រាប់អ្នកស្រុកបាត់ដំបងទាំងមូលតែម្តង។ ទៅពីព្រឹកបន្ដិចទៅណា ប្រយ័ត្នអស់កន្លែងអង្គុយ ដោយសារត្រូវប្រជែងជាមួយសិស្សៗទីនោះផង។
- ទីតាំង៖ ផ្លូវលេខ២ ក្រោយអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង
#១០ មីត្រកួន បាត់ដំបង
ជាមីស៊ុបធម្មតាមែនពិត តែមួយកន្លែងនេះមានធ្វើឲ្យអ្នកក្រុងបាត់ដំបងជាប់ចិត្តខ្លាំងមែនទែន។ មីមួយកញ្ចប់ ដាក់ត្រកួនស្រុះបន្ដិច ប្រហិតសាច់គោបីបួនគ្រាប់ និងពងមាន់មួយគ្រាប់ ថែមម្ទេសបន្ដិចទៀត ម៉ោះជាតិតែម្ដង។
- ទីតាំង៖ ផ្លូវបុរី ជិតហេងឆាយលី ក្រុងបាត់ដំបង