កន្លុកគន្លៀតបន្តិច! តែកាន់តែស្ងប់ស្ងាត់ និងស្រស់ស្អាតជាមួយបារបែបធម្មជាតិទើបតែបើកថ្មី

មានអារម្មណ៍ថាថុញថប់ ចង់សម្រាកពីសម្លេងឡានម៉ូតូនៅក្រុង? ដល់ចឹង នឹកដល់ហាង WILD នៅសៀមរាប អង្គុយ chill ផឹកនេះផឹកនោះរំសាយអារម្មណ៍ត្រូវអត់? អស់បារម្ភហើយ ព្រោះ FoodBuzz ចង់ប្រាប់ថាឥលូវហ្នឹង WILD ក៏មាននៅភ្នំពេញដែរ។ 

ថ្មីៗនេះ ក្រុមការងារ FoodBuzz បានទៅដល់ហាងមួយ ស្ថិតតាមបណ្តោយផ្លូវនរោត្តម ដែលបានផ្តល់ជូនអារម្មណ៍ស្រស់ស្រាយ និងភាពធូរស្បើយយ៉ាងចម្លែក ដូចនឹងឈ្មោះហាង WILD តែម្តង។ នៅក្នុងបរិវេណហាង មានដើមឈើ និងរុក្ខជាតិជាច្រើនប្រភេទ ធ្វើឲ្យទីនេះមានខ្យល់អាកាសត្រជាក់ មិនអាប់អួរ ស័ក្ដិសមសម្រាប់អ្នកចូលចិត្តធម្មជាតិតែម្ដង។ ពួកយើងបានទៅដល់ WILD ចំល្ងាចដែលមានភ្លៀងធ្លាក់ ជាការចៃដន្យដែលមិនមែនជាឧបសគ្គ ព្រោះជាមួយការតុបតែងហាង ពន្លឺភ្លើង និងតន្ត្រីបានធ្វើឲ្យបរិយាកាសទីនេះដូចក្នុងព្រេងនិទានអ៊ីចឹង។ (រ៉ូមែនទិកសាហាវ និយាយមែនណា៎!)

ក្នុងទីធ្លាដ៏ធំទូលាយនេះ ពួកយើងឃើញមានកន្លែងអង្គុយផ្សេងៗ ដូចជាខាង Outdoor ស័ក្ដិសមសម្រាប់ការអង្គុយ chill (ក្រេបស្រាតិចៗ និយាយរឿងក្នុងចិត្ត) ជាមួយមិត្តភក្តិក្រោមសន្សើមរាត្រីអ៊ីចឹង។ ចំណែកឯ Indoor វិញ ផ្ដល់ជូនភាពឯកជនដល់ភ្ញៀវចូលចិត្តភាពស្ងប់ស្ងាត់ ដែលត្រូវនឹងផ្ទាំងគំនូរសិល្បៈនៅក្នុងហាងតែម្ដង។ ចុងក្រោយគឺកន្លែងអង្គុយបែបបារ សម្រាប់អ្នកចង់ផឹកភេសជ្ជៈត្រជាក់ៗរំសាយអារម្មណ៍ ជាមួយភ្លេងកំដរជាដើម។ 

មុខម្ហូបពិសេសនៅ WILD គឺ Spring Roll ឬ សាយ៉ ដែលមានរសជាតិទឹកជ្រលក់ និងរសជាតិស្នូលផ្សេងៗគ្នា។ ពួកយើងបានកម្ម៉ង់សាយ៉ពីរបែប គឺបែបខ្មែរ ដែលមានជម្រើសសាច់មាន់ សាច់ទា ឬបួស និងបែបអឺរ៉ុប WILD Wild West ដែលមានស្នូលសាច់គោ និងឈីស ញ៉ាំជាមួយទឹកជ្រលក់ Mayonnaise រូបមន្តពិសេសប្រចាំហាង។ សាយ៉នៅទីនេះអាចនិយាយបានថាបិរមាណសមនឹងតម្លៃ ហើយបំពងបានឆ្អិនល្អ មិនសូវបៀមខ្លាញ់ ឯរសជាតិវិញគឺតម្រូវមាត់ជនជាតិខ្មែរតែម្តង។

 

ចំពោះអ្នកស្រលាញ់សុខភាពក៏អាចកុម្ម៉ង់ជាប្រភេទសាឡាដនៅពេលថ្ងៃ តែបើមកពេលយប់ដូចពួកយើង កម្ម៉ង់ជាប្រភេទសាឡាដរ៉ូលក៏បាន។ ពួកយើងបានសាកជាមួយ Ave Caesar ដែលមានសាឡាដ សាច់មាន់ ឈីសផាមេសាន និង ទឹកសាឡាដរសជាតិពិសេស ស័ក្ដិសមបំផុតនឹងការញ៉ាំឆ្លាស់គ្នាជាមួយសាយ៉បំពង។ 

បរិយាកាសបែបនេះ បើមិនបាន Cocktail ក៏ត្រូវតែមាន Mocktail មកកំដរដែរ! ជាមួយ California Kiss រសជាតិជូរអែមៗចេញពីទឺកផ្លែស្វាយ និង Syrup (ទឹកស្ករ) ចំរាញ់ចេញក្រូចថ្លុង ដែលធ្វើឡើងដោយខាងហាងផ្ទាល់តែម្ដង ហើយក៏មកជាមួយ Gimmick ជាប្រភេទទឹកម្ទេសសម្រាប់បន្ថែមភាពហឹរក្នុងភេសជ្ជៈទៀតនោះ ភេសជ្ជៈមួយមុខនេះ កាន់តែពិសេស និងខុសប្លែកពីភេសជ្ជៈដទៃ។ 

ខាងហាងមានភាពច្នៃប្រឌិតក្នុងការដាក់ឈ្មោះមុខម្ហូបនិងភេសជ្ជៈមែនទែន តែមិនបាច់បារម្ភខ្លាចមិនដឹងកុម្ម៉ង់មួយណាទេ ព្រោះបើអ្នកទៅលើកដំបូង បុគ្គលិកនឹងធ្វើការណែនាំពីមុខម្ហូប និងភេសជ្ជៈនីមួយៗយ៉ាងលម្អិត ហើយពួកយើងបានចាប់អារម្មណ៍ទៅលើ Drink មួយចំនួនដូចជា Alice In Wonderland, James Bond On Holidays និង Alice In Disneyland ជាដើម។

ប្រសិនបើអ្នកកំពុងរកហាង Outdoor បែបធម្មជាតិ ជាមួយអាហារញ៉ាំលេងបែបសាមញ្ញ និងស្រាក្រឡុករសជាតិប្លែកៗនោះ WILD មិនធ្វើឲ្យអ្នកខកបំណងទេ! 

WILD - Creative Bar & Spring Rolls (Phnom Penh)

  • 13Y Street 830 (alley next to Brown Norodom), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
  • 012552631

អត្ថបទគួរតែអានបន្ទាប់