នៅតំបន់ទេសចរណ៍សៀមរាបយើង ក៏មានភោជនីយដ្ឋានឥណ្ឌារសជាតិដើមល្បីដែរ!

អ្នកណាក៏ដឹងតែថា ម្ហូបឥណ្ឌាមុខមួយណាក៏ដោយ តែងតែធ្វើជាមួយនឹងគ្រឿងផ្សំច្រើនប្រភេទ ជាពិសេសគ្រឿងទេសហ្នឹងតែម្ដង ជាហេតុទាល់តែធ្វើពីជនជាតិឥណ្ឌាផ្ទាល់ ទើបឆ្ងាញ់ និងមានរសជាតិដើម។ សម្រាប់ប្រជាជនសៀមរាប ប្រហែលជាមិនបានស្គាល់ភោជនីយដ្ឋាន Travancore ឬ បានភ្លក្សនៅឡើយ។ ថ្ងៃនេះពួកយើងនឹងណែនាំ Travancore ដែលជាភោជនីយដ្ឋានឥណ្ឌាដ៏ល្បីសម្រាប់ភ្ញៀវទេសចរក្នុងក្រុងសៀមរាប។

ស្ថិតនៅក្បែរ Pub Street ភោជនីយដ្ឋាន Travancore បង្កើតដោយជនជាតិឥណ្ឌាផ្ទាល់ និងបម្រើជូនម្ហូបអាហារឥណ្ឌារសជាតិដើមចម្អិនដោយចុងភៅឥណ្ឌាចំណានៗ។ ដូច្នេះប្រសិនបើកំពុងតែស្វែងរកភោជនីយដ្ឋានឥណ្ឌារសជាតិដើមសម្រាប់អ្នកញ៉ាំបួសក្ដី មិនមែនបួសក្ដី ឬ ហាឡាល់ ឬ អាហារឥណ្ឌាភាគខាងជើង ឬ ខាងត្បូងក៏ដោយ ភោជនីយដ្ឋាន Travancore គឺជាកន្លែងដែលសាកសមបំផុតតម្រូវអតិថិជនគ្រប់ប្រភេទ។

ពួកយើង​បានសាកនូវជម្រើសរសជាតិនំប៉័ងដុតក្នុងឡធ្យូងបែបបុរាណភ្លាមៗ ដែលជាចំណូលចិត្តរបស់ឥណ្ឌាខាងជើង ហើយមានឈ្មោះថា Butter Naan។ វាជាប្រភេទនំដុតមានលាយប័រតិចៗពីខាងលើ មានលក្ខណៈទន់ មិនស្វិត និងមិនទ្រលាន់នោះឡើយ។ ហើយក៏មានម្ហូបឥណ្ឌាខាងត្បូងដែលច្រើនតែញ៉ាំជាមួយបាយដូចជា បាយការីសាច់មាន់ ជាដើម។ មិនត្រឹមតែអាហាររសជាតិដើម សូម្បីតែអង្ករដែលយកមកបម្រើជូន ក៏ជាអង្ករឥណ្ឌាដែរ ដែលមានរាងតូចៗវែងៗ​ ហើយត្រូវបានឆាតិចៗលាយជាមួយនឹងគ្រាប់ធញ្ញជាតិម្យ៉ាង ញ៉ាំទៅប្លែកមាត់ណាស់។

 

បើចង់សាករសជាតិសាច់មាន់ កុំភ្លេច Tandoori Chicken! ប្រឡាក់គ្រឿងជាច្រើនមុខ ហើយដាក់អាំងនៅក្នុងឡធ្យូងបុរាណពិសេស ធ្វើឲ្យវាមានក្លិនឈ្ងុយ សាច់មិនស្វិតពេក ក៏មិនផុយពេកដែរ ញ៉ាំអមជាមួយនឹងជ្រក់ក្បែរហ្នឹង ត្រូវគ្នាតែម្តង។ តែប្រសិនបើអ្នកចង់ញ៉ាំជាលក្ខណៈបួស ប្រិយមិត្តក៏អាចសាក Papad បានដែលជាប្រភេទនំប៉័ងស្តើងស្រួយ ញ៉ាំជ្រលក់ជាមួយទឹកអំពិល (បែបជូរ) ឬ ទឹកជីអង្កាម (បែបហឹរ)។ នេះក៏មានរសជាតិប្លែកម្យ៉ាងដែរ! មួយមុខទៀត ដែលគួរតែភ្លក្សដែរនោះ គួរតែជា Samosa ជាម្សៅបំពងដែលមានដំឡូង និងសណ្តែកកិនជាស្នូល រសជាតិរាងហឹរតិចៗ ហើយកុំភ័យថាខ្លាញ់ច្រើនទ្រលាន់អីណា៎! 

ពេលញ៉ាំអត់ភេសជ្ជៈអមលាងកម៉េចកើត! ពួកយើងសូមណែនាំ ស្រាទំពាងបាយជូរស ព្រោះថារសជាតិរបស់ស្រាមួយកែវនេះ នឹងធ្វើឲ្យអាហាររបស់អ្នកកាន់តែមានឱជារសមួយកម្រិតទៀត។ តែបើចង់ជាបង្អែមលាងមាត់ បន្ទាប់ពីអាហារពេលល្ងាច ឬ ថ្ងៃក៏ឆ្ងាញ់ ប្រិយមិត្តអាចកុម្ម៉ង់នូវ Gulab Jamun ដែលជាទឹកដោះគោលាយស្កររំលាយជាដុំមូលដូចគ្រាប់ពុទ្រា។ ផ្អែម ឆ្ងាញ់ ស័ក្ដិសមសម្រាប់អ្នកចូលចិត្តញ៉ាំផ្អែម។

Travancore Indian Restaurant

អត្ថបទគួរតែអានបន្ទាប់