តុងតុង បុកអស់ស្ទះ 2! ហាងទើបបើកថ្មី ដែលអ្នកចូលចិត្តញ៉ាំបុកល្ហុង មិនគួររំលង

តុងតុងបុកអស់ស្ទះ ជាឈ្មោះហាងបុកល្ហុងមួយកន្លែងដែលទើបនឹងបើក ប៉ុន្តែទទួលបានការចាប់អារម្មណ៍ជាច្រើនដោយសារឈ្មោះដ៏គួរចង់សើចនេះ។ និយាយតាមត្រង់ ឲ្យតែមានអ្នកនិយាយឈ្មោះនេះ ក្នុងកន្លែងធ្វើការរបស់ FoodBuzz ដឹងតែនាំគ្នាសើចឡើងគឹលតែម្តង។ 

ឥឡូវទុករឿងឈ្មោះម្ដុំសិន មកនិយាយរឿងបរិយាកាសហាងវិញ គឺថាផ្លូវដើរចូល អមដោយផ្កា និងរុក្ខជាតិស្អាតៗ សាឡុងអង្គុយពណ៌ត្នោត ហើយក៏មានម៉ូតូធំពណ៌ខ្មៅឈរបង្ហាញម៉ូតយ៉ាងសង្ហា ហើយនិងម៉ូតូវេស្ប៉ា Cute Cute ផងដែរ។ និយាយទៅដឹងតែត្រូវចិត្តសម្រាប់អ្នកចូលចិត្តថតរូបលេងតែម្តង។ 

រីឯកន្លែងអង្គុយខាងក្នុងវិញមានការតុបតែងស្រដៀងនឹងសម័យមុន មានកន្លែងប្រគុំតន្ត្រីតូចមួយនៅមាត់ទ្វារដែលមានតាំងរូបតារាចម្រៀងសម័យដើម ដូចជាលោកតាសុីន ស៊ីសាមុតជាដើម។ ក្រៅពីនេះមានវិទ្យុធំៗជាច្រើនដាក់លម្អ ផ្ទឹមជាមួយចង្កៀងប្រេងកាត ២-៣ និងតុមានរូបផ្កាៗ ធ្វើឲ្យមានអារម្មណ៍ថាដូចដើរឆ្លងពេលវេលាទៅអតីតកាលអ៊ីចឹង។ 

ងាកមកម្ហូបវិញ គឺមានច្រើនមុខមែនទែន! ក្រុម FoodBuzz យើងចូលចិត្តឈុតបុកល្ហុងពិសេស(គ្រឿងសមុទ្រ) ខ្យងអប់ និងបង្កាដុតអំបិលជាងគេ។ បង្គាដុតនឹងអស់មុនគេតែម្ដង! តែសាច់បង្គារាងស្ងួតបន្តិច បើចម្អិនស្ទើរជាងនេះ ដឹងតែ Perfect ម៉ង! ចំណែកគ្រឿងសមុទ្រនិងបន្លែនៃមុខម្ហូបផ្សេងៗក៏នៅតែស្រស់ ទោះបីមិនបានញុាំភ្លាមៗក៏ដោយ។ រវល់ថតរូបទុកបង្ហោះនឹងណា៎ ហិហិ។ 

បន្ទាប់ពីញ៉ាំអាហារហើយ ក៏បានញុាំ Blue Margarita ដែលដាក់ក្នុងផ្តិលពណ៌ទឹកប្រាក់ដូចជំនាន់មុនចឹង! និយាយរួមឆ្ងាញ់ តែបើបានមេឃត្រជាក់បន្តិច រឹតតែល្អ! 

សរុបមក ហាងតុងតុងបុកអស់ស្ទះ ដឹងតែត្រូវចិត្ត អ្នកញ៉ាំអីក៏បាន ម៉ង ព្រោះមានមុខម្ហូបច្រើនអាចជ្រើសរើសបាន។ តម្លៃក៏ប្រហាក់ប្រហែលនឹងហាងមួយចំនួនដែរ។ ឲ្យពិន្ទុ ៤ លើ ៥ ណា៎!

បើសិនជាចង់ដឹងព័ត៍មានបន្ថែមពីហាងមួយនេះ អ្នកទាំងអស់គ្នាអាចចូលតាមដានផេកហ្វេសប៊ុក តុងតុង បុកអស់ស្ទះ 2 បាន៕ 

តុងតុងបុកអស់ស្ទះ - TongTong Bork Ors Stes (សាខាទី២)

អត្ថបទគួរតែអានបន្ទាប់