របៀបធ្វើឆាតៅហ៊ូពិសេស រសជាតិផ្អែមហឹរ ឆ្ងាញ់ហើយល្អសម្រាប់សុខភាពទៀត

ញ៉ាំសាច់ច្រើនហើយ អ៊ីចឹងសាករៀនធ្វើម្ហូបអត់ប្រើសាច់ ឆាតៅហ៊ូពិសេស ម្តងមើល។ ស្រួយៗ លាយរសជាតិផ្អែមនិងហឹរតិចៗ ហើយបើបានញ៉ាំជាមួយបាយក្ដៅៗទៀតកាន់តែឆ្ងាញ់។ តោះ! មកសាករៀនធ្វើញ៉ាំទាំងអស់គ្នា។

#គ្រឿងផ្សំ

  • តៅហ៊ូ ២៨០ក្រាម​ (កាត់ជាដុំៗតូចល្មម)
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ម្សៅពោត ៦ស្លាបព្រាបាយ
  • ខ្ទឹមស(ចិញ្រ្ជាំ) ២ដុំ
  • ប្រេង

គ្រឿងសម្រាប់ទឹកជ្រលក់

  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
  • ទឹកខ្មេះ ៣ស្លាបព្រាបាយ
  • ទឹក ២ស្លាបព្រាបាយ
  • ស្ករស ៣ស្លាបព្រាបាយ
  • ម្រេច (តាមចំនូលចិត្ត)

#របៀបធ្វើ

១.ដំបូងលាយគ្រឿងសម្រាប់ប្រលាក់តៅហ៊ូ ដោយដាក់ទឹកស៊ីអ៊ីវនិងទឹកខ្មេះ

២.ដាក់ចំណិតដុំតៅហ៊ូក្នុងចាន រួចចាក់គ្រឿងប្រលាក់តៅហ៊ូចូល កូរឲ្យសព្វនិងទុកវា៥នាទី ទើបយកតៅហ៊ូចេញ

៣.យកតៅហ៊ូមកប្រលាក់ជាមួយម្សៅពោតឲ្យសព្វ

៤.បើកភ្លើងរួចដាក់ខ្ទះ ចាក់ប្រេងចូលដាក់ដុំតៅហ៊ូចូល ចំអិនដោយប្រើភ្លើងក្តៅល្មមរហូតដល់តៅហ៊ូឡើងពណ៌ត្នោតសឹមដាក់ចុះ

៥.មកធ្វើទឹកជ្រលក់ដោយលាយទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹក ម្សៅពោតនិងម្រេចចូលគ្នាឲ្យសព្វ

៦.បើកខ្ទះឲ្យក្ដៅ រួចចាក់ទឹកជ្រលក់ដែលបានធ្វើហើយចូល ប្រើភ្លើងល្មមនិងកូរវាឲ្យខាប់

៧.ចុងក្រោយដាក់ដុំតៅហ៊ូចូលនិងឆាឲ្យវាចូលគ្នាសព្វប្រហែល ១ទៅ២នាទីទៅរួចរាល់ហើយ៕

ប្រភព៖ Simple Vegan Blog

**Download FoodBuzz Mobile App now for more interesting food news: http://onelink.to/foodbuzz

អត្ថបទគួរតែអានបន្ទាប់