ផាក់ឡូវ 168 ល្បីជិត 30 ឆ្នាំបើកទីតាំងថ្មីជាមួយនឹងជម្រើសអាហារកាន់តែច្រើនជាងមុន

អ្នកសៀមរាបដែលចូលចិត្តញ៉ាំសាច់ខ្វៃ និងផាក់ឡូវ សម្រាប់អាហារពេលល្ងាច​ ភាគច្រើនធ្លាប់បានស្គាល់រទេះផាក់ឡូវ 168 (នៅម្តុំរង្វង់មូលបំបែកទៅផ្សារក្រោម) ហើយ ប៉ុន្តែមានដឹងអត់ថា ឥលូវមានសាខាទី 2 ហើយ? នៅទីនេះ មិនត្រឹមតែមានលក់សាច់នោះទេ គឺមានទាំងម្ហូបពិសេសៗជាច្រើនមុខ រួមទាំងភេសជ្ជៈផងដែរ ដោយបើកបម្រើជូនសេវាអាហារ 2 ពេល ជារៀងរាល់ថ្ងៃគឺ ពេលព្រឹក និងល្ងាច។

អាហារពេលព្រឹកដែលមានប្រជាប្រិយភាពជាងគេ គឺបាយសាច់ខ្វៃ និងបាយផាក់ឡូវ ។ មួយមុខៗមានមកជាមួយនឹងបាយមួយចានចង្កឹះ ញ៉ាំជាមួយនឹងសាច់ក្តៅៗស្រួយៗ ខ្វៃដោយផ្ទាល់ជាមួយនឹងរូបមន្តពិសេសប្រចាំគ្រួសារ ដែលសាច់មួយចំណិតតៗជ្រលក់ជាមួយទឹកសៀងណាំង៉ូវយ៉ាងឆ្ងាញ់ ថែមទឹកស៊ុបណាំង៉ូវ (ចង់ប្រាប់ថារសជាតិពិតជាពិសេស អ្នកមិនសូវចេះណាំង៉ូវ ក៏នឹងពេញចិត្តដូចគ្នា ព្រោះរសជាតិមិនដិតខ្លាំងនោះទេ) ជាមួយនឹងភេសជ្ជៈក្តៅ ឬ ត្រជាក់តាមចំណូលចិត្តរបស់អ្នកទៀតនោះ ដឹងតែអាហារមួយពេលនេះបំភេ្លចមិនបានតែម្ដង។ 

បើចូលចិត្តញ៉ាំនំប៉័ង ក៏អាចញ៉ាំដាក់សាច់ផាក់ឡូវ សាស៊ីវ ប៉ាតេ ឬ សាច់ខ្វៃ នៅក្នុងនំប៉័ងលាបប័រស្រួយៗបានដែរ ដែលមានតម្លៃត្រឹមតែ 3,500 រៀល/កំណាត់ប៉ុណ្ណោះ។ ចំណែកឯអាហារសម្រន់ពេលរសៀល និងពេលល្ងាចវិញ ក៏មានច្រើនជម្រើសផងដែររួមមាន នំបញ្ចុក បាញ់ហ៊យ បាញ់ស៊ុង និងណែមជាដើម។ 

និយាយទៅ សាច់ផាក់ឡូវ និងសាច់ខ្វៃនៅទីនេះ មិនថាញ៉ាំជាមួយទឹកសៀង ឬ ទឹកត្រីនោះទេ រសជាតិឆ្ងាញ់បែបផ្សេងពីគ្នា។ ជាក់ស្តែង ដូចបាញ់ហ៊យមួយឈុតនេះអញ្ចឹង ដាក់បាញ់ហ៊យមួយបន្ទះ អមដោយបន្លែតាមការចូលចិត្ត ថែមសាច់ខ្វៃមួយដុំពីលើ រុំខ្ចប់ជ្រលក់ជាមួយនឹងទឹកត្រីទៅប្លែកមាត់មែនទែន។ លោកអ្នកក៏អាចញ៉ាំសាច់ចម្រុះគ្នា ឬ ញ៉ាំលេងក៏បានដែរ។ 

សម្រាប់ប្រិយមិត្តដែលចូលចិត្តញ៉ាំខួរជ្រូក នៅទីនេះក៏មានខួរមួយដុំៗដែលអាចហៅញ៉ាំបានផងដែរ តែចំនួនមានកំណត់។ ចំពោះភេសជ្ជៈ លោកអ្នកអាចកុម្ម៉ង់ជាប្រភេទភេសជ្ជៈឆុងភ្លាមៗ (មានកាហ្វេម៉ាស៊ីនផងដែរ) ឬ ភេសជ្ជៈដប​-កំប៉ុងត្រជាក់ៗក៏បាន។

ហើយបើថាញ៉ាំហើយជក់ចិត្ត ចង់កុម្ម៉ង់សាច់ទៅញ៉ាំនៅផ្ទះ លក់បន្ត ឬ សម្រាប់កម្មវិធីផ្សេងៗ កុំភ្លេចសួរពីតម្លៃ និងព័ត៌មានបន្ថែមពីអ្នកលក់ ឬ តាមលេខទំនាក់ទំនងខាងក្រោម ព្រោះផាក់ឡូវ 168 ក៏មានលក់ដុំ និងរាយដែរ។ 

ផាក់ឡូវ 168 សាខាទី 2 - Phak Lov 168 II

អត្ថបទគួរតែអានបន្ទាប់