តោះជិះ Party Bike ស្រូបខ្យល់អាកាស ញ៉ាំអាហារឆ្ងាញ់ៗ នៅសៀមរាបម្តង

បើនៅសៀមរាបពេលយប់រាល់ដងធ្លាប់តែដើរលេងមើលគេមើលឯងដោយខ្លួនឯង ថ្ងៃនេះ FoodBuzz ចង់ណែនាំឡានលក្ខណៈ BarCycle មួយ ដែលនឹងនាំអ្នកទៅទស្សនាទេសភាពក្រុងសៀមរាបនាពេលរាត្រី ជាមួយនឹងភេសជ្ជៈត្រជាក់ៗ ហើយអ្នកក៏អាចធាក់កង់ហាត់ប្រាណនៅលើហ្នឹងបានទៀតផង!

សម្រាប់អ្នកមានគម្រោង ត្រូវតែធ្វើការកក់កន្លែងទុកមុន ព្រោះកៅអីសរុបមានតែ 12 ប៉ុណ្ណោះ ហើយអ្នកអាចធ្វើការឡើងនៅកន្លែងឈប់ជាប្រចាំ (នៅមុខរោងភាពយន្តមេជើរ ស៊ីនេផ្លិច) ឬក៏ចាំឡើងនៅទីតាំងណាមួយដែលនៅស្របផ្លូវដែលឡានត្រូវជិះទៅក៏បាន។ ថ្ងៃខ្លះ បើសិនជាអ្នកមានសំណាង នៅតាមផ្លូវបានឃើញសល់កៅអីទំនេរ អ្នកក៏អាចឡើងជិះតែម្តងផងដែរ។

ជាមួយនឹងសេវាកម្មដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់របស់បុគ្គលិក អ្នកអាចរីករាយនឹងដំណើររយៈពេលប្រមាណ 30 នាទីឆ្លងកាត់កន្លែងកម្សាន្តជាច្រើនដូចជា ផ្សារចាស់ ផាប់ស្ត្រីត មាត់ស្ទឹងសៀមរាប រង្វង់មូលព្រះអង្គចេកព្រះអង្គចេកជាដើម។

ចំពោះតម្លៃសំបុត្រ គឺ៥ពាន់រៀល សម្រាប់មនុស្សធំ និង៣ពាន់រៀល សម្រាប់ក្មេងពី 3 ទៅ 10 ឆ្នាំ ដោយរាល់ថ្ងៃ(លើកលែងថ្ងៃច័ន្ទ) មានរត់៣ជើង គឺម៉ោង 6:30, 7:30 និង 8:30 យប់។

បើនិយាយពីអាហារវិញ គឺមានលក់ច្រើនបែបច្រើនយ៉ាង​​ ហើយត្រូវបានចម្អិនដោយយកចិត្តទុកដាក់តាមស្តង់ដាបែបជនជាតិជប៉ុន មានដូចជា សាន់វិចបែបកូរ៉េក្នុងតម្លៃត្រឹមតែ ៦ពាន់រៀល ដែលមានស៊ុត និងបន្លែចៀនចូលគ្នា ផ្ទាប់ជាមួយនឹងសាច់តាមចំណូលចិត្ត រួមមានសាច់ជ្រូក៣ជាន់ សាច់ហេម និងត្រីធូណា។ 

មិនតែពីប៉ុណ្ណោះ ក៏មាន Popcorn Chicken និង Cheese Potato ដែរសម្រាប់ញ៉ាំកំដរអារម្មណ៍ និងមានតម្លៃត្រឹមតែ 3,500 រៀល/កែវ ពេលញ៉ាំក្តៅៗ លក្ខណៈថាស្រួយទាំងក្នុង និងក្រៅ ថែមទឹកជ្រលក់បន្តិចទៅ ពិតជាប្លែកមាត់ខ្លាំង!

Party Bike Siem Reap

  • ចំណតនៅជិតរង្វង់មូលផ្សារចាស់ ម្តុំរោងកុនមេជើរ ស៊ីនេផ្លិច ផ្លូវស៊ីវុត្ថា
  • 012 328 903

អត្ថបទគួរតែអានបន្ទាប់