នឹករសជាតិមីបួស ជ័យថាវីអត់គ្នាយើង? ណាត់គ្នាទៅញ៉ាំរលឹកអនុស្សាវរីយ៍ម្តងតស់!
មានណាគេខ្លះធ្លាប់រៀននៅជ័យថាវីដូចអ្នកសរសេរម្នាក់នេះដែរ? បើធ្លាប់ អ្នកប្រាកដជាស្គាល់កន្លែងមីបួសនេះហើយ! ភាគច្រើនគេស្គាល់កន្លែងហ្នឹងថា មីបួសជ័យថាវី ឬ មីបួសបាក់ទូក តែឈ្មោះរបស់តូបគាត់ផ្ទាល់គឺ ម៉ីគួយមីបួស។ អ្នករៀនចប់ខានទៅញ៉ាំយូរអី អានអត្ថបទនេះហើយដឹងតែឃ្លានម៉ង!
កាលនៅរៀនតម្លៃមីបួសមួយចានតែ 5000៛ ទេ ឥឡូវឡើងមួយចាន 6000៛ មែនតែរសជាតិនៅតែដូចដើម ទឹកស៊ុបមានរសជាតិស្រាលល្មមមិនសូវដិត តែធានាថាជាប់ចិត្តតែម្តង! សម្រាប់មីស៊ុបបួសមួយចានមានបន្លែជាច្រើនដូចជា ផ្សិត ជើងផ្សិត ការ៉ុត និង ល្ហុងខ្ចីទន់ ជាដើម។ រាល់ដង Streetbuzz ញ៉ាំតែមីដុំទេ តែអ្នកទាំងអស់គ្នាអាចកុម្ម៉ង់ មីកញ្ចប់ មីសួរ អីក៏បានដែរ។
ហើយក្រៅពីមីបួសបែបស៊ុប កន្លែងគាត់ក៏មានលក់មីឆាដែរណា៎! មីគីឡូក៏បាន ម៏កញ្ចប់ក៏បាន ទំនងៗដូចគ្នា ព្រោះគាត់បានឆាជាមួយជើងផ្សិត តៅហ៊ូបំពង តៅហ៊ូស្រួយ និង ស្ពៃតឿ ជាដើម។ ចង់ប្រាប់ថាកន្លែងមីបួសមែន តែបើអ្នកទាំងអស់គ្នាអត់ញ៉ាំបួស ចង់ឲ្យគាត់ដាក់ពងទាក្នុងមីស៊ុប ឬ មីឆា ក៏គាត់ដាក់ឲ្យបានដែរ។
សម្រាប់ភេសជ្ជៈ គាត់មានលក់ទឹកអំពៅ ទឹកកូកាជាដើម បុន្តែ បើចង់ញ៉ាំទឹកតែកន្លែងគាត់ គាត់អត់គិតលុយទេណា៎! អ្នកទាំងអស់គ្នាអាចធ្វើការកម្មង់បានសម្រាប់អាហារពេលព្រឹក ថ្ងៃ និងល្ងាច។
ហាងគាត់បើកពីម៉ោង 7 ព្រឹក ដល់ ម៉ោង 5 ល្ងាច។ សម្រាប់ទីតាំងគាត់វិញ អ្នកទាំងអស់គ្នាអាចជិះផ្លូវ 149 ក្រោយសាលាបាក់ទូក ឆ្ពោះមកកាន់សាលាជ័យសាវី ហើយមើលខាងស្តាំដៃ នឹងឃើញមានគេលក់មីបួសហើយ។