នៅសៀមរាបក៏មានឆ្នេរសមុទ្រដែរ! ញ៉ាំអាហារសមុទ្រនៅទីនេះ រ៉ូមែនទិកដូចនៅឆ្នេរសមុទ្រអញ្ចឹង!

ក្នុងដំណើររុករកហាងលក់អាហារសមុទ្រនៅក្នុងក្រុងសៀមរាប FoodBuzz បានទៅដល់កន្លែងដ៏សែនរ៉ូមែនទិកមួយ ដែលធ្វើឲ្យយើងមានអារម្មណ៍ដូចជាកំពុងញ៉ាំគ្រឿងសមុទ្រនៅឆ្នេរសមុទ្រអញ្ចឹង។ 

ក្រោយពីដើរឆ្លងស្ពានសាងស្នេហ៍ដ៏ស្រស់ត្រកាល ដែលនៅឈររង់ចាំវត្តមានភ្ញៀវទាំងប្រុសស្រីនៅខាងមុខផ្លូវចូល លោកអ្នកនឹងភ្ញាក់ផ្អើលនឹងការតុបតែងប្រកបដោយភាពច្នៃប្រឌិតក្នុងការធ្វើឲ្យទិដ្ឋភាពហាងទាំងមូលដូចជានៅលើឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ។

តុអង្គុយប្លែកភ្នែកជាច្រើនត្រូវបានរៀបចំនៅសងខាងផ្លូវ ជាមួយនឹងពន្លឺភ្លើងសន្សឹមៗយ៉ាងទាក់ភ្នែក ហើយអ្នកប្រាកដជាមិនអាចដកភ្នែកចេញពីតូបស្រាក្រឡុកនៅចំពីមុខអ្នក ដែលមានទោងយោលតូចៗអមជុំវិញ ជាមួយនឹងពន្លឺអំពូលចាំងពីក្នុងដបថ្មយ៉ាងស្រស់ស្អាត។

បើអាកាសធាតុអំណោយផល អ្នកក៏អាចអង្គុយនៅលើឆ្នេរខ្សាច់ផ្ទាល់នៅជុំវិញភ្នក់ភ្លើងយ៉ាងកក់ក្តៅផងដែរ។

រឹតតែពិសេស «ឆ្នេរខ្សាច់លំហែកាយ» ក៏មានទទួលរៀបចំនូវកម្មវិធីជប់លៀង ឬជួបជុំខ្នាតតូច (ពិធីមង្គលការ  កម្មវិធីខួបកំណើត) ផងដែរ លក្ខណៈថារៀបការ ឬខួបកំណើតនៅឆ្នេរសមុទ្រអីចឹង! 

ជាមួយនឹងមុខម្ហូបគឺផ្តោតសំខាន់លើគ្រឿងសមុទ្រគ្រប់ប្រភេទ ឆ្នេរខ្សាច់លំហែកាយ មានមុខម្ហូបជាច្រើនមុខ ទាំងអាំង បំពង ភ្លា ស្រុះ​​ បម្រើជូនលោកអ្នក។ ក្នុងនោះ មានម្ហូបប្រចាំហាងប៉ុន្មានមុខដែរ ដែលក្រុមការងារបានសាកល្បងដូចជា ក្តាមឆាការី (ក្តាមសាច់ក៏ច្រើន ការីក៏ឈ្ងុយឆ្ងាញ់) បង្គាបំពងខ្ទឹមស(ស្រួយទាំងក្នុង និងក្រៅ ជ្រលក់ទឹកត្រីកោះកុងបន្តិចទៅ រសជាតិប្លែកមាត់ណាស់) ភ្លាក្តាមសេះជាមួយស្វាយ(ពិសេសសម្រាប់អ្នកចូលចិត្តក្តាមឆៅ) បង្កងអាំងអំបិលម្ទេស (ចង់ប្រាប់ថា គ្រឿងប្រឡាក់នៅទីនេះប្លែកខ្លាំង) និងមឹកអាំង។

ចំពោះរាល់ការកុម្ម៉ង់គ្រឿងសមុទ្រមុខណា១គីឡូ លោកអ្នកនឹងទទួលបានឈុតស្រាបៀរ៣ដប បាយលីងខ្ទឹមស និងឆាបន្លែ ដោយគ្រាន់តែបន្ថែម៤$ប៉ុណ្ណោះ។

ឆ្នេរខ្សាច់ ត្រជាក់

  • ឆ្នេរខ្សាច់ ត្រជាក់, Sala Kanseng Village, Khmer Pub Street, Krong Siem Reap, Cambodia
  • 099 482 516

អត្ថបទគួរតែអានបន្ទាប់