ញ៉ាំរាល់ដង មានដឹងថាផ្លៃឈើទាំង៥មុខនេះ មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើងអត់?
ប្រទេសកម្ពុជាយើងមានផ្លែឈើជាច្រើនប្រភេទដែលអ្នកអាចរកញុំាបានគ្រប់ខែ។ ដូច្នោះអ្នកនឹងមិនងាយធុញទ្រាន់ឡើយព្រោះមានផ្លែឈើច្រើនប្រភេទណាស់សម្រាប់ញុំា ក្នុងខែនិមួយៗ។ ដោយសារខែនេះគឺជាខែឧសភា ឥឡូវនាំគ្នាមកស្គាល់ផ្លែឈើតាមរដូវកាលពីខែឧសភាដល់ខែកក្កដានិងអត្ថប្រយោជន៍របស់ផ្លែឈើនោះទាំងអស់គ្នា។
១. ផ្លែស្វាយ
រដូវផ្លែស្វាយមកដល់ហើយអ្នករាល់គ្នា! ទាំងផ្លែស្វាយទុំ ឬក៏ស្វាយខ្ចីមួយណាក៍ញុំាឆ្ងាញ់ដែរ។ ផ្លែស្វាយមានផ្ទុកសារធាតុចិញ្ចឹមនិងវីតាមីនច្រើនណាស់។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ហើយនឹងជួយបង្កើនភាពស៊ាំ។ ប្រសិនបើអ្នកចង់បានសាច់ស្អាតញុំាស្វាយទៅគឺត្រូវហើយព្រោះវាមានវីតាមីន A & C ដែលការពារកុំអោយស្បែកធ្លាក់យៀរ កាត់បន្ថយស្នាមជ្រួញនិងអាចការពារពីកម្តៅព្រះអាទិត្យទៀត! អ្នកអាចដាក់ផ្លែស្វាយទៅក្នុងមុខម្ហូបជាច្រើនមុខដូចជាធ្វើទឹកក្រឡុក ធ្វើនំបង្អែម ធ្វើការ៉េម អាចដាក់ក្នុងសាឡាដក៍បាន ហាលវាឲ្យស្ងួតក៍បាន ឬគ្រាន់តែញុំាជាមួយបាយក៍ល្អដែរ។
២. ផ្លែទុរេន
មានមនុស្សភាគច្រើនចូលចិត្តទុរេនតែក៍មានមនុស្សភាគច្រើនដូចគ្នាដែលស្អប់ទុរេនដោយសារតែក្លិនរបស់វា។ គេច្រើនហៅទុរេនថាជាស្តេចផ្លែឈើ។ ទុរេនមានអត្ថប្រយោជន៍ជាច្រើនជួយដល់សុខភាពដូចជាជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងប្រព័ន្ធរំលាយអាហារ ការពារយើងពីជំងឺមហារីក បន្ថយសម្ពាធឈាមព្រមទាំងជាអាហារមានជាតិសរសៃល្អផងដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺបើអ្នកញុំាទុរេននោះអ្នកនឹងអាចគេងលក់ស្រួលនិងធ្វើឲ្យអ្នកមានអារម្មណ៏ល្អជាងមុនព្រោះក្នុងទុរេនមានផ្ទុកសារជាតិអាស៊ីតអាមីណូ Tryptophan ដែលជួយបង្កើនសារធាតុ Serotonin និង Melatonin ក្នុងខ្លួនយើង ។ អញ្ចឹងតើបានម្នាក់ៗសប្បាយនិងញញឹមគ្រប់ពេលឲ្យតែបានញុំាទុរេន។
៣. ផ្លែគូលេន
ផ្លែគូលេនគឺជាផ្លែឈើដែលអ្នកសរសេរផ្ទាល់ចូលចិត្តជាងគេ។ ផ្លែឈើពណ៍ក្រហមមូលៗនេះឆ្ងាញ់ផ្អែមហើយសាច់ទន់។បើទិញមក អាចអង្គុយញុំាបានទាំងគីឡូតែម្តង។ ផ្លែគូលេននេះញុំាទៅល្អចំពោះយើងទៀតផង។ អ្នកអាចញ៉ាំវាធម្មតាក៍បាន ដាក់ក្នុងសាឡាត់ក៍បាន ហាលវាឲ្យស្ងួត ធ្វើជាទឹកផ្លែឈើ អាចធ្វើជាការ៉េមក៍បាន និងធ្វើជាផ្លែឈើកំប៉ុងរឹតតែល្អ។ ផ្លែគូលេនគឺជារបស់ល្អបំផុតប្រសិនបើអ្នកចង់ស្រកគីឡូរព្រោះវាជួយបង្កើនប្រព័ន្ធរំលាយអាហារក្នុងខ្លួនអ្នក។ វាសំបូរទៅដោយវីតាមីន B, C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់ជាងវ័យ។ ដូច្នោះហើយអ្នកទាំងអស់គ្នាឆាប់ឡើង កុំឲ្យខកខានរដូវកាលរបស់ផ្លែគូលេនឲ្យសោះណា៎!
៤. ផ្លែសាវម៉ាវ
សាវម៉ាវជាផ្លែឈើត្រូពិកល្បីដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍និងមានអត្ថប្រយោជន៏ច្រើនដល់សុខភាព។ វាអាចព្យាបាលសា្មមរបួសតូចៗដូចជាបបូរមាត់ប្រេះស្ងួតជាដើម។ ផ្លែសាវម៉ាវមានផ្ទុកទៅដោយវីតាមីន C, វីតាមីន A ដែលធ្វើឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លាមានពន្លឺនិងការពារកុំឲ្យស្បែកស្ងួត។ ផ្លែឈើនេះត្រូវបានណែនាំជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទានព្រោះវាជួយធ្វើឲ្យភ្នែកមានភាពប្រសើរឡើង ជួយលាងសម្អាតតម្រងនោមនិងបង្កើនប្រព័ន្ធភាពស៊ាំទៀតផង។
៥. ផ្លែមង្ឃុត
ផ្លែមង្ឃុតមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់និងមានសារធាតុអាចកាត់បន្ថយការរលាក ដែលកាត់បន្ថយភាគរយនៃការកកើតជំងឺមហារីក ជំងឺបេះដូងនិងទឹកនោមផ្អែម។ ញុំាផ្លែមង្ឃុតក៍ល្អដែរបើអ្នកចង់សម្រកទម្ងន់គឺដោយវាមានកាឡូរីតិចនិងជួយជំរុញការរំលាយអាហារមានភាពងាយស្រួល។ ដូចគ្នានឹងផ្លែឈើផ្សេងទៀតដែរព្រោះញុំាផ្លែមង្ឃុតទៅសាច់សា្អតហើយជួយបង្កើនប្រព័ន្ធភាពស៊ាំទៀត។
ប្រភព៖ Healthline, Strong Emotion, UTM, Time of India, Conserve Energy Future.
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz
