រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីពិព័រណ៍អាហារអន្តរជាតិ ភេសជ្ជៈ សណ្ឋាគារ និងការផ្គត់ផ្គង់បដិសណ្ឋារកិច្ចនេះ ជាវេទិកាមួយដែលជំរុញដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា

កម្ពុជាបានរៀបចំពិព័រណ៍ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិឆ្នាំ២០២៥ (CAMFood & CAMHotel 2025) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មកម្ពុជានិងតាមបណ្តាខេត្ត វិស័យ ឯកជន អង្គការជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនទៀត។

 

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន៖

ពិព័រណ៍នេះគឺជាវេទិកា B2B ដ៏សំខាន់ដែលបង្កើតបរិយាកាសអំណោយផលសម្រាប់ការ ប្រាស្រ័យទាក់ទងទីផ្សារ ដោយផ្ដល់ឱកាសដល់វិនិយោគិន និងអ្នកជំនាញជាតិ អន្តរជាតិ ក្នុងការ តភ្ជាប់បណ្ដាញ ពិភាក្សា និងជំរុញ កំណើនអាជីវកម្ម និង ពង្រីកវិសាលភាពទីផ្សារ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។


ព្រឹត្តិការណ៍នេះជួយសម្រួលដល់ការជួបគ្នារវាង អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយក្នុងស្រុក/អន្តរជាតិ ជាមួយ អ្នកជំនាញឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងប្រតិបត្តិករសណ្ឋាគារ និងភោជនីយដ្ឋាន ដែលស្វែងរកផលិតផល ឧបករណ៍ សម្ភារៈ និងសេវាកម្មដែលមានគុណភាពខ្ពស់។ វាក៏ជាវេទិកាសម្រាប់ ផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹង ផងដែរ។

MICE និងការវិនិយោគ ការរៀបចំព្រឹត្តិការណ៍ CAMFood & CAMHotel 2025 បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស ឧស្សាហកម្ម MICE។ វាត្រូវបានចាត់ទុកថាជាការទាក់ទាញវិនិយោគិនឱ្យស្វែងយល់ពីសក្ដានុពលវិនិយោគក្នុងវិស័យទេសចរណ៍ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃ សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង នីតិរដ្ឋរឹងមាំ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ពិព័រណ៍អន្តរជាតិនេះបានទទួលការចូលរួមគួរឱ្យចាប់អារម្មណ៍ ដោយមាន ២៥០ ទៅ ៣០០ ស្ដង់ ពី ៩ ប្រទេស (កម្ពុជា វៀតណាម ម៉ាឡេស៊ី សហរដ្ឋអាមេរិក ចិន សាធារណរដ្ឋកូរ៉េ អ៊ីតាលី ហ្វាំងឡង់ និងសិង្ហបុរី) ហើយរំពឹងថាមានអ្នកទស្សនាប្រមាណ ១២.០០០ នាក់

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការរៀបចំកម្មវិធីអមសំខាន់ៗក្នុងពិព័រណ៍នេះ រួមមាន៖
     ការប្រកួតប្រជែងជំនាញសេវាកម្មស្រា (Wine Service)។
     ការប្រកួតប្រជែងជំនាញឆុងកាហ្វេ (Coffee Brewing Skills)។
     ការបណ្តុះបណ្តាលជំនាញធ្វើម្ហូប និងការបង្ហាញម្ហូបអាហារខ្មែរ។
     សិក្ខាសាលាស្តីពី "ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍអាជីពក្នុងវិស័យទេសចរណ៍"។

លើសពីនោះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យភ្ញៀវកិត្តិយសទាំងអស់ចូលរួមយុទ្ធនាការនានា រួមទាំងពាក្យស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ "ទេសចរណ៍រីកចម្រើនក្នុងសន្តិភាព!" និងអំពាវនាវឱ្យរួមគ្នាជួយធ្វើឱ្យកម្ពុជាក្លាយជាផ្ទះដ៏កក់ក្តៅ និងរាក់ទាក់សម្រាប់ភ្ញៀវទេសចរ។

What to read next