ល្បី AEON មានជ័យធំប្លែក! ចង់ដឹងប្លែកម៉េចទាក់ទាញអស់មួយស្រុកខ្មែរ តស់! មកមើលទាំងអស់គ្នា!
AEON I ក៏ធ្លាប់ទៅ AEON II ក៏ធ្លាប់ទៅ ចុះ AEON III មានបានទៅឬនៅ? ម៉ោះៗ! បើមិនទាន់ទៅទេ ថ្ងៃនេះ ក្រុមការងារ FoodBuzz ចង់ប្រាប់ថាពេលទៅ AEON III គួរធ្វើអ្វីខ្លះ។ AEON Mall មានជ័យ ឬហៅកាត់ថា AEON III ជាផ្សារទំនើបធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៏យើង។ បើបានទៅលេងផ្សារទំនើបមួយនេះមិនបាច់ភ័យរឿងស្ទះទេ ព្រោះច្រកចូលផ្សារមានច្រកចូលដល់ទៅ 12 ច្រក និងជណ្តើរយន្តដល់ទៅ 22 ឯណោះ។ ចំណែកចំណតវិញ គឺអាចដាក់ឡានបានប្រមាណជា 3000 ឡាន និងម៉ូតូ 3300 គ្រឿង។
ផ្សារទំនើប AEON មានជ័យនេះមានលក្ខណ:ពិសេសជាច្រើនដែលក្នុងនោះដែរ ផ្សារទំនើបមានទីធ្លាធំទូលាយអាចដាក់បានហាងប្រមាណជា 250 ហាងឯណោះ។ អ៊ីចឹង សម្រាប់បងប្អូនណាដែលនិយម ទិញទំនិញគឺទៅតែមួយកន្លែងនេះត្រូវម៉ាច់តែម្តង។ ចំណុចពិសេសរបស់ផ្សារមួយទៀតនោះគឺមាន ហាងកាហ្វេ Starbucks បែប drive-thu ឬសេវាកម្មកម្ម៉ង់កាហ្វេដោយមិនបាច់ចុះពីយានជំនិះ។ ក្រុមការងារ FoodBuzz ក៏បានសរសេរអត្ថបទទាក់ទងទៅនឹង ហាង Starbuck Drive-thru នៅ AEON III ដែរ អ៊ីចឹងបើចង់អានបន្ថែមអាចចុចនៅទីនេះបាន។
ចូលមកដល់ផ្នែកខាងក្នុងម្តង! នៅផ្នែកខាងក្នុងនៃផ្សារ ពេលដែលអ្នកទាំងអស់គ្នាដើរចូលមកដល់ភ្លាម និយាយពីថាទីធ្លាធំសាហាវ កន្លែងដើរ អមទៅដោយហាងជាច្រើន ហើយមានកញ្ចក់ LED ធំមួយស្រោបជណ្តើរយន្តទៀតផង។ ផ្នែកខាងក្នុងនៃផ្សារមានការសាងសង់ដោយព្យាយាមធ្វើយ៉ាងណាទាញពន្លឺពីក្រៅចូលមកក្នុង ដូចនេះពេលដែលដើរក្នុងបរិវេណផ្សារ មានអារម្មណ៍ថាស្រស់ស្រាយ។ ហើយសម្រាប់កន្លែងអង្គុយលេង គេមានពេញផ្សារតែម្តង! សំបូរកន្លែងអង្គុយណាស់ ដូចនេះហើយមិនបាច់ភ័យរឿងអត់មានកន្លែងអង្គុយទេ។
សម្រាប់ប្រិយមិត្តណាដែលមានអូនៗតូចៗ ប្រហែលជាចូលចិត្តទៅលេងជាន់ទី 2 ដោយសារនៅទីនោះ គេមានជាទោងរំអិលសម្រាប់អូនៗ អាយុក្រោម 15 ឆ្នាំអាចលេងបាន។ នៅជាន់ទី 2 នេះដែរ ក៏គេមានសួនមួយឈ្មោះថា កំសាន្តផាក ដែលសួននេះសាងសង់ឡើងពោរពេញទៅដោយដើមឈើ រុក្ខជាតិ ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងក្មេងលេង មានតង់សម្រាប់ជួល សួនទឹក ជាដើម។ កន្លែងនេះត្រូវជាមួយអ្នកដែលចូលចិត្តថតរូបតែម្តងព្រោះ មានកន្លែងថតរូបច្រើន។
កន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅ AEON III គឺស្ពានកញ្ចក់ដែលមើលទៅធ្លុះដល់ជាន់ក្រោម។ កន្លែងស្ពានកញ្ចក់នេះថតរូបក៏ស្អាតដែរ ថតមកឃើញរូបផ្សារទាំងមូលតែម្តង។ ស្ពានកញ្ចក់នេះដែរទ្របានដល់ទៅ 100 នាក់ឯណោះ ហើយមានប្រវែង 40 ម៉ែត្រ។
សម្រាប់ហាងវិញ និយាយពីថាមិនខ្វះទេ គឺមានហាងច្រើនហើយផ្ទុកបានដល់ទៅ 250 ហាងឯណោះ អ៊ីចឹងគ្នាយើងណារកកន្លែងញ៉ាំ ឬកន្លែងទិញទំនិញដូចជាខោអាវអី អាចទៅលេង AEON III បានមិនខកបំណងទេ។ ប្រសិនបើចង់ដឹងថាគេមានប្រូម៉ូសិនអីខ្លះ អ្នកទាំងអស់គ្នាអាចចូលមើល គេហទំព័រ ឬ Tiktok របស់ AEON មានជ័យផ្ទាល់បាន។
សម្រាប់ទីតាំងរបស់ AEON មានជ័យ គឺស្ថិតនៅលើបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អ៊ីចឹងនៅចាំអីទៀត! អានហើយកុំភ្លេចទៅលេងផងណាគ្នាយើង!