នៅ The Heritage Walk សៀមរាបយើងហ្នឹង មានអីញ៉ាំខ្លះ?
មកដល់សៀមរាប នឹកឃើញចង់ដើរផ្សារទំនើបដែលមានកន្លែងដើរទិញឥវ៉ាន់ ក៏ដូចជាកន្លែងញ៉ាំល្បីៗច្រើនកន្លែងនោះ ប្រាកដជាត្រូវនឹកដល់ផ្សារហេរីថេកវ៉ក (The Heritage Walk) ហើយ។ ឮបែបនេះ ប្រាកដជាចង់ដឹងហើយថា នៅទីនេះមានអ្វីញ៉ាំខ្លះ? ទុកឲ្យ FoodBuzz រៀបរាប់ប្រាប់ណា៎!
- ហាងស៊ុប និងសាច់អាំង
មានដូចជា AKA Cambodia ហាងប៊ូហ្វេសាច់អាំងយ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ ព្រមទាំងរសជាតិឆ្ងាញ់ ជាមួយនឹងឈុតសាច់ជាច្រើនជម្រើស។ ហាងសាច់អាំង បាប៊ីឃ្យូ ផ្លាស្សា Bar B Q Plaza និងហ្រ្គីនសុគីស៊ុប Green Suki Soup ដែលនរណាៗក៏ស្គាល់អំពីរសជាតិទឹកស៊ុប និងទឹកជ្រលក់ប្រចាំហាង ក៏មានវត្តមាននៅទីនេះដែរ។
- ហាងកាហ្វេ និងនំប៉័ង
ហាងធំៗល្បីៗ ដែលជាសំណព្វចិត្តរបស់អ្នកចូលចិត្តកាហ្វេ រួមមាន Starbucks, Café Amazon, Tous les JOURS ក៏មាននៅទីនេះដែរ។
- ហាងតែគុជ
KOI Thé ក៏មានវត្តមាននៅទីនេះផងដែរ ហ្វេនៗហាងតែគុជក៏ល្បីមួយនេះមិនបាច់បារម្ភឡើយ ហើយក៏ជាទីតាំងតែមួយនៅក្នុងខេត្តសៀមរាបផងដែរ។
- ហាងការ៉េម
Swensen’s ក៏មាន Dairy Queen ក៏មានដែរ ពិសេសសម្រាប់អ្នកស្នេហាអ្វីដែលផ្អែមហើយត្រជាក់ និងមានរសជាតិផ្លាស់ប្តូរតាមរដូវកាល។
- ហាងភីហ្សា និងអាហាអ៊ីតាលី
សុទ្ធតែនៅប៉ែកខាងក្រៅ ដែលគ្រាន់តែជិះកាត់ទៅក៏ឃើញច្បាស់តែម្តង មានទាំង The Pizza Company ទាំង Domino’s Pizza អាចចូលញ៉ាំបានតាមតម្រូវការ និងចំណូលចិត្ត។
- ហាងម្ហូបអាស៊ី
និយាយអំពីម្ហូបជប៉ុន គឺមាន The Hashi ចំណែកម្ហូបប៊ូហ្វេកូរ៉េជាមួយស៊ុបតុកពូគី និងអាហាកូរ៉េច្រើនមុខទៀតវិញ មាននៅ Yammy Korea។ តែបើនឹកចង់ម្ហូបថៃល្បីៗពិសេសៗនោះ អាចចូលទៅ De Tummour បាន។ អូ! សម្រាប់អ្នកឃ្លានសាច់មាន់បំពងបែបជប៉ុន និងកូរ៉េ ដឹងតែពេញចិត្តនឹង Kokekokko តែម្តង។
សរុបទៅ គឺ មានច្រើនមុខល្មមម៉ាដើរញ៉ាំឲ្យឆ្អែត ហើយសឹមដើរទិញឥវ៉ាន់ ឬឡើងទៅមើលកុននៅជាន់លើក៏បាន៕